មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប្រកាសឲ្យប្រជាពលរដ្ឋទូទៅដែលមានបញ្ហាភ្នែក ឲ្យទៅទទួលសេវាពិនិត្យព្យាបាលសុខភាពភ្នែកនាមន្ទីរពេទ្យនេះរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ដោយមិនគិតថ្លៃព្យាបាល។
មន្ត្រីសង្គមស៊ីវិល គាំទ្រសកម្មភាពរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជួយឈឺឆ្អាលអំពីសុខភាពភ្នែកជូនប្រជាពលរដ្ឋ ដើម្បីឈានដល់ចូលរួមកាត់បន្ថយភាពពិការភ្នែកនៅកម្ពុជា។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង មានប្រសាសន៍ថា ដើម្បីអបអរសាទរទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០១៦ មន្ទីរពេទ្យបង្អែកខេត្តនេះមានកម្មវិធីផ្តល់ជូនការពិគ្រោះ ពិនិត្យ និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋទូទៅដែលមានបញ្ហាសុខភាពភ្នែកចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ដោយឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅដែលមានបញ្ហាសុខភាពភ្នែក មានដូចជាភ្នែកឡើងបាយ ដុះកន្ទុយថ្លែន និងបញ្ហាផ្សេងទៀត សូមទៅទទួលសេវាពិនិត្យព្យាបាលនេះឲ្យបានច្រើនកុះករ តាមពេលវេលាធ្វើការរបស់រដ្ឋ៖ « យើងសូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលមាន បញ្ហាសុខភាព ភ្នែក សូមអញ្ជើញមកពិគ្រោះ និងពិនិត្យព្យាបាលភ្នែកជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដោយ ឥតគិតថ្លៃ ដើម្បីកាត់បន្ថយភាពពិការភ្នែកនៅកម្ពុជា »។
កម្មវិធីពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីអបអរសាទរទិវាសុខភាពភ្នែកពិភពលោក រៀបចំដោយថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរពេទ្យបង្អែកនាឱកាសនេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលឃ្លាំមើលការងារអភិវឌ្ឍន៍សង្គម និងប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ហើយកំពុងជួបប្រទះបញ្ហាភ្នែក។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ស្វាគមន៍កម្មវិធីទទួលពិគ្រោះ ពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋ ដោយមិនយកលុយរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីឈានដល់ចូលរួមកាត់បន្ថយភាពពិការភ្នែកនៅកម្ពុជា ពេលនេះ។
មន្ត្រីសង្គមស៊ីវិលរូបនេះបានកត់សម្គាល់ថា ទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យជំនាញគ្រប់ផ្នែក កំពុងបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ថាបានយកចិត្តទុកដាក់ក្នុងការងារសង្គ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនរើសមុខ ឬមិនគិតប្រាក់ជាធំនោះទេ ដោយគ្រូពេទ្យទាំងនោះបានបំពេញការងារ ឬតួនាទីមានការទទួលខុសត្រូវ និងមានវិជ្ជាជីវៈល្អ ជាពិសេសទទួលបានការគាំទ្រពីអ្នកជំងឺ និងសប្បុរសជនគាំទ្រទាំងថវិកា ស្មារតី និងសម្ភារៈផ្សេងៗជាបន្តបន្ទាប់មកដល់ពេលនេះ៖ « ពិនិត្យឃើញថា សម្ភារៈដែលប្រើប្រាស់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គឺជា ជំនួយ ផ្តល់ជូន ដោយរដ្ឋាភិបាលអូស្ត្រាលី និងមានឧបករណ៍កាត់វ៉ែនតា ព្រមទាំង សម្ភារៈ ឬឧបករណ៍ទំនើបៗច្រើនមុខទៀត។ ដូច្នេះខ្ញុំ សង្ឃឹមថា បងប្អូន ប្រជាពលរដ្ឋនឹង អញ្ជើញមករក សេវាព្យាបាលនេះច្រើនកុះករ »។
ទាក់ទិនបញ្ហាសុខភាពភ្នែកនេះដែរ លោក យ៉ាន់ ទិត្យសារ៉ាត់ វេជ្ជបណ្ឌិតឯកទេសភ្នែកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានផ្តល់សម្ភាសថា ជារៀងរាល់ខែ មន្ទីរពេទ្យនេះមានពលរដ្ឋមករកសេវាពិនិត្យព្យាបាល និងវះកាត់ភ្នែកចន្លោះពី ១០០នាក់ទៅ ១៥០នាក់ជារៀងរាល់ខែ ហើយភាគច្រើនជាប្រភេទជំងឺឡើងបាយ ដុះកន្ទុយថ្លែន និងភ្នែកម្ញូប ជាដើម។ លោកវេជ្ជបណ្ឌិតរំពឹងថា ការទទួលសេវាពិគ្រោះ ពិនិត្យ ព្យាបាល និងវះកាត់សុខភាពភ្នែករយៈពេល ៣ថ្ងៃ អបអរទិវាសុខភាពភ្នែកពិភពលោកពេលនេះ នឹងមានប្រជាពលរដ្ឋរាប់រយនាក់មកទទួលសេវានេះ ព្រោះតាមការកត់សម្គាល់ អត្រាប្រជាពលរដ្ឋមានជំងឺភ្នែកមានកំណើនខ្ពស់ជាបន្តបន្ទាប់៖ « សូមជូនដំណឹងជូនដល់លោកយាយលោកតា បងប្អូនពូមីង ប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលមាន បញ្ហាភ្នែក ដូចជាភ្នែកដុះកន្ទុយថ្លែន សូមមកទទួលសេវា ព្យាបាល នៅ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ចាប់ពី ថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា »។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង បានឲ្យដឹងថា សម្ភារៈពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកជូនពលរដ្ឋដោយមិនយកប្រាក់កម្រៃនៅពេលនេះ គឺជាជំនួយផ្តល់ជូនដោយរដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសអូស្ត្រាលី។ លោកអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក សូមអញ្ជើញមកទទួលសេវាព្យាបាលនេះឲ្យបានច្រើន ដើម្បីកាត់បន្ថយភាពពិការភ្នែកកម្ពុជា នាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។