អ្នក​ជំនាញ​សុខាភិបាល​ ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ មុន​ទទួល​ទាន​ស្រា​ ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ស្លាប់

ដោយ ហេង រស្មី
2021.06.29

អ្នក​ជំនាញ​សុខាភិបាល​ ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ នៅ​ទូទាំង​ប្រទេស​ត្រូវ​ប្រុង​ប្រយ័ត្ន​មុន​នឹង​ទទួល​ទាន​ស្រា​ស​ ឬ​ ស្រា​ថ្នាំ​ ណា​មួយ​ ត្រូវ​ពិនិត្យ​មើល​​គុណភាព​ ឱ្យ​បាន​ច្បាស់​លាស់​ដើម្បី​ចៀសវាង​ពុល​ស្លាប់។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណ​ធម៌​កម្ពុជា​ លោក​វេជ្ជបណ្ឌិត​ អ៊ូច វុទ្ធី លើក​ឡើង​បែប​នេះ គឺ​បន្ទាប់​ពី​ស្ត្រី​វ័យ​ក្មេង ២នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី២៨ មិថុនា ដោយសារ​ពុល​ស្រា។​

លោក​បន្ត​ថា​ ស្ថាប័ន​ពាក់​ព័ន្ធ​ដូច​ជា​ ក្រសួង​សុខាភិបាល​ ក្រសួង​កសិកម្ម​ និង​ក្រសួង​ឧស្សាហកម្ម​គួរ​តែ​ទប់ស្កាត់ ដើម្បី​កុំ​ឱ្យ​នាំ​ស្រា​ចូល ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​ និង​​ ការ​ផលិត​ ស្រា​ស ស្រា​ថ្នាំ​ គ្រប់​ប្រភេទ​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​តទៅទៀត៖ «សូម​បង​ប្អូន​ប្រយ័ត្ន​ការ​ញាំ​ស្រា​នេះ​វា​ មាន​ផល​ប៉ះពាល់​ច្រើន​ ដែល​ធ្វើ​ឱ្យ​យើង​ទី​១​ បាត់​បង់​ស្មារតី​ ទី២​ វា​អាច​ទៅ​ជា​អ្នក​ញៀន​អាល់កុល​ វា​អត់​បាន​ផឹក​ វា​ទៅ​ជា​ញ័រ​ ដៃ​ហើយ​ភ្លេច​ភ្លាំង​ ហើយ​វា​ខូច​សរសៃ​ប្រាសាទ​យើង​ ប៉ះពាល់​ដល់​អ្នក​មាន​កូន​មាន​ផ្ទៃ​ពោះ​ទៀត​។​ គួរ​ណាស់​បង​ប្អួន​កាត់​បន្ថយ​បាន​កាត់​បន្ថយ​ខ្លះ»

សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ បាន​រាយការណ៍​ថា​ ​វ័យ​ក្មេង​ពីរ​នាក់​អាយុ​ចន្លោះ​ពី​​១៩​ ដល់​ ២០​ ឆ្នាំ​ បាន​​ស្លាប់​ ក្រោយ​ពី​បាន​ទទួល​ទាន​ស្រា​ ក្រឡុក​ នៅ​ក្នុង​ភោជនីយដ្ឋាន​ មួយ​កន្លែង​ក្នុង​ សង្កាត់​ព្រែកព្នៅ​ ខណ្ឌ​ព្រែកព្នៅ​ ក្រុង​ភ្នំពេញ។​

ក្រោយ​ពី​ទទួល​ទាន​ស្រា​ក្រឡុក ភ្លាម​ ជនរងគ្រោះ​ មាន​អាការៈ​ មិន​ស្រួលខ្លួន​ និង​វិល​មុខ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ប៉ុន្តែ​ដោយ​សារ​អាការៈ​ធ្ងន់ធ្ងរ​ពេក​ ជនរងគ្រោះ​ បាន​ស្លាប់​ នៅ​ក្នុង​មន្ទីរ​ពេទ្យ។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ លោក​ សុខ សម្បត្តិ​ តែ​លោក​មិន​លើក​ទូរស័ព្ទ។

ករណី​ពុល​ស្រា​ស្លាប់​កើត​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ។ កាល​ពី​ដើម​ខែ​មិថុនា មាន​ពលរដ្ឋ​ចំនួន ១៣នាក់​ស្លាប់ និង ៧៦ នាក់​ផ្សេង​ទៀត ត្រូវ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ ដោយ​សារ​តែ​ពុល​ស្រា​ស នៅ​ស្រុក​ ក្រគរ​ ខេត្ត​ពោធិ៍សាត់​ ហើយ​ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​ជាប់ៗ គ្នា​បន្ទាប់​ពី​ខេត្ត​កណ្ដាល​ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស ១២នាក់​ស្លាប់ ៩នាក់​សង្គ្រោះ​បន្ទាន់ និង​ខេត្ត​កំពត​ មាន​មនុស្ស ១០នាក់​ស្លាប់ និង ៥៥នាក់​ផ្សេង​ទៀត​សង្គ្រោះ​បន្ទាន់។

ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៦ រហូត​មក​ដល់​ចុង​ខែ​មិថុនា​ នេះ​មាន​មនុស្ស​ពុល​ស្រា​ស្លាប់​ជាង ៥០នាក់ និង​ជាង ៥០០នាក់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ដែល​ក្នុង​នោះ​ភាគច្រើន ពុល​ស្រា​ស​ និង​ស្រា​ថ្នាំ ហើយ​កាល​ពី​ចុង​ឆ្នាំ២០១៨ ពលរដ្ឋ​រស់នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ចំនួន ៧នាក់​ស្លាប់ និង ១០០នាក់ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។