ក្រសួង​សុខាភិបាល​ព្រមាន​មន្ត្រី​ក្រោម​ឱវាទ​កុំ​ឲ្យ​សេព​គ្រឿង​ស្រវឹង​និង​លេង​ល្បែង​ពេល​ធ្វើ​ការ

ដោយ ខែ សុណង
2015-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៨-វិច្ឆិកា-២០១៣៖ ទីស្ដីការ​ក្រសួង​សុខាភិបាល។
១៨-វិច្ឆិកា-២០១៣៖ ទីស្ដីការ​ក្រសួង​សុខាភិបាល។
Photo: RFA

ក្រសួង​សុខាភិបាល​បាន​ព្រមាន​ដល់​មន្ត្រី​ក្រោម​ឱវាទ ពិសេស​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ឲ្យ​ត្រួតពិនិត្យ និង​ពង្រឹង​លើ​ការងារ​គ្រប់គ្រង​មន្ត្រី​សុខាភិបាល​មួយ​ចំនួន ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​លេង​ល្បែង​ក្នុង​ពេល​បំពេញ​ការងារ ឬ​ពេល​ប្រចាំការ​នៅ​មន្ទីរពេទ្យ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ប្រកាស​ថា គ្រូពេទ្យ​ក្នុង​មន្ទីរ​សុខាភិបាល​មួយ​ចំនួន ត្រូវ​បាន​រក​ឃើញ​ថា ប្រព្រឹត្ត​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បំពេញ​ការងារ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ តុលា ថា ដើម្បី​ពង្រឹង​លើ​ការងារ​សុខាភិបាល ក្រសួង​បាន​ប្រកាស​ជា​ថ្មី​ទៀត ដោយ​ដាស់តឿន​ឲ្យ​មន្ត្រី​សុខាភិបាល​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ពេល​បំពេញ​ការងារ​ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ថែទាំ​អ្នក​ជំងឺ។

លោក​ថា គ្រូពេទ្យ​ត្រូវ​ជៀសវាង​ឲ្យ​បាន​នូវ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​លេង​ល្បែង​ក្នុង​ពេល​បំពេញ​ការងារ​ឬ​ពេល​ប្រចាំការ​នៅ​មន្ទីរពេទ្យ។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ប្រាប់​ថា បញ្ហា​នេះ​កើត​ឡើង​នៅ​ក្នុង​មន្ទីរ​សុខាភិបាល​ណា​មួយ​នោះ​ទេ គឺ​គ្រាន់​អះអាង​ថា​ក្រសួង​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ។

លោក លី សូវ៉ាន់៖ «ករណី​កើត​ឡើង​តិចតួច​ដែល​យើង​ទទួល​បាន​ព័ត៌មាន។ បច្ចុប្បន្ន​នេះ​ក្រសួង​កំពុង​តែ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ទាំង​ការ​គ្រប់គ្រង គ្រប់​ស្ថាប័ន​ទាំង​អស់​ទាំង​គ្លីនិក​មន្ទីរពេទ្យ​ឯកជន ក៏​ដូចជា ឱសថដ្ឋាន អ្នក​លក់​ថ្នាំ​ទាំង​អស់​ត្រូវ​មាន​ច្បាប់​ទាំង​អស់ ដោយ​ឡែក​ក្នុង​មន្ទីរពេទ្យ​ទាំង​អស់​ត្រូវ​តែ​គ្រប់គ្រង​ឲ្យ​គ្រូពេទ្យ ឲ្យ​គាត់​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​ថែទាំ​អ្នក​ជំងឺ»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល ចេញ​សេចក្ដី​ប្រកាស​មួយ​ទៅ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត នៅ​ថ្ងៃ​ទី​២២ តុលា ឲ្យ​មន្ត្រី​បុគ្គលិក​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​លេងល្បែង​ក្នុង​ពេល​បំពេញ​ការងារ ឬ​ពេល​យាម​ប្រចាំការ​នៅ​មន្ទីរពេទ្យ។

សេចក្ដី​ប្រកាស​ដដែល​បាន​សរសេរ​ថា ក្រសួង​បាន​ទទួល​ព័ត៌មាន​អំពី​មន្ត្រី​រាជការ​ផ្នែក​សុខាភិបាល​មួយ​ចំនួន​បាន​បន្ត​ប្រើប្រាស់​គ្រឿង​ស្រវឹង​លេង​បៀ​នៅ​ក្នុង​ម៉ោង​ការងារ ឬ​យាម​ប្រចាំការ​នៅ​មន្ទីរពេទ្យ​ដែល​ជា​ទង្វើ​អាក្រក់​អាច​រាំងស្ទះ​យឺតយ៉ាវ​ការងារ​ក្នុង​ករណី​មាន​ជំងឺ​ត្រូវ​ការ​សេវា​សង្គ្រោះ​បន្ទាន់។ ចំណែក​អ្នក​ផ្ដល់​សេវា​វិញ​មាន​អាកប្បកិរិយា​មិន​សមរម្យ​ជាមួយ​អ្នក​ជំងឺ ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​នឹង​ទទួល​រង​នូវ​សម្ពាធ​ច្រើន​នឹង​អាច​កើត​មាន​បញ្ហា​មិន​ប្រក្រតី។

ទាក់ទង​នឹង​ការ​ប្រកាស​នេះ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក កែម ឡី មាន​ទស្សនៈ​ថា ការ​ហាម​ប្រាម​នេះ​គឺ​ជា​វិធានការ​វែកចក។ លោក​ថា ការ​ហាមប្រាម​បែប​នេះ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ពុំ​មាន​វិធានការ​ផ្លូវ​ច្បាប់​តឹងរ៉ឹង​ដល់​មន្ត្រី​អនុវត្ត​ខុស​ទាំង​នោះ។

លោក​ថា រដ្ឋាភិបាល​គួរ​តែ​មាន​ច្បាប់​មួយ​ធ្វើ​ឡើង​សំដៅ​គ្រប់​មន្ទីរ​ស្ថាប័ន​ទាំង​អស់ ដោយ​អនុវត្ត​ឲ្យ​មាន​ភាព​ស្មើ​គ្នា៖ «ជា​រួម​យើង​ត្រូវ​មាន​ច្បាប់ ទាក់ទង​នឹង​ល្បែង​ស៊ីសង​ធ្ងន់ធ្ងរ ហើយ​អត់​មាន​និទ្ទណ្ឌភាព​ទេ ជាប់​ពន្ធនាគារ​យូរ​​អត់​មាន​លើកលែង​ទេ ទោះ​អ្នក​ធំ អ្នក​តូច​អី​ក៏​ដោយ។ បើ​សិន​ជា​ផឹក​នៅ​កន្លែង​ធ្វើការ កន្លែង​ប្រចាំការ​នៅ​អី យើង​អាច​បណ្ដេញ​ចេញ​ពី​មន្ត្រី​រាជការ ហើយ​អាច​ដាក់​ទោសទណ្ឌ​រដ្ឋបាល​អី​ថែម​ទៀត។ បើ​មាន​ច្បាប់​ហើយ​មាន​យន្តការ​ត្រួតពិនិត្យ មាន​គណៈកម្មការ​ចម្រុះ​ពី​សង្គម​ស៊ីវិល ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​ក្រសួង​ផ្សេងៗ ហើយ​សិន​មាន​នរណា​លេង​នៅ​ក្នុង​ហ្នឹង ថត​បាន ចាប់​ភស្តុតាង​បាន អ្នក​ហ្នឹង​អាច​បាត់បង់​តំណែង...»

របាយការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា ក្របខ័ណ្ឌ​មន្ត្រីរាជការ​នៅ​ទូទាំង​ប្រទេស​មាន​មន្ត្រី​ពេទ្យ ដែល​កំពុង​បម្រើ​ការ​ចំនួន​ជាង ២​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ចេះតាថា អាងតែគេចាត់តាំងអោយថា វាមិនដែលអ្នកណាទៅផឹក​ស្រាកើតបើកំពុងតែធ្វើការនោះ មិនដូចអ្នករែកដីឯណា ឧទាហរណ៌​ថា​ពេលដែលកំពុងតែចាក់ថា្នំ​ទៅផឹកវាអត់កើត​​​ទេ តែបើចាក់រួចនិង​មុនពេលមកកាន់​សឺរ៉ាំងចាក់អាហ្នឹងម៉ាធំល្មុតទំបានទាន និងបានដៃ​ឯណាទៅកាន់សន្លឹកបៀបានដៃឯណាទៅកាន់ម្ជុលចាក់ទៅ អញ្ចឹង​លោកពេទ្យៗអ្នកពេទ្យៗគាត់អត់លែងទេពេលហ្នឹងនោះ តែបើចាក់រួច​ឫមុនពេលចាក់អាហ្នឹងអត់ហ៊ានការ៉ង់ទីទេ មិនអញ្ចឹងលោក​គ្រូ​ពេទ្យ?

Oct 28, 2015 12:23 AM

អ្នក​អាន​អនាមិក

ស្រីស្រាល្បែងស៊ីសងព្រះពុទ្ធហាមមិនឲ្យប្រព្រឹត្ត ទោះពេលធ្វើការឬពេលមិនធ្វើការក៏ដោយ

Oct 24, 2015 08:01 PM

គេហទំព័រ​ទាំងមូល