កម្ពុជា​មាន​ផ្ទុះ​ជា​លើក​ដំបូង​ជំងឺ​ផ្តាសាយ​បក្សី H5N6

ដោយ ម៉ៅ សុធានី
2019-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រែក​មាន់​នៅ​ឯ​ផ្សារ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១២ ធ្នូ ២០០៨។
កម្មករ​រែក​មាន់​នៅ​ឯ​ផ្សារ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១២ ធ្នូ ២០០៨។
AFP Photo

កម្ពុជា​មាន​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី ហាស់ប្រាំ អ៊ិនប្រាំមួយ (H5N6) ជា​លើក​ដំបូង ក្នុង​ចំណោម​បសុបក្សី នៅ​ខេត្ត​តាកែវ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សុខភាព​សត្វ​ពិភពលោក (World Organization for Animal Health-OIE) ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែ​មេសា​​ថា ក្រសួង​កសិកម្ម​បាន​រក​ឃើញ​វីរ៉ុស H5N6 នៅ​លើ​បសុបក្សី ដែល​ដាក់​លក់​នៅ​ទីផ្សារ ក្នុង​ស្រុក​ដូនកែវ ខេត្ត​តាកែវ។ សេចក្ដី​ថ្លែង​ការណ៍​បន្ត​ថា វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​រក​ឃើញ​ប្រភេទ​វីរុស H5N6 នេះ កាល​ពី​ខែ​មុន ក៏ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា សត្វ​ដែល​ឆ្លង​មេរោគ​ប្រភេទ​នេះ​ គឺ​ជា​សត្វ​មាន់ ទា ឬ​ក៏​ប្រភេទ​សត្វ​ស្លាប​ណា​នោះ​ទេ។

មន្ត្រី​ជំនាញ​បសុពេទ្យ​ កំពុង​ត្រួត​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់​ នៅ​តំបន់​ដែល​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី H5N6 ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គ្មាន​មនុស្ស​ណា​ឆ្លង​ជំងឺ​នេះ​នៅ​ឡើយ​ទេ។ អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មន្ត្រី​ជំនាញ​ពេទ្យ​សត្វ ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ។

សារព័ត៌មាន​ចិន ស៊ីនហួរ ឲ្យ​ដឹង​ថា នៅ​ប្រទេស​វៀតណាម​ឯណោះ​វិញ មន្ត្រី​ជំនាញ​ពេទ្យ​សត្វ បាន​ដុត​សម្លាប់​សត្វ​មាន់ រាប់​ពាន់​ក្បាល បន្ទាប់​ពី​បាន​រក​ឃើញ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N6 នេះ នៅ​ខេត្ត កួង ណាម (Quang Nam) កាល​ពី​ដើម​ខែ​មុន និង​នៅ​ខេត្ត កួង និញ (Quang Ninh) កាល​ពី​ដើម​ខែ​មករា ឆ្នាំ២០១៩ កន្លង​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល