ពលរដ្ឋ​ជិត​១០០​នាក់​ទៅ​ព្យាបាល​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2014-12-18
Share
អគារ​ភ្នែក​ខេត្ត​កំពង់ឆ្នាំង ៦២០ អគារ​ភ្នែក​ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤
RFA/Chin Chetha

ពលរដ្ឋ​ប្រមាណ ១០០​នាក់ បាន​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង។ វេជ្ជបណ្ឌិត​ផ្នែក​ចក្ខុរោគ​ឲ្យ​ដឹង​ថា អ្នក​មក​ទទួល​សេវា​ព្យាបាល​ភាគ​ច្រើន គឺ​ជា​អ្នក​ដែល​មាន​បញ្ហា​ភ្នែក​ឡើង​បាយ ទឹក​ដក់​ក្នុង​ភ្នែក និង​បញ្ហា​កម្ទេច​ខ្ទាត់​ប៉ះ​ចំ​កញ្ចក់​កែវ​ភ្នែក។

បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​ខ្លះ​ព្រួយ​បារម្ភ និង​ផ្ដល់​អនុសាសន៍​ដល់​អ្នក​ដែល​មាន​បញ្ហា​ភ្នែក​បែប​នេះ ត្រូវ​រួសរាន់​រក​សេវា​ពិគ្រោះ និង​ព្យាបាល​បន្ទាន់ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ពិការ​ភាព។

ប្រធាន​អគារ​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង អំពាវនាវ​ដល់​ពលរដ្ឋ​ទូទៅ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​ជំងឺ​ភ្នែក និង​ការ​ប៉ះ​ទង្គិច​លើ​កញ្ចក់​ភ្នែក ដែល​ទុក​យូរ​ទៅ​បណ្ដាល​ឲ្យ​ដំបៅ​ខូច​ភ្នែក។

ក្រុម​គ្រូពេទ្យ​ផ្នែក​ចក្ខុរោគ​ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ ឌឹ ហ្វ្រេត ហូឡូ អូស្ត្រាលី (The Fred Hollows Foundation) បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ចំនួន ២​ដង​នៅ​មន្ទីរពេទ្យ និង ២​ដង​ទៀត​នៅ​មូលដ្ឋាន​ក្នុង​១​ឆ្នាំ។

ប្រធាន​អគារ​ចក្ខុរោគ លោក​វេជ្ជបណ្ឌិត ឈុន ម៉េងជ្រា មាន​ប្រសាសន៍​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​លើក​ទី​៣​ក្នុង​ឆ្នាំ​២០១៤ គិត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ មាន​អ្នក​មក​ទទួល​សេវា​ចំនួន ៩៣​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​វះ​កាត់​ចំនួន ៨​នាក់ ហើយ​អ្នក​ជំងឺ​អាច​នឹង​កើន​ដល់​ជាង ១០០​នាក់ រហូត​ដល់​ថ្ងៃ​បញ្ចប់​នៃ​ការ​ព្យាបាល​ដោយ​ឥត​បង់​ថ្លៃ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤។ លោក​បន្ត​ថា ចំនួន​អ្នក​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​តិច​ជាង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ ដែល​មាន​ចំនួន ២០០​នាក់ ក្នុង​នោះ​បាន​វះ​កាត់​ចំនួន ៥០​នាក់ ប៉ុន្តែ​លើក​នេះ​មាន​អ្នក​ជួប​បញ្ហា​កម្ទេច ឬ​ស្រូវ​ប៉ះ​ភ្នែក​មាន​ច្រើន​ករណី៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​យើង​ទាំងអស់​គ្នា​ដែល​មាន​បញ្ហា​ភ្នែក ត្រូវ​ស្រូត​រូត​មក​មន្ទីរពេទ្យ​ភ្នែក មិន​មែន​តែ​ខេត្ត​កំពង់ឆ្នាំង ទេ ទូទាំង​ប្រទេស រដ្ឋាភិបាល​បាន​ខិតខំ​បង្កើត​អគារ​ចក្ខុរោគ​ទាំងអស់ ដើម្បី​លើក​កម្ពស់​សុខភាព​ភ្នែក»

ប្រជាពលរដ្ឋ​មាន​បញ្ហា​ភ្នែក​ម្នាក់​មក​ពី​ឃុំ​កោះថ្កូវ ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង កញ្ញា វ៉ែន វិន ឲ្យ​ដឹង​ថា ភ្នែក​ខាង​ឆ្វេង​របស់​កញ្ញា ត្រូវ​ដើម​ស្រូវ​ជង់​ចំ ពេល​ច្រូត​ស្រូវ​នៅ​វាល​ស្រែ​កាល​ពី​ជិត ២​សប្ដាហ៍​មុន។ បន្ទាប់​ពី​ហេតុការណ៍​នោះ ម្ដាយ​របស់​កញ្ញា​បាន​ហៅ​គ្រូ​ខ្មែរ​ឲ្យ​មក​ផ្លុំ​គ្រាន់​បាន​ធូរ​បន្តិច ប៉ុន្តែ​កញ្ចក់​ភ្នែក​បែរ​ឡើង​ប៉ោង​ក្រហម ទើប​នាង​សម្រេច​មក​រក​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​វិញ​ម្ដង។

លោក​វេជ្ជបណ្ឌិត ឈុន ម៉េងជ្រា បញ្ជាក់​ថា នៅ​ពេល​មាន​បញ្ហា​វត្ថុ​រឹង​ជង់ ឬ​ប៉ះ​ទង្គិច​ភ្នែក ហើយ​ទុក​យូរ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ អាច​ទៅ​ជា​រលាក​កញ្ចក់​ភ្នែក ឬ​ដំបៅ​ខូច​ភ្នែក​តែ​ម្ដង។ លោក​រំឭក​ថា កាល​ពី​ឆ្នាំ​១៩៩៩ ដែល​អគារ​ភ្នែក​ខេត្ត​កំពង់ឆ្នាំង ទើប​បើក​ដំណើរ​ការ​មាន​ពលរដ្ឋ​ចំនួន ៣៤​នាក់​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​បាន​មក​ពិនិត្យ និង​ព្យាបាល​ភ្នែក ប៉ុន្តែ​ការ​យល់​ដឹង និង​ចំនួន​អ្នក​មក​ទទួល​សេវា​ពិនិត្យ ឬ​ព្យាបាល​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ចាប់​ពី​ឆ្នាំ​២០០៣ រហូត​មក​ដល់​បច្ចុប្បន្ន ចំនួន​អ្នក​ស្វែងរក​សេវា​ពិនិត្យ និង​ព្យាបាល​ភ្នែក​មាន​ពី ៦​ពាន់​នាក់ ទៅ ៨​ពាន់​នាក់​ក្នុង​១​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល