អ្នក​ជំនាញ​វេជ្ជសាស្ត្រ​មក​ពី​តំបន់​ឥណ្ឌូចិន​ចែក​រំលែក​បទពិសោធន៍​ប្រឆាំង​នឹង​ជំងឺ​សើ​ស្បែក

ដោយ ហង្ស សាវយុត
2015-11-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​វេជ្ជបណ្ឌិត និង​អ្នក​ឯកទេស​ព្យាបាល​ជំងឺ​មក​ពី​ប្រទេស​ឡាវ និង​វៀតណាម ​ទទួល​វត្ថុ​អនុស្សាវរីយ៍​ពី​កម្ពុជា ជា​ម្ចាស់​ផ្ទះ​នៃ​សិក្ខាសាលា​ឥណ្ឌូចិន លើក​ទី​២ ស្ដីពី​ការ​ព្យាបាល​ជំងឺ​សើ​ស្បែក កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៥។
ក្រុម​វេជ្ជបណ្ឌិត និង​អ្នក​ឯកទេស​ព្យាបាល​ជំងឺ​មក​ពី​ប្រទេស​ឡាវ និង​វៀតណាម ​ទទួល​វត្ថុ​អនុស្សាវរីយ៍​ពី​កម្ពុជា ជា​ម្ចាស់​ផ្ទះ​នៃ​សិក្ខាសាលា​ឥណ្ឌូចិន លើក​ទី​២ ស្ដីពី​ការ​ព្យាបាល​ជំងឺ​សើ​ស្បែក កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ក្រុម​វេជ្ជបណ្ឌិត​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​លាន​នាក់​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក កំពុងតែ​ខាត​បង់​ថវិកា​គ្រួសារ ខាត​បង់​ពេល​វេលា​ធ្វើ​ការងារ ព្រមទាំង​ទទួល​ការ​ឈឺ​ចាប់​លើ​រាងកាយ ដោយសារ​តែ​ជំងឺ​សើ​ស្បែក​ជា​ច្រើន​ប្រភេទ​ដែល​ត្រូវតែ​ទទួល​ការ​ព្យាបាល​ដ៏​ចាំបាច់។

កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទៀត​ដែល​មាន​ប្រជាពលរដ្ឋ​ខ្លះ​កំពុង​ជួប​ផល​លំបាក និង​ប្រឈមមុខ​ចំពោះ​បញ្ហា​ជំងឺ​សើ​ស្បែក​ទាំង​នោះ​ដែរ។

កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដឹកនាំ​សិក្ខាសាលា​ឥណ្ឌូចិន​លើក​ទី​២ ដែល​មាន​ក្រុម​វេជ្ជបណ្ឌិត និង​អ្នក​ឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​ចំនួន​ជាង ២០០​នាក់ មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន ចំនួន ១០ បាន​មក​រួម​គ្នា​ដើម្បី​ចែក​រំលែក​ជំនាញ និង​បទពិសោធន៍ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​សើ​ស្បែក​ច្រើន​ប្រភេទ។

ក្រុម​អ្នក​ឯកទេស​ដែល​កំពុង​ជួប​ពិភាក្សា​គ្នា​នៅ​ខេត្ត​សៀមរាប ទាំង​នោះ មាន​មក​ពី​កម្ពុជា ប្រទេស​ឡាវ វៀតណាម ថៃ សិង្ហបុរី ប្រទេស​ម៉ាឡេស៊ី ឥណ្ឌា ជប៉ុន និង​សហរដ្ឋអាមេរិក​ជាដើម។

ប្រធាន​សមាគម​គ្រូពេទ្យ​ព្យាបាល​ជំងឺ​សើ​ស្បែក​កម្ពុជា និង​ជា​សហប្រធាន​នៃ​សិក្ខាសាលា​ឥណ្ឌូចិន លើក​ទី​២ គឺ​លោក​វេជ្ជបណ្ឌិត ច័ន្ទ វិចិត្រ។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​បញ្ចប់​ការ​ថ្លែង​បើក​សិក្ខាសាលា​ស្ដីពី​ជំងឺ​សើ​ស្បែក កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​វិច្ឆិកា ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ដែរ គឺ​ប្រជាពលរដ្ឋ​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​សើ​ស្បែក​ជា​ច្រើន​ប្រភេទ។ នៅ​ប្រទេស​កម្ពុជា ជំងឺ​សើ​ស្បែក​ដែល​គេ​តែង​ជួប​ប្រទះ​ជា​ញឹកញាប់​មាន​ដូចជា ជំងឺ​តាអក ការ​ប្រតិកម្ម​ស្បែក ការ​រលាក​ស្បែក និង​សារធាតុ​អ្វី​ម្យ៉ាង ជំងឺ​បណ្ដាល​មក​ពី​ផ្សិត​សើ​ស្បែក ពពួក​វីរុស (Virus) នៅ​លើ​ស្បែក ប៉ារ៉ាស៊ីត​នៅ​លើ​ស្បែក ជំងឺ​មុន និង​ជំងឺ​ជាំ​មុខ ព្រម​ទាំង​ជំងឺ​ជា​ច្រើន​ប្រភេទ​ទៀត។

លោក​វេជ្ជបណ្ឌិត ច័ន្ទ វិចិត្រ មាន​ប្រសាសន៍​ទៀត​ថា ក្នុង​ការ​ជួប​ប្រជុំ​រវាង​ក្រុម​វេជ្ជបណ្ឌិត និង​អ្នក​ជំនាញ​ខាង​ព្យាបាល​ជំងឺ​មក​ពី​ច្រើន​ប្រទេស​ពេល​នេះ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ចែក​រំលែក​បទពិសោធន៍​គ្នា​សម្រាប់​ការ​ព្យាបាល​ជំងឺ​សើ​ស្បែក។

លោក ច័ន្ទ វិចិត្រ បញ្ជាក់​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា នៅ​មាន​បញ្ហា​ចំពោះ​ការ​ព្យាបាល​ជំងឺ​សើ​ស្បែក​មួយ​ចំនួន ដោយសារតែ​មិន​ទាន់​មាន​លទ្ធភាព​ព្យាបាល។ លោក​រំពឹង​ថា កម្ពុជា​អាច​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មីៗ និង​ជំនាញ​ព្យាបាល​ពី​អ្នក​ឯកទេស​អន្តរជាតិ ក្នុង​ការ​ព្យាបាល​ជំងឺ​សើ​ស្បែក​បន្ថែម​ទៀត​តាម​រយៈ​ការ​ចែក​រំលែក​បទពិសោធន៍​គ្នា​នេះ៖ «ជា​ទូទៅ​ជំងឺ​អី​ក៏​គេ​ព្យាបាល​បាន​ដែរ គ្រាន់តែ​ប្រទេស​យើង​ដើរ​ក្រោយ​គេ យើង​អត់​ទាន់​មាន​លទ្ធភាព​ព្យាបាល។ លទ្ធភាព​មាន​ន័យ​ថា ទាក់ទង​នឹង​ថវិកា ទាក់ទង​នឹង​ឱសថ ដែល​ទើបតែ​រក​ឃើញ​ថ្មីៗ​ដែល​គេ​ប្រើ»

​ក្រុម​អ្នក​ឯកទេស​ផ្នែក​ព្យាបាល​ជំងឺ​សើ​ស្បែក​មក​ពី​ប្រទេស​ជប៉ុន លោក ហ្វ្រង់ស្វ័រ (Frangio) បាន​បង្ហាញ​អំពី​ការ​ព្យាបាល​ជំងឺ​សើ​ស្បែក​ដោយ​ប្រើ​បច្ចេកទេស​ថ្មី ដូចជា​ជីមតេរ៉ាហ្វី និង​កាំរស្មី​ឡាស៊ែរ ជាដើម ដែល​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន មិន​ទាន់​មាន​ប្រើ​នៅ​ឡើយ។

អ្នក​ឯកទេស​ព្យាបាល​ជំងឺ​សើ​ស្បែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត លោក​វេជ្ជបណ្ឌិត ព្រំ ផានិត មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​កម្ពុជា នៅ​មាន​បញ្ហា​កង្វល់​លើ​ការ​ព្យាបាល​ជំងឺ​សើ​ស្បែក​មួយ​ចំនួន​នៅ​ឡើយ ដូច​ជា​ជំងឺ​រលាក​ស្បែក ជំងឺ​កើត​មុន ជំងឺ​ស្បែក​ប្រតិកម្ម​ដោយសារ​ការ​ប្រើ​ថ្នាំពេទ្យ និង​ជំងឺ​រ៉ាំរ៉ៃ​ម្យ៉ាង​ទៀត ដែល​ប្រជាពលរដ្ឋ​រស់​នៅ​ទី​ជនបទ​មិន​បាន​ដឹង។ លោក​វេជ្ជបណ្ឌិត ព្រំ ផានិត បញ្ជាក់​ថា បើ​ទោះ​ជំងឺ​សើ​ស្បែក​នេះ លោក​មិន​ដឹង​ពី​ចំនួន​ស្ថិតិ​ជាតិ​ថា មាន​ប៉ុន្មាន​ករណី​ច្បាស់លាស់​ក៏ដោយ ក៏​លោក​តែ​ជួប​ប្រទះ​រាប់​ពាន់​នាក់​ក្នុង​១​ឆ្នាំៗ។

លោក​វេជ្ជបណ្ឌិត ព្រំ ផានិត ពន្យល់​ថា ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​តែង​គិត​ថា ជំងឺ​សើ​ស្បែក គឺ​គ្រាន់តែ​ជា​ជំងឺ​ធម្មតា ក៏ប៉ុន្តែ​ជំងឺ​ខ្លះ​វា​មិន​ដូច​ការ​គិត​នោះ​ទេ គឺ​វា​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ស្លាប់​បាន ប្រសិនបើ​មាន​ការ​ព្យាបាល​មិន​ទាន់​ពេល៖ «ជំងឺ​ស្បែក​ហ្នឹង​ដំបូង​យើង​គិត​ថា ធម្មតា ប៉ុន្តែ​បើ​យើង​ធ្វើ​ការ​សិក្សា​ព្យាបាល​បទពិសោធន៍​មក ជា​ជំងឺ​មួយ​ដែល​រំខាន ដូចជា​ជំងឺ​មួយ​ចំនួន​ដែល​គាត់​ប្រើ​ថ្នាំ​ទៅ​វា​មាន​ប្រតិកម្ម​ចេញ​កន្ទួល​មក​ពេញ​ខ្លួន»

​លោក​វេជ្ជបណ្ឌិត ព្រំ ផានិត ពន្យល់​ទៀត​ថា ជំងឺ​សើ​ស្បែក​ត្រូវ​បែង​ចែក​ជា​២ គឺ​ទី​១ វា​គ្រាន់តែ​ជា​ការ​រលាក​ទាក់ទង​នឹង​ស្បែក​ខាង​ក្រៅ​សុទ្ធសាធ ប៉ុន្តែ​ជំងឺ​សើ​ស្បែក​ខ្លះ​ទៀត គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ក្នុង ដូចជា​ជំងឺ​តម្រង​នោម និង​ជំងឺ​ថ្លើម​ជាដើម ក៏​វា​ធ្វើ​ឱ្យ​ស្បែក​មាន​បញ្ហា​ដែរ។

ក្រុម​វេជ្ជបណ្ឌិត និង​អ្នក​ឯកទេស​បរទេស​មួយ​ចំនួន​បាន​ចាត់​ទុក​ជំងឺ​ហង់ស៊ិន និង​ជំងឺ​ឃ្លង់ ក៏​ជា​ប្រភេទ​នៃ​ជំងឺ​សើ​ស្បែក​ដែល​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​យ៉ាង​ត្រឹមត្រូវ និង​ប្រើ​រយៈពេល​វែង​ដែរ។ នៅ​ប្រទេស​កម្ពុជា ក្រសួង​សុខាភិបាល និង​អង្គការ​ជា​ដៃគូ​ជា​ច្រើន​បាន​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​ហង់ស៊ិន និង​ជំងឺ​ឃ្លង់ ក្នុង​ផែនការ​ថ្នាក់​ជាតិ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

នាយក​មជ្ឈមណ្ឌល​ជាតិ កម្ចាត់​ជំងឺ​របេង និង​ហង់ស៊ិន របស់​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ជំងឺ​ហង់ស៊ិន និង​ជំងឺ​ឃ្លង់ មិន​មាន​កម្រិត​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទៀត​ទេ ពីព្រោះ​កម្ពុជា បាន​ធ្វើ​ឱ្យ​ជំងឺ​ហង់ស៊ិន និង​ឃ្លង់​បាន​ចុះ​ទាប តាំង​តែ​ពី​អំឡុង​ឆ្នាំ​១៩៩៨ មក។ ក៏ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក្តី ក៏​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ នៅ​មាន​កើត​ជំងឺ​ហង់ស៊ិន ជា​ករណី​ថ្មី ប្រមាណ​ជា ៣០០​ករណី ក្នុង ១​ឆ្នាំៗ​នៅ​ឡើយ។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បញ្ជាក់​ថា លោក​មិន​មែន​ជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​សើ​ស្បែក​ទេ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា ក៏​លោក​មិន​ចាត់​ទុក​ប្រភេទ​ជំងឺ​ឃ្លង់ និង​ហង់ស៊ិន ថា​ជា​ជំងឺ​សើ​ស្បែក​ធ្ងន់ធ្ងរ​ជាង​គេ​ទេ គឺ​វា​គ្រាន់តែ​ជា​ជំងឺ​ដែល​រំខាន​ដល់​អារម្មណ៍ និង​រំខាន​ពេល​វេលា​ធ្វើ​ការងារ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ៖ «គ្រាន់​ថា​ជា​ជំងឺ​មួយ​ដែល​អាច​ឱ្យ​អ្នក​ជំងឺ​រង​ទុក្ខ​វេទនា បើសិនជា​យើង​ធ្វើការ​រក​ឃើញ​មិន​ទាន់​ពេល​វេលា ឬ​ក៏​ផ្ដល់​ថ្នាំ​ព្យាបាល ឱ្យ​ទាន់​ពេល​វេលា​ទេ»

លោក​វេជ្ជបណ្ឌិត ព្រំ ផានិត យល់​ថា កម្ពុជា​កំពុង​ប្រឹងប្រែង​សម្រាប់​អនាគត​នៅ​លើ​គោលដៅ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សុខភាព​ល្អ ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ ពីព្រោះ​ថា ជំងឺ​ទាំង​ឡាយ​មិន​ថា​ជា​ប្រភេទ​អ្វី​ទេ គឺ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខាត​បង់​ថវិកា​គ្រួសារ​សម្រាប់​ព្យាបាល ខាត​បង់​ពេល​វេលា​ធ្វើ​ការងារ ដោយសារ​តែ​ជំងឺ​ខ្លះ​ត្រូវ​ការ​ពេល​ព្យាបាល​ខ្លី និង​ខ្លះ​ទៀត ត្រូវ​ការ​ពេល​ព្យាបាល​រយៈពេល​យូរ​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល