កម្ពុជា​បន្ត​ប្ដេជ្ញា​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​ទោះ​អត្រា​នៃ​ការ​កើត​ជំងឺ​នេះ​ថយ​ចុះ​ក្ដី

ដោយ ម៉ៅ សុធានី
2019-04-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករដ្ឋមន្ត្រី ហ៊ុន សែន
នាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

កម្ពុជា​ប្រកាស​ប្ដេជ្ញា​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​គ្រុនចាញ់​ពិភពលោក នៅ​ថ្ងៃ​ទី២៥ ខែ​មេសា ខាង​មុខ។

សារលិខិត​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ដែល​ត្រូវ​បាន​កាសែត​ក្នុងស្រុក​ដកស្រង់​សំដី នៅ​ថ្ងៃទី១៨ ខែ​មេសា​នេះ ឱ្យ​ដឹង​ថា អត្រា​នៃ​ការ​កើត​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា ត្រូវ​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​មិន​ត្រូវ​ភ្លេច​ខ្លួន​ទៅ​នឹង​លទ្ធផល​នេះ​ទេ ប៉ុន្តែ​ប្ដេជ្ញា​ជំរុញ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​នេះ ឱ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ជាង​មុន តាមរយៈ​ការ​ផ្ដល់​លទ្ធភាព​និង​លើកទឹកចិត្ត ឱ្យ​មាន​ចលនា​កៀរគរ​ប្រមូល​ប្រភព​ធនធាន ដើម្បី​លុបបំបាត់​សត្វ​មូស​ដែក​គោល​ញី​ដែល​បន្ត​មាននៅ​ក្នុង​ព្រៃ និង​តំបន់​ជុំវិញ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ។

កម្ពុជា​នឹង​រៀបចំ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា នៅ​ភូមិ​អូយ៉េស ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ក្រោម​អធិបតីភាព​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ម៉ម ប៊ុនហេង។

របាយការណ៍​ប្រចាំ​ឆ្នាំ ក្នុង​សេវា​សុខាភិបាល​សាធារណៈ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បង្ហាញ​ថា អត្រា​ជំងឺគ្រុនចាញ់​ប្រទេស​កម្ពុជា មក​ទល់​ឆ្នាំ​២០១៨ បាន​ថយ​ចុះ ៨៥% និង​ករណី​ស្លាប់​បាន​កាត់​បន្ថយ ៩៩%។ ក្នុង​អំឡុង​ឆ្នាំ​២០១៨ គឺ​គ្មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ទេ ហើយ​ករណី​ទាំងនោះ​ជាង ៧០% គឺជា​ប្រភេទ​ជំងឺ​ស្រាល។

របាយការណ៍​បន្ត​ថា មុន​ឆ្នាំ​២០១១ អ្នក​កើត​ជំងឺគ្រុនចាញ់​មាន​ជាង ១៧​ម៉ឺន​ករណី និង​​ស្លាប់​​ចន្លោះ​​ពី​​ជាង ​៥០០​នាក់ ដល់​ជិត​ ៩០០​រយ​​នាក់​​ក្នុង​​មួយ​ឆ្នាំៗ។ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១១ អ្នក​កើត​ជំងឺគ្រុនចាញ់ បាន​ចុះថយ​មក​ត្រឹម​ចំនួន​ជាង ៦​ម៉ឺន ៥​ពាន់​ករណី និង​មាន​អ្នក​ស្លាប់​ចំនួន​ជាង ៩០​នាក់​។ ហើយ​កាលពី​ឆ្នាំ​២០១២ អ្នក​កើត​ជំងឺគ្រុនចាញ់ មាន​ចំនួន​ជាង ៤​ម៉ឺន ៦​ពាន់​នាក់ និង​មាន​​អ្នក​​ស្លាប់ ៤៤​នាក់។

អ្នក​កើត​ជំងឺគ្រុនចាញ់​ភាគច្រើន​ គឺ​មាន​អាយុ ចន្លោះ​ពី ​១៥​ឆ្នាំ ទៅ ​៤៩​ឆ្នាំ ហើយ​អត្រា​ខ្ពស់​នៃ​អ្នក​កើត គឺ​នៅ​ខេត្ត​ក្រចេះ មណ្ឌលគិរី និង​ខេត្ត​រតនគីរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល