រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រង​ការ​រិះគន់​ថា គិត​ខំ​តែ​ចុះ​បង្រៀន​ពលរដ្ឋ​គូស​សន្លឹកឆ្នោត

ជាតិ ចំណាន
2018.07.19
ម៉ម ប៊ុនហេង ៦២២ ២០១៦ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

ពលរដ្ឋ​រងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង​នៅ​តាម​ខេត្ត​មួយ​ចំនួន ងឿងឆ្ងល់​ពី​សកម្មភាព​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល នៅតែ​បន្ត​ចុះ​បង្រៀន​ពលរដ្ឋ​គូស​សន្លឹកឆ្នោត គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ដែល​ពលរដ្ឋ​ជាច្រើន​កំពុង​រងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង។ សង្គម​ស៊ីវិល គិត​ថា បើ​ទោះ​ជា​ក្រសួង​សុខាភិបាល មាន​សេនាធិការ​នៅ​តាម​ខេត្ត ស្រុក ឃុំ ប៉ុន្តែ រដ្ឋមន្ត្រី​នៅ​ថ្នាក់​ជាតិ​គួរតែ​ចុះទៅ​ផ្ទាល់​ជា​ជាង​ចំណាយ ពេលវេលា​បង្រៀន​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត។

ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​សែនសុខ លោក ម៉ម ប៊ុនហេង នៅ​ថ្ងៃទី​១៩ ខែ​កក្កដា បាន​បន្ត​ចុះ​ពន្យល់​នូវ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ណែនាំ​ពី​របៀប​គូស​សន្លឹកឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ដល់​សមាជិក​សមាជិកា​បក្ស នៅ​ផ្សារ​ឈូកមាស ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ប្រព័ន្ធ​ឃោសនា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្រង់​សំដី លោក ម៉ម ប៊ុនហេង ផ្សាយ​នៅ​ថ្ងៃ​​ទី១៩ ខែ​កក្កដា ថា បោះ​ឲ្យ​បក្ស​លេខ​រៀង​ទី​២០ នៅ​លើ​សន្លឹកឆ្នោត ដើម្បី​ទទួល​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ក្នុង​នោះ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​បន្ត​ការ​កែ​លំអ និង​លើ​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ។

ពលរដ្ឋ​ម្នាក់ ឈ្មោះ សុខ វុទ្ធចក្រ បង្ហាញ​ការ​ហួសចិត្ត ពេល​ឃើញ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ប្រើប្រាស់​ម៉ោង​ធ្វើការ​របស់​រដ្ឋ​ទៅ​ធ្វើ​សកម្មភាព​ចុះ​ឃោសនា បង្រៀន​ពលរដ្ឋ​គូស​សន្លឹកឆ្នោត​ទៅវិញ។

លោក​បន្ត​ថា លោក​ពិបាក ទៅ​បោះឆ្នោត​ណាស់ នៅ​ពេល​ដែល​ឃើញ សកម្មភាព​រដ្ឋមន្ត្រី ខ្វល់​តែ​ពី​សុខទុក្ខ​បក្ស ជាជាង​សុខទុក្ខ​ពលរដ្ឋ​​ដែល​កំពុង​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​បែបនេះ។ «»

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជូនដំណឹង​ថា ទឹកទន្លេ​មេគង្គ​នៅ​ប៉ែក​ខាងលើ​របស់​កម្ពុជា នឹង​ហក់​ឡើង​ខ្ពស់ ហើយ​ទឹកនឹង​ហូរ​ចូល​តាម​ព្រែក និង​នៅ​តំបន់​ទំនាប​នានា ជាប់​នឹង​ដង​ទន្លេ​មេគង្គ ហើយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង និង​ក្រចេះ ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ដែល​ជា​ខេត្ត​ជាប់​ដង​ទន្លេ​មេគង្គ នឹង​អាច​រងគ្រោះ​ពី​ទឹកជំនន់​នេះ។

ចំណែក​របាយការណ៍​របស់​ទេសរដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា បាន​ផ្ញើ​ជូន​ទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៩ កក្កដា បង្ហាញ​ថា​ខេត្ត​ចំនួន​៧ ដែល​ទទួលរង​ការ​ខូចខាត ដោយសារតែ​ជំនន់​ទឹកភ្លៀង រួមមាន ខេត្ត​កំពង់ស្ពឺ កោះកុង ប៉ៃលិន បាត់ដំបង កំពត​កែប និង ខេត្ត​ព្រះសីហនុ។ ជំនន់​ទឹកភ្លៀង បង្កឡើង​ដោយ ឥទ្ធិពល​ព្យុះ​ទី​៩ ឈ្មោះ សុន ទីញ កំពុង​រំកិល​ទៅ​ក្បែរ​ដីគោក​ក្រុង​ហាណូយ ស្រប​ពេល​ដែល​ព្យុះ​ទី​១០​កំពុង​វិវត្ដ​កើត​មក​ឡើង។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បញ្ជាក់ ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សុវណ្ណ អំពី​ចំនួន​ជនរងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង និង​ការរិះគន់ សកម្មភាព​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ជុំវិញ​ការ​មិន​ទាន់​ឃើញ​វត្តមាន​ចុះទៅ​ដល់​ទី​តាំង ហើយ​បែរជា​កំពុង​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​ក្នុង​ម៉ោង​ការងារ​រដ្ឋ​ទៅវិញ បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៩ កក្កដា​។ តែ​យ៉ាងណា កន្លង​មក​មន្ត្រី​របប​ក្រុងភ្នំពេញ តែង​បាន​អះអាង​ថា នៅ​ពេល​ពួកគេ​ចុះទៅ​ឃោសនា​ក្នុង​ម៉ោង​រដ្ឋ ពួកគេ​តែង​បាន​ដាក់​ច្បាប់។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សម្ដែង​ការ​ហួសចិត្ត ដោយសារ​ជាង​៣០​ឆ្នាំ​មក​ហើយ មន្ត្រី​ធំៗ​នៅតែ​ដើរ​បង្រៀន​ពលរដ្ឋ​គូស​សន្លឹកឆ្នោត​ទៀត។ យ៉ាងណា លោក សន ជ័យ យល់ថា នៅ​ពេល​មាន​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​បែបនេះ ក្រសួង​សុខាភិបាល​ក៏​ជា​ផ្នែក​មួយ ដែល​ត្រូវ​ទទួលខុសត្រូវ ចំពោះ​សុខភាព​របស់​ពលរដ្ឋ​រងគ្រោះ​ដែរ ហើយ​ថ្នាក់​ដឹកនាំ​នៅ​កម្រិត​ថ្នាក់​ជាតិ គួរតែ​ចុះទៅ​ជួយ​អន្តរាគមន៍​ដោយ​ផ្ទាល់។ «»

ពលរដ្ឋ​ចង់​ឃើញ​មន្ត្រីរាជការ ផ្អាក ឬ​សម្រាក​ពី​ការងារ​ឃោសនា ឲ្យ​បក្ស​មួយ​រយៈ​សិន ហើយ​នាំគ្នា​ទៅ​ជួយសង្គ្រោះ​ពលរដ្ឋ​ពី​ជំនន់​ទឹកភ្លៀង​វិញ។ ម្យ៉ាងទៀត ពលរដ្ឋ​ថា ពួកគេ​ក៏​មិន​ចង់​ឃើញ​សកម្មភាព ឆ្លៀត​កេង​ចំណេញ​នយោបាយ ពី​ជនរងគ្រោះ​ទឹកជំនន់​ដែរ។ ពួកគេ​ថា នៅ​ពេល​ដែល​ទឹក​ស្រក​ទាំងស្រុង ហើយ​ជីវភាព​ពួកគេ វិល​មក​រក​សភាព​ដើម ចាំ​នាំគ្នា​ចុះទៅ​ឃោសនា​ឲ្យ​បក្ស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។