អ្នក​ឃុំ​រកា​ទទួល​ការ​អប់រំ​​កុំ​ឲ្យ​​រើសអើង​អ្នក​ផ្ទុក​មេរោគ​អេដស៍

ដោយ ហ៊ុំ ចំរើន
2015-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វេទិកា​សហគមន៍​ដើម្បី​កាត់​បន្ថយ​ការ​រើសអើង​ដល់​គ្រួសារ​របស់​អ្នក​ផ្ទុក​មេរោគ នៅ​វត្ត​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។
វេទិកា​សហគមន៍​ដើម្បី​កាត់​បន្ថយ​ការ​រើសអើង​ដល់​គ្រួសារ​របស់​អ្នក​ផ្ទុក​មេរោគ នៅ​វត្ត​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Hum Chamroeun

អង្គការ​បណ្ដាញ​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ក្នុង​​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ធ្វើ​វេទិកា​សហគមន៍​មួយ​ ដើម្បី​កាត់​បន្ថយ​ការ​មាក់ងាយ និង​​រើសអើង​ដល់​​​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ២០០​នាក់​ នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ក្នុង​វេទិកា​នេះ​ មាន​ការ​ដាក់​តាំង​ពិព័រណ៍​​រូបភាព​មួយ​ចំនួន​របស់​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែរ​​ ដើម្បី​ឲ្យ​អ្នក​ចូល​រួម​យល់​ដឹង​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់។

អ្នក​ផ្ទុក​មេរោគ​អេដស៍​ ភាគ​ច្រើន​លើក​ឡើង​ពី​ទុក្ខ​លំបាក​ខ្វះ​ខាត​ថវិកា​ដោះស្រាយ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ដោយ​សារ​ពុំ​មាន​លទ្ធភាព​រក​ប្រាក់ចំណូល​​ដូច​កាល​ពុំ​ទាន់​មាន​មេរោគ​នេះ​នៅ​ក្នុង​ខ្លួន។

អ្នក​ផ្ទុក​មេរោគ​អេដស៍​​មួយ​ចំនួន​ថ្លែង​ថា ពួកគាត់​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​សហគមន៍​នេះ​ ដែល​​​អង្គការ​បណ្ដាញ​អ្នក​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍​កម្ពុជា​ បាន​គិតគូរ​ពី​សុខទុក្ខ​របស់​ពួកគាត់។

អ្នក​ភូមិ​បញ្ជាក់​ថា​ ចាប់​តាំង​ពី​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ខ្លួន​មក ​​ពុំ​មាន​កម្លាំង​កំហែង​ចេញ​ទៅ​ធ្វើ​ការ​រក​ប្រាក់​ចំណូល​នោះ​ទេ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួកគាត់​មួយ​ចំនួន​ខ្វះ​ថវិកា​សម្រាប់​ដោះស្រាយ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ៖ «ខ្ញុំ​ខ្វះ​ថវិកា​ច្រើន​ណាស់​ដូច​ជា​ខ្វះ​ប្រាក់​ទិញ​អង្ករ​​ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន​ហូប​ជា​ដើម។​មិន​ឲ្យ​ខ្ញុំ​គិត​យ៉ាង​មិច​បាន​បើ​កូន​មាន​តែ​ម្នាក់​​ធ្វើ​កម្មករ​សំណង់​បាន​មួយ​ថ្ងៃ​តែ ២​ម៉ឺន​រៀល ហើយ​អ្នក​ផ្ទុក​មេរោគ​ដល់​ទៅ ៣​នាក់​ តើ​យក​ដោះ​ស្រាយ​យ៉ាង​មិច​គ្រប់​ទៅ?»

​​​​​​​​​​​​​​​ទាក់​ទង​នឹង​បញ្ហា​នេះ​​​ ប្រធាន​មណ្ឌល​សុខភាព​រកា​ លោក ប៊ី បេងស៊ មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​នោះ​ថា​ ក្រសួង​សុខាភិបាល បាន​យក​ចិត្ត​ទុកដាក់​​ដល់​សុខភាព​របស់​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​​ក្នុង​ឃុំ​រកា ជា​ប្រចាំ។

លោក​បញ្ជាក់​​ថា​ ក្រសួង​សុខាភិបាល បាន​បញ្ជូន​គ្រូពេទ្យ​ជា​ច្រើន​នាក់​ប្រចាំ​ការ​នៅ​មណ្ឌល​សុខភាព​រកា រៀងរាល់​ថ្ងៃ ដើម្បី​​ព្យាបាល​ជំងឺ​របស់​​ប្រជាពលរដ្ឋ​ ជាពិសេស​គឺ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ដោយ​មិន​បាច់​ទៅ​ព្យាបាល​ជំងឺនៅ​មន្ទីរ​ពេទ្យ​ឆ្ងាយ​ពី​ភូមិ​ស្រុក​នោះ​ទេ៖ «ហើយ​មួយ​ទៀត យើង​នឹង​មាន​សេវា​ព្យាបាល​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ទៅ​ដល់​កុមារ ក្នុង​ពេល​ឆាប់ៗ ដោយ​មិន​បាច់​នាំ​កុមារ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង ទៀត​ទេ»

​​​​​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ប្រចាំ​កម្ពុជា​ លោក​ ស៊ន សុធារិទ្ធ មាន​ប្រសាសន៍​ថា​ អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ដែល​ភាគ​ច្រើន​ខ្វះខាត​ថវិកា​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​នោះ ដោយ​សារ​ពួកគាត់​ជាប់​រវល់​ទៅ​ជួប​គ្រូពេទ្យ​ញឹក​ញាប់​ដើម្បី​បើក​ថ្នាំ​ពន្យារ​​អាយុ​ជីវិត​​ ​ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​បាន​ដូច​ពេល​មុន​ៗឡើយ។

លោក ស៊ន សុធារិទ្ធ៖ «ប្រជាពលរដ្ឋ​អាច​ទទួល​សេវា​សុខភាព​បាន​មែន​ ប៉ុន្តែ​ការ​ដែល​ទទួល​យក​ការ​លេប​ថ្នាំ នឹង​រង​ផល​ប៉ះពាល់​ថ្នាំ​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​ ជា​ពិសេស​មនុស្ស​ចាស់​តែ​ម្ដង។ ចំណែក​ឯ​ផល​លំបាក​ផ្សេង​ទៀត​ដែល​ពួកគាត់​លើក​ឡើង​ មាន​ដូចជា​ខ្វះខាត​ប្រាក់​ឲ្យ​កូន​ទៅ​រៀន​ ខ្វះ​ទី​ជម្រក​​ ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ និង​បញ្ហា​ជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ជា​ដើម»

វេទិកា​ដែល​​រៀប​ចំ​នៅ​ក្នុង​​វត្ត​រកា​នេះ​​ មាន​ដាក់​តាំង​ពិព័រណ៍​រូបភាព​រៀបរាប់​ពី​​ទុក្ខ​លំបាក​របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួន ​​ក្នុង​ឃុំ​រកា​ ដើម្បី​អ្នក​ចូល​រួម​បាន​យល់​ដឹង​អំពី​ទុក្ខ​​លំបាក​នេះ​ ហើយ​​កាត់​បន្ថយ​ការ​រើស​អើង​ដល់​ក្រុម​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ។

រហូត​មក​ទល់​ពេល​នេះ​ អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ សរុប​​ចំនួន ២៩២​នាក់​​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ២០០​គ្រួសារ​ ក្នុង​នោះ​មាន​មនុស្ស​​ស្លាប់​ចំនួន ១១​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល