ក្រសួងកសិកម្ម រកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬ African Swine Fever កើតមាននៅស្រុកខ្មែរ ជាលើកដំបូង នៅខេត្តរតនគីរី ជាប់ព្រំដែនវៀតណាម។
សារព័ត៌មានរ៉យទ័រ (Reuters) ផ្សាយកាលពីថ្ងៃទី ០៣ ខែ មេសា ដកស្រង់ប្រភពពីអង្គការសុខភាពសត្វពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង (អង្គការ OIE) ដែលដកស្រង់ប្រភពបន្ត ពីក្រសួងកសិកម្មកម្ពុជា បញ្ជាក់ថា ជំងឺប៉េសជ្រូកអាហ្វ្រិកនេះ បានផ្ទុះឡើង តាំងពីថ្ងៃទី២២ ខែ មីនា មកម្ល៉េះ នៅក្នុងខេត្តរតនគីរី ដែលធ្វើឲ្យជ្រូកប្រមាណ ៤០០ ក្បាលងាប់។ ជ្រូក ១០០ក្បាលទៀត ត្រូវសម្លាប់ និងកម្ទេចចោល។
អាស៊ីសេរី នៅមិនទាន់អាចទាក់ទងមន្រ្តីនាំពាក្យក្រសួងកសិកម្ម ដើម្បីសុំបំភ្លឺបន្ថែមករណីនេះ បាននៅឡើយទេ។ ប៉ុន្តែ ក្រសួងកសិកម្ម និងតំណាងសមាគម ព្រមទាំងក្រុមហ៊ុនកសិកម្ម បានបើកកិច្ចពិភាក្សាធំមួយ ក្នុងសិក្សាសាលាថ្នាក់ជាតិ នៅខេត្តកំពង់ចាម រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ មីនា ដើម្បីពិនិត្យមើលបញ្ហា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលកំពុងរីករាលដាលខ្លាំង នៅប្រទេសវៀតណាមភាគខាងជើង។ ជំងឺប៉េសជ្រូកនេះ ផ្ទុះឡើងនៅខេត្តចំនួន ១៧ នៅទូទាំងប្រទេសវៀតណាម។
ពលរដ្ឋរស់នៅតាមតំបន់ព្រំដែន តែងតែសម្ដែងក្តីព្រួយបារម្ភ អំពីការនាំជ្រូកដែលមានជំងឺពីប្រទេសវៀតណាម ចូលមកកម្ពុជា។ ពួកគាត់ នៅអះអាងថា អាជ្ញាធរកម្ពុជា នៅតែបណ្ដោយឱ្យនាំចូលជ្រូកពីវៀតណាម មកកាន់ប្រទេសកម្ពុជា ស្របពេលដែលអាជ្ញាធរវៀតណាមបានសម្លាប់ជ្រូក និងដុតចោល អស់រាប់ពាន់ក្បាល បន្ទាប់ពីរកឃើញថា កើតជំងឺជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ៕