ក្រសួង​ប្រកាស​ពី​ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី H5N1​នៅ​ស្រុក​ព្រៃឈរ

ដោយ ហេង សកល
2017-12-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​កំពង់ចាម
ផែនទី​ខេត្ត​កំពង់ចាម
Photo: RFA

ក្រសួង​កសិកម្ម លើក​ឡើង​​ថា ជំងឺ​ផ្ដាសាយ​បក្សី H5N1បាន​កើត​ឡើង​ទៅ​លើ​សត្វ​មាន់​នៅ​ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ ការ​ផ្ទុះ​ឡើង​វិញ​នៃ​ជំងឺ​ផ្ដាសាយ​បក្សី H5N1 បាន​បណ្ដាល​ឲ្យ​សត្វ​មាន់​ងាប់​ចំនួន ២០០​ក្បាល កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ និង​វិភាគ​លើ​សំណាក​សត្វ​មាន់​ងាប់​ចំនួន​ពីរ​ក្បាល​នៅ​ថ្ងៃ​ទី​៦ ធ្នូ គឺ​បង្ហាញ​ថា មាន់​ទាំង​នោះ​មាន​ជំងឺ​ផ្ដាសាយ​បក្សី H5N1។

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន ចេញ​លិខិត​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ អំពី​បញ្ហា​នេះ ដោយ​បញ្ជាក់​ថា ក្រុម​បច្ចេកទេស​ជំនាញ​បាន​ណែនាំ​កសិករ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ និង​អាជ្ញាធរ​ភូមិ-ឃុំ អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​ផ្ដាសាយ​បក្សី និង​វិធានការ​ការពារ​ឆ្លង​ជំងឺ ហើយ​ត្រូវ​រាយការណ៍​ព័ត៌មាន​ពី​បក្សី​ឈឺ ឬ​ងាប់ ក្នុង​មូលដ្ឋាន​ទៅ​ដល់​មន្ត្រី​បសុពេទ្យ ស្រុក-ខេត្ត។

លិខិត​ដដែល​បន្ថែម​ទៀត​ថា ក្រសួង​កសិកម្ម បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​វិធានការ​បសុព្យាបាល និង​បន្ត​អង្កេត​ស្ថានភាព​ជំងឺ​បក្សី​នៅ​តាម​បណ្ដា​ភូមិ​ជុំវិញ​តំបន់​កើត​ហេតុ នៅ​ឃុំ​ត្រពាំងព្រះ ជា​ប្រចាំ។ លើស​ពី​នេះ ក្រសួង​ក៏​ប្រកាស​កំណត់​ពី​តំបន់​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី និង​ផ្សព្វផ្សាយ​អំពី​ជំងឺ​នេះ​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ស្រប​តាម​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល