ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋ កុំឲ្យទិញអាល់កុល និងជែលលាងដៃដែលផ្សព្វផ្សាយលក់តាមហ្វេសប៊ុក (faceboook) ព្រោះអាល់កុល និងជែលទាំងនោះ គ្មានប្រសិទ្ធភាព ក្នុងការសម្លាប់មេរោគទេ។
លិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣ ខែឧសភា បានបង្ហាញថា មានបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន កំពុងផ្សព្វផ្សាយលក់អាល់កុល ជែលនិងផលិតផលសម្លាប់មេរោគដទៃជាច្រើនប្រភេទ យ៉ាងអនាធិបតេយ្យ និងគ្មានការត្រួតពិនិត្យគុណភាព ឬការអនុញ្ញាតពីក្រសួង។
ក្រសួងធ្លាប់រកឃើញថា ផលិតផលទាំងនោះ ភាគច្រើន ជាផលិតផលក្លែងបន្លំ និងគ្មានគុណភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានផ្ទុកសារធាតុមេតាណុលសុទ្ធ ឬមានសារធាតុមេតាណុលលាយ ជាមួយអេតាណុល ឬ អាល់កុល។ ក្រសួងបញ្ជាក់ថា ផលិតផលគ្មានគុណភាពទាំងនោះ មានសារធាតុប៉ះពាល់សុខភាព ឬ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
សង្គមស៊ីវិល ស្នើសុំឲ្យអាជ្ញាធរ បង្ក្រាបផលិតផលសម្លាប់មេរោគក្លែងក្លាយនេះឲ្យអស់និងអនុវត្តតាមច្បាប់ដើម្បីឲ្យជនខិលខូចទាំងនោះរាងចាល។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គឹមអេង សង្កេតឃើញថា ពលរដ្ឋដែលគ្មានចំណេះដឹងវេជ្ជសាស្ត្រ បានរងគ្រោះពីការប្រកាសលក់នេះ គឺខាតទាំងថវិកា និងប្រឈមការឆ្លងជំងឺ ដោយសារអាល់កុល និងជែលទាំងនោះ គ្មានប្រសិទ្ធភាពសម្លាប់មេរោគ។ លោកស្នើសុំឲ្យក្រសួងសុខាភិបាល បញ្ចេញអាល់កុល និងជែលលាងដៃ ដែលមានប្រសិទ្ធភាពឲ្យពលរដ្ឋងាយស្រួលទិញយកទៅប្រើប្រាស់គ្រប់បានគ្រប់គ្នា។
កាលពីឆ្នាំ២០២០ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម រឹបអូសបានអាល់កុលក្លែងក្លាយ រាប់ម៉ឺនលីត្រ និងច្រើនប៊ីដុង នៅទូទាំងប្រទេស។ មន្ត្រីជំនាញ ក៏បាន ចាប់ខ្លួន អ្នកលក់ផលិតផលក្លែងក្លាយទាំងនោះ បញ្ជូនទៅតុលាការផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។