រដ្ឋមន្ត្រីក្រសួងសុខាភិបាលរងការរិះគន់ថា គិតខំតែចុះបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត
2018.07.19
ពលរដ្ឋរងគ្រោះពីជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួន ងឿងឆ្ងល់ពីសកម្មភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅតែបន្តចុះបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈដែលពលរដ្ឋជាច្រើនកំពុងរងគ្រោះពីជំនន់ទឹកភ្លៀង។ សង្គមស៊ីវិល គិតថា បើទោះជាក្រសួងសុខាភិបាល មានសេនាធិការនៅតាមខេត្ត ស្រុក ឃុំ ប៉ុន្តែ រដ្ឋមន្ត្រីនៅថ្នាក់ជាតិគួរតែចុះទៅផ្ទាល់ជាជាងចំណាយ ពេលវេលាបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត។
ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៩ ខែកក្កដា បានបន្តចុះពន្យល់នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដល់សមាជិកសមាជិកាបក្ស នៅផ្សារឈូកមាស ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រព័ន្ធឃោសនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្រង់សំដី លោក ម៉ម ប៊ុនហេង ផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ថា បោះឲ្យបក្សលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្តការកែលំអ និងលើស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
ពលរដ្ឋម្នាក់ ឈ្មោះ សុខ វុទ្ធចក្រ បង្ហាញការហួសចិត្ត ពេលឃើញ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រើប្រាស់ម៉ោងធ្វើការរបស់រដ្ឋទៅធ្វើសកម្មភាពចុះឃោសនា បង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតទៅវិញ។
លោកបន្តថា លោកពិបាក ទៅបោះឆ្នោតណាស់ នៅពេលដែលឃើញ សកម្មភាពរដ្ឋមន្ត្រី ខ្វល់តែពីសុខទុក្ខបក្ស ជាជាងសុខទុក្ខពលរដ្ឋដែលកំពុងជួបគ្រោះជំនន់ទឹកភ្លៀងបែបនេះ។ «»
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងថា ទឹកទន្លេមេគង្គនៅប៉ែកខាងលើរបស់កម្ពុជា នឹងហក់ឡើងខ្ពស់ ហើយទឹកនឹងហូរចូលតាមព្រែក និងនៅតំបន់ទំនាបនានា ជាប់នឹងដងទន្លេមេគង្គ ហើយប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង និងក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលជាខេត្តជាប់ដងទន្លេមេគង្គ នឹងអាចរងគ្រោះពីទឹកជំនន់នេះ។
ចំណែករបាយការណ៍របស់ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា បានផ្ញើជូនទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៩ កក្កដា បង្ហាញថាខេត្តចំនួន៧ ដែលទទួលរងការខូចខាត ដោយសារតែជំនន់ទឹកភ្លៀង រួមមាន ខេត្តកំពង់ស្ពឺ កោះកុង ប៉ៃលិន បាត់ដំបង កំពតកែប និង ខេត្តព្រះសីហនុ។ ជំនន់ទឹកភ្លៀង បង្កឡើងដោយ ឥទ្ធិពលព្យុះទី៩ ឈ្មោះ សុន ទីញ កំពុងរំកិលទៅក្បែរដីគោកក្រុងហាណូយ ស្របពេលដែលព្យុះទី១០កំពុងវិវត្ដកើតមកឡើង។
អាស៊ីសេរី ពុំអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ អំពីចំនួនជនរងគ្រោះពីជំនន់ទឹកភ្លៀង និងការរិះគន់ សកម្មភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ជុំវិញការមិនទាន់ឃើញវត្តមានចុះទៅដល់ទីតាំង ហើយបែរជាកំពុងធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតក្នុងម៉ោងការងាររដ្ឋទៅវិញ បាននៅឡើយទេ នៅថ្ងៃទី១៩ កក្កដា។ តែយ៉ាងណា កន្លងមកមន្ត្រីរបបក្រុងភ្នំពេញ តែងបានអះអាងថា នៅពេលពួកគេចុះទៅឃោសនាក្នុងម៉ោងរដ្ឋ ពួកគេតែងបានដាក់ច្បាប់។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សម្ដែងការហួសចិត្ត ដោយសារជាង៣០ឆ្នាំមកហើយ មន្ត្រីធំៗនៅតែដើរបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតទៀត។ យ៉ាងណា លោក សន ជ័យ យល់ថា នៅពេលមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរបែបនេះ ក្រសួងសុខាភិបាលក៏ជាផ្នែកមួយ ដែលត្រូវទទួលខុសត្រូវ ចំពោះសុខភាពរបស់ពលរដ្ឋរងគ្រោះដែរ ហើយថ្នាក់ដឹកនាំនៅកម្រិតថ្នាក់ជាតិ គួរតែចុះទៅជួយអន្តរាគមន៍ដោយផ្ទាល់។ «»
ពលរដ្ឋចង់ឃើញមន្ត្រីរាជការ ផ្អាក ឬសម្រាកពីការងារឃោសនា ឲ្យបក្សមួយរយៈសិន ហើយនាំគ្នាទៅជួយសង្គ្រោះពលរដ្ឋពីជំនន់ទឹកភ្លៀងវិញ។ ម្យ៉ាងទៀត ពលរដ្ឋថា ពួកគេក៏មិនចង់ឃើញសកម្មភាព ឆ្លៀតកេងចំណេញនយោបាយ ពីជនរងគ្រោះទឹកជំនន់ដែរ។ ពួកគេថា នៅពេលដែលទឹកស្រកទាំងស្រុង ហើយជីវភាពពួកគេ វិលមករកសភាពដើម ចាំនាំគ្នាចុះទៅឃោសនាឲ្យបក្សវិញ៕