អ្នក​​ជាប់ឃុំ​ដំបូង​​គេ​​ស្លាប់​​ដោយ​​សារ​​ជំងឺ​កូវីដ​១៩​ នៅ​​ពន្ធនាគារ​​ខេត្ត​កំពង់ស្ពឺ​

ដោយ ហេង រស្មី
2021-05-31
Share
អ្នក​​ជាប់ឃុំ​ដំបូង​​គេ​​ស្លាប់​​ដោយ​​សារ​​ជំងឺ​កូវីដ​១៩​ នៅ​​ពន្ធនាគារ​​ខេត្ត​កំពង់ស្ពឺ​ ទិដ្ឋភាពនៅក្នុងបរិវេណពន្ធនាគារខេត្តកំពង់ស្ពឺដែលអះអាងថា មានអ្នកទោសស្ត្រីវ័យ ៦៦ ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារខេត្តកំពង់ស្ពឺ។

អ្នកជាប់ឃុំ​​ដំបូង​គេ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ស្លាប់​​ដោយ​សារ​ជំងឺ​កូវីដ​១៩​។​ មន្ត្រី​សង្គម​ស៊ីវិល​​ទទូច​​ឱ្យ​​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​​ក្រសួង​​មហាផ្ទៃ​​គួរ​​តែ​​ដោះ​​លែង​​អ្ន​ក​ជាប់​ឃុំ​​ស្រាល​ៗ​ និង​​ជិត​​ផុត​​កំណត់​​នៃ​​ការ​​ឃុំ​ខ្លួន​ ដើម្បី​​សម្រួល​ដល់​ភាព​​ចង្អៀត​ណែន​​ក្នុង​​ពន្ធនាគារ​ ស្រប​ពេល​​ជំងឺ​​កូវីដ​១៩​ បាន​​ឆ្លង​​ចូល​​ក្នុង​​ពន្ធនាគារ​កាន់​តែ​ច្រើន​​ឡើង។​

មន្ត្រី​សុខាភិបាល​​បាន​និយាយ​ថា​ សព​អ្នក​ជាប់ឃុំ​ ដែល​មាន​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ បានបូជា​ភ្លាមៗ​​ក្រោយ​​ពី​​ជន​រងគ្រោះ​ស្លាប់​​បាត់​​បង់​​ជីវិត​ ហើយ​​សមាជិក​​ក្រុម​​គ្រួសារ​​ក៏​​គ្មាន​​ឱកាស​​យក​​សព​​ទៅ​​ធ្វើ​បុណ្យ​​តាម​​ប្រពៃ​ណី​​ដែរ។​

ប្រធាន​​មន្ទីរ​សុខាភិបាល​​ខេត្ត​កំពង់ស្ពឺ​លោក​វេជ្ជបណ្ឌិត​​ ហុក គ្រី​ ប្រាប់​អាស៊ីសេរី​ កាល​ពី​យប់ថ្ងៃ​ទី​៣១​ ខែឧសភា​ ថា​លោក​ស្រី​ ឡាំ សុខា​ អាយុ​ ៦៦​ ឆ្នាំ​ ស្លាប់​ពេល​ដែល​​​កំពុង​​ជាប់​​ឃុំឃាំង​ នៅ​ក្នុង​​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​។​ លោក​បន្ថែម​ថា​ លោក​ស្រី​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​រក​ឃើញ​ថា​ មាន​វិជ្ជមាន​​ជំងឺ​កូវីដ​១៩​ កាល​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ ហើយ​លោក​ស្រី​បាន​ស្លាប់​ដោយ​សារ​មាន​ជំងឺ​ប្រចាំ​កាយ​​ជា​ច្រើន ហេតុ​ដូច្នេះ​ហើយ​​បាន​ជា​​ក្រុម​គ្រូពេទ្យ​មិន​អាច​​ជួយ​​សង្គ្រោះ​​បាន៖ «មូលហេតុ​នៃ​ការ​​ស្លាប់​ហ្នឹង​ទី​មួយ​គាត់​ចាស់​ ទី​២​គាត់​មាន​ប្រវត្តិ​មហារីក​។​ គាត់​កំពុង​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​នៅ​ជាប់​ខ្លួន​ ហើយ​ទី​៣​ សភាព​គាត់​ នៅ​ក្នុង​ពន្ធនាគារ​ ពេល​ដែល​​យើង​រក​ឃើញ​ហ្នឹង​គាត់​មាន​សភាព​ធ្ងន់​ ហត់​ ដង្ហក់»។​

លោក​វេជ្ជបណ្ឌិត​ ហុក គ្រី​ ​បញ្ជាក់​ថា​ អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​មិន​ទាន់បាន​ចាក់​វ៉ាក់​សាំង​នៅ​ឡើយ​ទេ។ ​ ទោះ​ជា​យ៉ាងណា​ លោក​មិន​បាន​​បញ្ជាក់​ថា តើមាន​​អ្នក​ជាប់ឃុំ​ប៉ុន្មាន​នាក់​ឆ្លង​ជំងឺកូវីដ​១៩ទេ​។ ​

​មន្ត្រី​​អង្គការ​​សង្គម​​ស៊ីវិលថ្លែង​ថា ​​​រដ្ឋាភិបាល​គួរតែ​​ប្រញាប់​​ដោះស្រាយ​បញ្ហា​នេះ​​ជា​បន្ទាន់​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​​ធ្ងន់ធ្ងរ​​ជាង​​នេះ​។

នាយករង​ផ្នែក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក​ អំ សំអាត​ មាន​ប្រសាសន៍​​ថា ​​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួង​​មហាផ្ទៃ​​គួរ​តែ​​ដោះ​លែង​​អ្ន​ក​​ទោស​ស្រាល​ៗ​ និង​ជិត​ផុត​កំណត់​នៃ​ការ​ឃុំ​ខ្លួន​ ដើម្បី​សម្រួល​ដល់​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ ស្រប​ពេល​ជំងឺ​កូវីដ​១៩​ បាន​ឆ្លង​ដល់​អ្នក​ជាប់ឃុំ​រាប់​រយ​នាក់​​នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​ទៀត​ មាន​រួច​ទៅ​ហើយ។

លោក​​ថា​ សង្គម​ស៊ីវិល​តែងតែ​រំលឹក​ដល់​ក្រសួង​មហាផ្ទៃ​ឱ្យ​គិត​គូរ​ពី​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​តាំង​ពី​ជំងឺ​កូវីដ​១៩​ មិន​ទាន់​បាន​វាយលុក​ចូល​ទៅ​ក្នុង​ពន្ធនាគារ​​ទៅ​​ទៀត​។​ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​ហាក់​មិន​ខ្វាយខ្វល់​ពី​ក្ដី​បារម្ភ​របស់​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ចំពោះ​បញ្ហា​នេះ៖ «​គឺ​យើង​មាន​សំណូមពរ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ភាព​ចង្អៀត​ណែន​ ហ្នឹង​ដោយ​ ទី​មួយ​ទាក់​ទង​នឹង​តុលាការ​សុំ​ឱ្យ​ ជម្រើស​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​បន្ត​ទៀត​ហ្នឹង​គឺ ជា​ជម្រើស​ចុង​ក្រោយ​ បាន​ន័យ​ថា​ត្រូវ​អនុវត្ត​ជម្រើស​ការ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​ជា​ជម្រើស​ទី​មួយ​ អ្នក​ដែល​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ទាល់តែ​តម្រូវ​ការ​ចាំ​បាច់​»។​

ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​លោក​ ព្រំ ចាន់នី​ បាន​បដិសេធ​មិន​ឆ្លើយ​ទៅ​នឹង​សំនួរ​របស់​អាស៊ីសេរី​ ដោយ​លោក​បាន​បង្វែរ​សំនួរ​​ទៅ​​សួរ​​ខាង​ លោក​ នុត សាវនា​ វិញ៖ «តេ​ទៅ​ឯក​ឧត្តម​នុត សាវនា​ គាត់​អ្នក​នាំ​ពាក្យ​ខ្ញុំ​អត់​មាន​សិទ្ធិ​ទេ»។​​​

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​លោក​ នុត​ សាវនា​ បាន​នៅ​ឡើយ​ទេ​ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។​

​មន្ត្រី​ក្រសួង​សុខាភិបាល​ បាន​រក​ឃើញ​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​ជាង​​ ២៥០​ នាក់​បន្ថែម​ទៀត ​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​ធ្វើ​ឱ្យ​​អ្នក​ឆ្លង​​នៅ​ក្នុង​មន្ទីរឃុំឃាំង​ខេត្ត​នេះ​សរុប​បាន​កើន​ឡើង ​​៣៦៩ ​នាក់​ហើយ ​គិត​ត្រឹម​ថ្ងៃទី​៣១​ ខែឧសភា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល