ដក​ពេទ្យ​ដែល​មិន​ជួយ​សម្រាល​កូន​ឲ្យ​ស្ត្រី​លក់​លៀស​ហាល​ចេញ​ពី​តំណែង

ក្រុម​ប្រឹក្សា​វិន័យ​នៃ​ក្រសួង​សុខាភិបាល បាន​បញ្ឈប់​ការងារ​ពេទ្យ​ឆ្មប​ម្នាក់ នៅ​មន្ទីរពេទ្យ​បង្អែក​សម្ដេច​ឳ ដោយសារ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​មិន​ជួយ​សម្រាល​កូន​ឲ្យ​ស្ត្រី​អ្នក​លក់​លៀស​ហាល​ម្នាក់ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
ដោយ ខែ សុណង
2013-02-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូពេទ្យ​សាក​សួរ​ស្ថានភាព​ជំងឺ​របស់​នាង ជា ចែត ដែល​សម្រាល​កូន​លើ​ថ្នល់​រថភ្លើង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
គ្រូពេទ្យ​សាក​សួរ​ស្ថានភាព​ជំងឺ​របស់​នាង ជា ចែត ដែល​សម្រាល​កូន​លើ​ថ្នល់​រថភ្លើង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Khe Sonorng

ប្រធាន​មន្ទីរពេទ្យ​បង្អែក​សម្ដេច​ឪ លោក​វេជ្ជ​បណ្ឌិត ឡុង នី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ថា មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​សម្រេច​មួយ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៣
ឲ្យ ​កញ្ញា អឿ ពៅពេជ្រ អាយុ ៣៣​ឆ្នាំ ជា​គ្រូ​ពេទ្យ​ឯកទេស​ឆ្មប​មធ្យម បម្រើការ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៅ​មន្ទីរពេទ្យ​បង្អែក​សម្ដេច​ឳ ទៅ​កាន់​ការងារ​រដ្ឋបាល​ការិយាល័យ​ស្រុក​ប្រតិបត្តិ​វិញ មិន​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​ការងារ​បច្ចេកទេស ដើម្បី​ជៀសវាង​នូវ​បញ្ហា​ដូច​គ្នា​នេះ​នៅ​ថ្ងៃ​ក្រោយ​ទៀត។

លោក​មាន​ប្រសាសន៍​ថា អ្នក​គ្រូពេទ្យ​នេះ​បាន​បម្រើការ​នៅ​មន្ទីរពេទ្យ​ជាង ១០​ឆ្នាំ​ហើយ៖ «ឥឡូវ ​បាទ​គេ​ដក​ចេញ​ហើយ ព្រោះ​គាត់​មាន​កំហុស​ដោយសារ​មិន​បាន​ទទួល​អ្នក​ជំងឺ។ គាត់​បាន​សារភាព​ថា គាត់​ភ័យ​ស្លន់ស្លោ​ពេក​ដែល​ឃើញ​អ្នក​ជំងឺ​មក​ចុក​ស្រែក​អូយៗ​អ៊ីចឹង គាត់​ថា គាត់​ភ័យ​មិន​បាន​គិត។ គាត់​បាន​មក (ជិះ) ម៉ូតូ ឲ្យ​ទៅ​ម៉ូតូ​វិញ ឲ្យ​ទៅ​ពេទ្យ​ជប៉ុន។ គាត់​សុំទោស​ថា ខុស​ពី​គាត់ ថា​គាត់​មិន​បាន​ហៅ​ឡាន​សាម៉ុយ​ឲ្យ​ដឹក គាត់​អត់​បាន​ទៅ​ជម្រាប​គ្រូពេទ្យ​គាត់​ទទួល​កំហុស​ខ្លួន​គាត់។ ក្រុម​ប្រឹក្សា​វិន័យ​គេ​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​ឲ្យ​គាត់​លែង​ធ្វើ​ការងារ​ បច្ចេកទេស​ឲ្យ​កាន់​រដ្ឋបាល​ការិយាល័យ​ស្រុក​ប្រតិបត្តិ​វិញ»

ការ​ដក​គ្រូពេទ្យ​នេះ បន្ទាប់​ពី​ស្ត្រី​ឈ្មោះ ជា ចែត អាយុ ២៧​ឆ្នាំ មាន​មុខរបរ​ជា​អ្នក​ស៊ី​ឈ្នួល​បោក​ខោអាវ និង​លក់​លៀស​ហាល រស់​នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ឈឺ​ពោះ​គ្រប់​ខែ​សម្រាល​កូន​ទី​៣ ទៅ​មន្ទីរពេទ្យ​បង្អែក​សម្ដេច​ឳ ស្ថិត​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ហើយ​គ្រូពេទ្យ​ប្រចាំ​ការ​បាន​ដេញ​ឲ្យ​នាង​ទៅ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ ផ្សេង ទើប​នាង​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​សម្រាល​បាន​កូន​ស្រី​ម្នាក់​យ៉ាង​អាសន្ន​នៅ​ លើ​ថ្នល់​រថភ្លើង កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន។

ទន្ទឹម​នឹង​គ្នា​នោះ ក្រសួង​សុខាភិបាល​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​នៅ​មន្ទីរពេទ្យ​បង្អែក​សម្ដេច​ឳ ក្នុង​ករណី​មិន​ទទួល​ខុស​ត្រូវ​នេះ​ជា​បន្ទាន់ រហូត​ឈាន​ដល់​ដក​គ្រូពេទ្យ​ឆ្មប​នេះ​ពី​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល