គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ខ្លះ​រង​ការ​រិះគន់​ថា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ជំងឺ

បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​មិន​សូវ​ជឿ​ជាក់​លើ​គ្រូពេទ្យ​ដែល​បម្រើ​ការ​នៅ​តាម​មន្ទីរពេទ្យ​នានា​របស់​រដ្ឋាភិបាល​ទេ។ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ធ្លាប់​បញ្ជូន​ក្រុម​គ្រួសារ​ទៅ​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​របស់​រដ្ឋ តែង​រិះគន់​ថា គ្រូពេទ្យ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ និង​ព្យាបាល​អ្នក​ជំងឺ​ឱ្យ​បាន​ដិត​ដល់​ឡើយ។ ពេល​ខ្លះ អ្នក​ជំងឺ​ស្រាល​ល្មមៗ ក៏​ប្រែ​ក្លាយ​ទៅ​ជា​សភាព​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​ក៏​មាន។
ដោយ ហង្ស សាវយុត
2013-11-09
Share
សម្រាល​កូន​ស្លាប់ បាត់ដំបង ៣០៥ ០១-វិច្ឆិកា-២០១២៖ លោកស្រី ហ៊ឹម វន ជា​ម្ដាយ​ស្ត្រី​រងគ្រោះ​ឈ្មោះ ហង្ស ធាវី ដែល​ស្លាប់​ក្រោយ​ការ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង។
RFA/Soun Sophalmony

តើ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជួប​បញ្ហា​គ្រួសារ​ស្លាប់ ដោយសារ​តែ​គ្រូពេទ្យ​ព្យាបាល​មិន​បាន​ដិត​ដល់​នេះ មាន​ប្រតិកម្ម​យ៉ាង​ណា?

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​រស់​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ កំពុង​ស្វះស្វែង​រក​ជំនួយ​ផ្លូវ​ច្បាប់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​គ្រូពេទ្យ​មួយ​ចំនួន​នៅ​មន្ទីរពេទ្យ​បង្អែក​នៃ​ខេត្ត​នេះ។

ការ​គ្រោង​ដាក់​ពាក្យ​ប្ដឹង​នោះ ដោយសារ​តែ​គេ​អះអាង​ថា ក្រុម​គ្រូពេទ្យ​នៃ​ខេត្ត​ឧត្តរមានជ័យ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ស្ត្រី​ម្នាក់​ដែល​ទើប​តែ​សម្រាល​កូន ឱ្យ​បាន​ត្រឹមត្រូវ រហូត​ធ្វើ​ឱ្យ​ស្ត្រី​រូប​នោះ​ស្លាប់​កាល​ពី​ពេល​ថ្មីៗ។

បុរស​ឈ្មោះ ព្រំ ប្រាក់ ជា​អ្នក​ភូមិ​អូរក្រូច នៅ​តំបន់​ដាច់​ស្រយាល​មួយ​របស់​ខេត្ត​ឧត្តរមានជ័យ។ គាត់​បាន​មាន​ប្រសាសន៍​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ រ៉ូ សុខណា អាយុ ២៣​ឆ្នាំ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា កន្លង​ទៅ បន្ទាប់​ពី​សម្រាល​កូន​ភ្លោះ​បាន ៣​ថ្ងៃ។

លោក ព្រំ ប្រាក់ បាន​មាន​ប្រសាសន៍​ទៀត​ថា កាល​ពី​ចុង​ខែ​តុលា កន្លង​ទៅ ប្រពន្ធ​របស់​លោក​បាន​ទៅ​សម្រាល​កូន​នៅ​ឯ​មន្ទីរពេទ្យ​ស្រុក​អន្លង់វែង បង្កើត​បាន​កូន​ភ្លោះ​ពីរ​នាក់។ លុះ​ពេល​សម្រាល​កូន​ហើយ លោក​ក៏​នាំ​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏ប៉ុន្តែ ៣​ថ្ងៃ​ក្រោយ​ពី​ការ​សម្រាល​កូន គឺ​ប្រពន្ធ​របស់​លោក​ចាប់​ផ្ដើម​មាន​អាការៈ​រឹង​ពោះ និង​ស្ទះ​ដង្ហើម ទំនង​ជា​ពេទ្យ​ឆ្មប​នៅ​ស្រុក​អន្លង់វែង សម្អាត​មិន​ស្អាត។

បុរស​ដដែល​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រពន្ធ​របស់​លោក​មាន​អាការៈ​ដូច​នេះ លោក​ក៏​ប្រញាប់​យក​ទៅ​មន្ទីរពេទ្យ​ស្រុក​អន្លង់វែង ហើយ​មន្ទីរពេទ្យ​ស្រុក​ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត​ឧត្តរមានជ័យ ក៏ប៉ុន្តែ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត​ឧត្តរមានជ័យ គឺ​គ្រូពេទ្យ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ឱ្យ​ដិត​ដល់​ទេ៖ «គ្នា​ស្ទះ​ដង្ហើម ហើយ​ខាក​មក​ចេញ​ឈាម! ប្រាប់​លោក​គ្រូពេទ្យ​ទៅ​ឃើញ​គេ​ចាក់​តែ​ថ្នាំ ហើយ​គេ​បន្តោង​សេរ៉ូម។ ដល់​ពេល​ឈឺ​ខ្លាំង ហៅ​គ្រូពេទ្យ គេ​ដើរ​ធ្វើ​ព្រងើយ គេ​ធ្វើ​ដូច​ឈឺ​ធម្មតា ហើយ​ខ្ញុំ​សុំ​បញ្ជូន​ទៅ​ខេត្ត​សៀមរាប គេ​ថា​ចាំ​គេ​មើល​ឱ្យ​អស់​លទ្ធភាព បាន​គេ​បញ្ជូន។ ដល់​ពេល​អស់​លទ្ធភាព គឺ​អស់​សង្ខារ​បណ្ដោយ»

លោក ព្រំ ប្រាក់ បាន​មាន​ប្រសាសន៍​ថា លោក​មិន​សុខ​ចិត្ត​ចំពោះ​គ្រូពេទ្យ​ខេត្ត​ឧត្តរមានជ័យ ដែល​ព្យាបាល​មិន​យក​ចិត្ត​ទុក​ដាក់ បណ្ដាល​ឱ្យ​ប្រពន្ធ​របស់​លោក​ស្លាប់​នោះ​ទេ គឺ​លោក​នឹង​ស្វែង​រក​ក្រុម​អ្នក​ច្បាប់ ដើម្បី​ជួយ​ជ្រោមជ្រែង​ធ្វើ​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុម​គ្រូពេទ្យ​ទាំង​នោះ ដើម្បី​ទារ​ថ្លៃ​ជំងឺ​ចិត្ត និង​ប្រាក់​ខ្លះ​សម្រាប់​ចិញ្ចឹម​កូន​ភ្លោះ ២​នាក់​តូចៗ​ដែល​ម្ដាយ​ស្លាប់​ចោល៖ «ចង់​ប្ដឹង​ពេទ្យ កុំ​ឱ្យ​ពេទ្យ​ធ្វើ​អ៊ីចឹង​ទៀត។ ចង់​ឱ្យ​គាត់​ផ្ដល់​ជា​ថវិកា ដើម្បី​ជួយ​បី​បាច់​ថែ​រក្សា​កូន​ភ្លោះ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ទាល់ក្រ​អត់​មាន​អី ពឹង​លើ​ប្រពន្ធ ដល់​ប្រពន្ធ​ស្លាប់​បាត់​ទៅ អត់​មាន​ទឹក​ដោះ បាន​អី​ចិញ្ចឹម​កូន»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរពេទ្យ​បង្អែក ខេត្ត​ឧត្តរមានជ័យ គឺ​លោក ឃ្លោក ហួត ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧត្តរមានជ័យ លោក អ៊ុក គឹមសឿន បាន​បដិសេធ​មិន​អធិប្បាយ​អ្វី​ទេ ដោយ​លោក​បាន​ផ្ដាច់​ទូរស័ព្ទ​ពី​ការ​សន្ទនា។

ទោះ​យ៉ាង​ណា ក្រុម​គ្រួសារ​របស់​ស្ត្រី​ដែល​ស្លាប់​នោះ នៅ​តែ​អះអាង​ថា អ្វីៗ​ទាំងអស់​គឺ​សុទ្ធតែ​ជា​កំហុស​គ្រូពេទ្យ តាំង​ពី​ការ​បង្កើត​កូន​ដោយ​សម្អាត​មិន​បាន​ត្រឹមត្រូវ និង​ពេល​កើត​អាការៈ​ធ្ងន់ធ្ងរ ហើយ​នាំ​មក​មន្ទីរពេទ្យ​ម្ដង​ទៀត គឺ​គ្រូពេទ្យ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ជាដើម។

ស្ត្រី​ឈ្មោះ ព្រំ ខេមរី គឺ​ជា​ជីដូន​មួយ​ជាមួយ​ស្ត្រី​ដែល​ស្លាប់​នោះ បាន​មាន​ប្រសាសន៍​ថា បង​ប្អូន​ទាំងអស់​ឃើញ​អាការៈ​អ្នក​ជំងឺ​មិន​ស្រួល ក៏​មាន​ការ​ភិតភ័យ ហើយ​បាន​ហៅ​គ្រូពេទ្យ​មក​ពិនិត្យ ក៏ប៉ុន្តែ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧត្តរមានជ័យ ធ្វើ​ដូច​ជា​ធម្មតា មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ៖ «គាត់​សុខភាព​ល្អ​ទេ ប៉ុន្តែ​គាត់​សម្រាល​កូន​ភ្លោះ​កើត​នៅ​អន្លង់វែង។ កើត​ស្រួល​ធម្មតា ដល់​ពេល​ចេញ​ពី​ពេទ្យ​បាន ៣​ថ្ងៃ​ធ្វើ​ទុក្ខ។ ពួក​ខ្ញុំ​គិត​ថា មក​ពី​ពេទ្យ​មិន​បាន​សម្អាត​ឱ្យ​ស្អាត ហើយ​បក​ទៅ​ពេទ្យ​វិញ​បាន ១​យប់​ស្លាប់។ ពួក​ខ្ញុំ​គិត​ថា កំហុស​មក​ពី​ពេទ្យ​ទាំងអស់ ការ​សម្រាល​ធ្វើ​ឱ្យ​គាត់​ឈឺ​ធ្វើ​ទុក្ខ​ហ្នឹង ក៏​មក​ពី​ពេទ្យ ហើយ​អត់​យក​ចិត្ត​ទុក​ដាក់​បណ្ដាល​ឱ្យ​ស្លាប់​ហ្នឹង ក៏​មក​ពី​ពេទ្យ»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មាន​គម្រោង​នឹង​អង្កេត​ទៅ​លើ​ករណី​នោះ​ឱ្យ​បាន​ឆាប់ៗ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា លោក​ទើប​តែ​ទទួល​បាន​ព័ត៌មាន​នេះ​តាម​រយៈ​ទូរស័ព្ទ ក៏ប៉ុន្តែ​លោក​នៅ​មិន​ទាន់​បាន​ចុះ​ស៊ើប​អង្កេត​នៅ​ឡើយ។

លោក ស្រី ណារ៉េន បាន​បញ្ជាក់​ថា ប្រសិន​បើ​រឿង​នោះ​កើត​ឡើង​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​និយាយ​មែន វា​គឺ​ជា​ការ​ធ្វេស​ប្រហែល និង​មិន​យក​ចិត្ត​ទុក​ដាក់​របស់​គ្រូពេទ្យ​ទៅ​លើ​ជំនាញ​របស់​ខ្លួន។ លោក ស្រី ណារ៉េន បញ្ជាក់​ថា នៅ​ពេល​ខាង​មុខ​ឆាប់ៗ លោក​នឹង​ចុះ​ស្រាវជ្រាវ​ករណី​នោះ ហើយ​បើ​រក​ឃើញ​ដូច​ប្រជាពលរដ្ឋ​អះអាង​មែន គឺ​លោក​នឹង​ជួយ​ជ្រោមជ្រែង​ធ្វើ​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ក្រុម​គ្រូពេទ្យ​ទាំង​នោះ៖ «ប្រសិន​ជា​ដូច​ការ​អះអាង​របស់​សាច់ញាតិ​ជន​រងគ្រោះ​និយាយ​មែន យើង​នឹង​ទទួល​ពាក្យ​បណ្ដឹង ហើយ​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​នឹង​ដាក់​ជូន​ទៅ​ព្រះរាជ​អាជ្ញា​អម​តុលាការ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ឆ្លង​កាត់​ទៅ​លើ​មន្ត្រី​ជំនាញ​ដែល​ធ្វេស​ប្រហែស រហូត​ទុក​ឱ្យ​ជន​រងគ្រោះ​ស្លាប់​នោះ»

លោក ស្រី ណារ៉េន បាន​បញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​ដែល​មាន​ការ​រិះគន់​ទៅ​លើ​គ្រូពេទ្យ​ខេត្ត​ឧត្តរមានជ័យ ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទៅ​លើ​ស្ត្រី ទើប​តែ​សម្រាល​កូន​រហូត​បណ្ដាល​ឱ្យ​ស្លាប់។

ករណី​ស្រដៀង​គ្នា​នេះ ទើប​តែ​កើត​មាន​នៅ​ឯ​ខេត្ត​បាត់ដំបង កាល​ពី​ខែ​មុន។ កាល​ពី​ថ្ងៃ​ទី​១៧-១៨ ខែ​តុលា កន្លង​ទៅ ស្ត្រី​ម្នាក់​ឈ្មោះ ឈើត គឹមឈឿត អាយុ ៣៤​ឆ្នាំ រស់​នៅ​ឃុំ​អូរដំបង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក៏​ត្រូវ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​រដ្ឋ ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​ភ្លាម​ទេ នៅ​ពេល​ដែល​គាត់​ឈឺ​ពោះ​សម្រាល​កូន។ គ្រូពេទ្យ​បាន​ឱ្យ​គាត់​រង់ចាំ​យូរ ដោយ​អះអាង​ថា ធ្វើ​តាម​បច្ចេកទេស​របស់​ពេទ្យ។ ក្រុម​គ្រួសារ​របស់​ស្ត្រី​រូប​នោះ បាន​អះអាង​ថា ដោយសារ​តែ​រង់ចាំ​យូរ ហើយ​គ្រូពេទ្យ​មិន​ព្រម​បង្កើត​បណ្ដាល​ឱ្យ​ទារក​ស្លាប់​នៅ​ក្នុង​ផ្ទៃ។ ក៏ប៉ុន្តែ ស្ត្រី​រូប​នោះ​មាន​ភ័ព្វ​សំណាង​ល្អ ដោយសារ​មាន​សប្បុរសជន​ពី​ក្រៅ​ប្រទេស​ជួយ​ជា​លុយ​កាក់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​ចេញ​ពី​មន្ទីរពេទ្យ​រដ្ឋ ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វិញ​បាន​ដោយ​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល