ក្រសួង​សុខាភិបាល​រក​ឃើញ​​​​ជំងឺ​កូវីដ-១៩ បំប្លែង​ខ្លួន​ថ្មី ដែល​ឆ្លង​លឿន ចំនួន ៣ករណី​បន្ថែម​ទៀត

ដោយ មួង ណារ៉េត
2021-02-23
Share
ក្រសួង​សុខាភិបាល​រក​ឃើញ​​​​ជំងឺ​កូវីដ-១៩ បំប្លែង​ខ្លួន​ថ្មី ដែល​ឆ្លង​លឿន ចំនួន ៣ករណី​បន្ថែម​ទៀត សកម្មភាព​ក្រុម​គ្រូពេទ្យ​កំពុង​បំពេញការងារ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ។
រូប៖ CDC 02/22/21

ក្រសួង​សុខាភិបាល រក​ឃើញ​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២៥នាក់​ថែម​ទៀត កាលពី​ថ្ងៃ​ទី២៣ កុម្ភៈ ក្នុង​នោះ ២៣នាក់ ពាក់ព័ន្ធ​ការ​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ ដែល​ភាគ​ច្រើន គឺជា​ជន​ជាតិ​ចិន កំពុង​រស់​នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​ចំណោម​ ២៥​ករណី​ នោះ​ក្រសួង​​រក​ឃើញ​ថា អ្នក​ឆ្លង​ចំនួន ៣នាក់ មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ ប្រភេទ​កម្លាយ ឬ​បំប្លែង​ខ្លួន​ថ្មី​។ រយៈ​ពេល ៤ថ្ងៃ​ជាប់​គ្នា​នេះ កម្ពុជា​រក​ឃើញ​អ្នក​ជំងឺ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ កើន​ឡើង ១០១នាក់។

អ្នក​ឆ្លង​​មេរោគ​នៃ​ជំងឺ​កូវីដ-១៩​ប្រភេទ​កម្លាយ ឬ​បំប្លែង​ខ្លួន​ថ្មី ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​មួយ​នាក់​រស់​នៅ​សង្កាត់​ទន្លេ​បាសាក់ និង​ពីរ​នាក់​ទៀត គឺជា​អ្នក​ពាក់ព័ន្ធ​នៅ​ក្លឹប​កម្សាន្ត N8

ក្រសួង​សុខាភិបាលបញ្ជាក់​ថា ការ​ចម្លង​មេរោគ​នៃ​ជំងឺ​កូវីដ-១៩ ប្រភេទ​ថ្មី​នេះ មាន​ចរិត​កាច និង​​លឿន​ជាង​ធម្មតា។

កាល​ពី​សប្ដាហ៍​មុន​ កម្ពុជា​ទើប​តែ​រក​ឃើញ​អ្នក​ជំងឺ​ជំងឺ​កូវីដ-១៩ ប្រភេទ​កម្លាយ ឬ​បំប្លែង​ខ្លួន​ថ្មី​នេះ ចំនួន ៣នាក់​ដែរ ដែល​កាល​ណោះ​មាន​ជន​ជាតិ​ចិន​ម្នាក់ និង​ឥណ្ឌា ២នាក់។ ពិភព​លោក​មិន​ទាន់​រក​ឃើញ​វ៉ាក់សាំង​ណា ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩ ប្រភេទ​កម្លាយ ឬ​បំប្លែង​​ខ្លួន​​ថ្មី​នេះ​នៅ​ឡើយ​ទេ។

សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ទី២៣ កុម្ភៈ បង្ហាញ​ថា អ្នក​ឆ្លង​ថ្មី​ទាំង ២៥នាក់ មាន ២៣នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ ដោយ​ក្នុង​នោះ មាន​ជនជាតិ​ចិន ២០នាក់ ជនជាតិ​វៀតណាម​ម្នាក់ សុទ្ធ​តែ​រស់​នៅ​រាជធានី​ភ្នំពេញ និង​ខ្មែរ ២នាក់ ម្នាក់​រស់​នៅ​ភ្នំពេញ និង​ម្នាក់ទៀត នៅ​ខេត្ត​កំពង់ធំ។ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ក្នុង​សហគមន៍​ទាំង ១០១នាក់ ក្នុង​រយៈ​ពេល ៤ថ្ងៃ​នេះ មាន ៨៥នាក់ ជា​ជន​ជាតិ​ចិន។

ក្នុង​ថ្ងៃ​ដដែល អាជ្ញាធរ​បាន​បិទ​ទីតាំង​អាជីវកម្ម​មួយ​ចំនួន​បន្ថែម​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ ការ​បិទ​​ទីតាំង​​ពាក់ព័ន្ធ​នេះ បាន​ឡើង​ដល់​ ៤៧ទីតាំង​​ហើយ។

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ក៏​ប្រកាស​ឲ្យ​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​នៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល ផ្អាក​សកម្មភាព​ជួបជុំ​គ្នា នៅ​សាលា​រៀន​ចំនួន ២សប្ដាហ៍។

សាលា​ដំបូង និង​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​ប្រកាស​លើក​ពេល​សវនាការ​ ២សប្ដាហ៍​ដែរ ចាប់​ពី​ថ្ងៃ​ទី២៤ កុម្ភៈ​ត​ទៅ។ លើក​លែង​តែ​សំណុំ​រឿង​ចាំបាច់​មួយ​ចំនួន។

រីឯ​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ដែល​មាន​កូន​ប្រសា​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ជា​អនុ​ប្រធាន​វិញ គណៈកម្មការ​នេះ​បាន​ឆ្លៀត​ឱកាស​នេះ ដាក់​សំណើ​ទៅ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២២ ខែកុម្ភៈ សុំ​អនុវត្ត​វិធានការ​តឹងរ៉ឹង​បំផុត​លើ​អ្នក​មិន​សហការ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​នេះ។

គណៈកម្មការ​នេះ សុំ​បណ្ដេញ​ជន​បរទេស​ចេញ​ពី​កម្ពុជា និង​ហាម​ចូល​ប្រទេស​សា​ជា​ថ្មី បើ​ជន​នោះ មិន​អនុវត្ត​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល ចំពោះ​ការ​ធ្វើ​ចត្តាឡីស័ក និង​សុំ​ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​ពលរដ្ឋ​ខ្មែរ ដែល​ល្មើស​វិធាន​នេះ​ដែរ។ ចំពោះ​ទីតាំង​វិញ គណៈកម្មការ​នេះ ស្នើ​ឲ្យ​ដក​ហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម។

ជុំវិញ​ប្រភព​នៃ​ការ​ចម្លង​មេរោគ​នេះ​វិញ រដ្ឋាភិបាល​ប្រកាស​ថា ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ មាន​ប្រភព​ពី​ស្ត្រី​ជនជាតិ​ចិន ៤នាក់ ដែល​សន្តិសុខ ២នាក់ បាន​ជួយ​សម្រួល​ឲ្យ​ចេញ​ពី​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​ ដើម្បី​ទៅ​ចូល​ក្លឹប​កម្សាន្ត​ N8 ក្នុង​ពេល​ដែល​ពួក​គាត់​កំពុង​​តែ​ធ្វើ​ចត្តាឡីស័ក។ ក្រោយមក ក្រសួង​សុខាភិបាល​រក​ឃើញ​ថា ស្ត្រី​ចិន ២នាក់ ក្នុង​ចំណោម​បួន​នាក់​នោះ មាន​ផ្ទុក​ជំងឺ​កូវីដ-១៩។

រីឯ​សន្តិសុខ ២នាក់ ដែល​បាន​ជួយ​ឲ្យ​ស្ត្រី​ចិន​ចេញ​ទៅ​ក្រៅ​នោះ ត្រូវ​អាជ្ញាធរ​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​លោក សាន សុខ​សីហា ប្រាប់​ថា នគរបាល​ បាន​ឃាត់​ខ្លួន​សន្តិសុខ ២នាក់ ដែល​លួច​បើក​ដៃ​ឲ្យ​ស្ត្រី​ចិន​ចេញ​ដើរ​លេង។ បច្ចុប្បន្ន សន្តិសុខ​ទាំង ២នាក់​នោះ កំពុង​ដាក់​ឲ្យ​ចត្តាឡីស័ក នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ។

អ្នក​នាំ​ពាក្យ​នគរបាល​រាជធានី​ភ្នំពេញ​រូប​នេះ បញ្ជាក់​ថា សន្តិសុខ​ទាំង​នេះ នឹង​ប្រឈម​ការ​ពិន័យ និង​ទោស​ទណ្ឌ តាម​អនុក្រឹត្យ​ថ្មី នៅ​ពេល​អនុវត្ត​វិធានការ​ចត្តាឡីស័ក​ចប់​សព្វ​គ្រប់​រួច​ហើយ​នោះ៖ «មាន​ជាប់​ពាក់ព័ន្ធ​ពី​បញ្ហា​ហ្នឹង គឺ​គាត់​សហការ លួច​ជម្លៀស​ចេញ​យល់​ទេ? អ៊ីចឹង មាន​ន័យ​ថា គាត់​(សន្តិសុខ ២នាក់) មាន​គម្រោង​ស្រាប់»

មន្រ្តី​ដដែល​ថា រក​មិន​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត នឹង​សកម្មភាព​នេះ​ទេ។

អនុក្រឹត្យ​ថ្មី​ដែល​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទាន់ កាល​ពី​ថ្ងៃ​ទី១៨ កុម្ភៈ ចែង​ថា អ្នក​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​អ្នក​គេច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់​ពី ១០លាន (១០.០០០.០០០) រៀល ឬ​ស្មើ ២ពាន់៥រយ  (២.៥០០) ដុល្លារ​ដល់ ៥០លាន (៥០.០០០.០០០) រៀល ឬ​ស្មើ ១ម៉ឺន២ពាន់៥រយ (១២.៥០០) ដុល្លារ ដោយ​មិនទាន់​បញ្ចូល​ទោស​ព្រហ្មទណ្ឌ។

កន្លង​មក​រដ្ឋាភិបាល ក៏​មាន​វិធានការ​ពិន័យ​ខ្លះ​ដែរ ប៉ុន្តែ​ការ​អនុវត្ត​ នៅ​តែ​មាន​ភាព​ឆក​ល្វែង។ ប្រការ​នេះ ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល ព្រួយបារម្ភ។ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​លោក យង់ គឹមអេង សង្កេត​ឃើញ​ថា ការ​ត្រួត​ពិនិត្យ និង​ការ​គ្រប់គ្រង​កន្លែង​ចត្តាឡីស័ក​​ មិន​បាន​ដិត​ដល់ ទើប​បណ្ដាល​ឲ្យ​កើត​មាន​ករណី​រត់​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ដដែលៗ បង្កើត​ជា​ក្ដី​ព្រួយ​បារម្ភ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ ជាពិសេស ​អ្នក​ក្រីក្រ៖​ «ពេល​នេះ​វា​គួរ​តែ​រៀបចំ​វិធានការ​ក្នុង​ការ​រុក​រក ឲ្យ​បាន​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ថែម​ទៀត ឲ្យ​ឃើញ​អ្នក​ដែល​ពាក់ព័ន្ធ​​ទាំង​អស់​ ដើម្បី​ឲ្យ​យើង​ប្រាកដ​ប្រជា​ថា ការ​ចម្លង​ហ្នឹង​យើង​ទប់​ស្កាត់​បាន»

ទោះ​ជា​ករណី​ចម្លង​ក្នុង​សហគមន៍​កើត​ឡើង​ជា​លើក​ទី៣ ក្តី ក៏​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​លើសលុប នៅ​តែ​ចេញ​ក្រៅ​ប្រកប​កិច្ចការ​រក​ទទួល​ទាន​ជា​ធម្មតា ព្រោះ​តែ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​នេះ។ ពលរដ្ឋ​ខ្លះ បាន​ត្រឹម​តែ​ព្រួយ​បារម្ភ​ តែ​​​​មិន​អាច​ផ្អាក​សកម្មភាព​​ចេញ​ពី​ផ្ទះ​បាន​ទេ ហើយ​ពួកគាត់​មួយ​ចំនួន នៅ​តែ​បន្ត​កក​កុញ​គ្នា​តាម​ដង​ផ្លូវ គឺ​ធ្វើ​ដូច​​ធម្មតា​ ដើម្បី​​​ប្រកប​មុខ​របរ​រៀងៗ ខ្លួន។

ពលរដ្ឋ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ​លោកស្រី ស៊ិន ស៊ីនួន ឲ្យ​ដឹង​ថា ទោះ​ជា​ជំងឺ​កូវីដ-១៩ ប្រភេទ​បំប្លែង​ថ្មី​នេះ អាច​ចម្លង​លឿន​ និង​កាច​យ៉ាង​ណា ក៏​ពលរដ្ឋ​ក្រីក្រ​ស្ទើរ​ទាំង​អស់ ត្រូវ​តែ​ចេញ​ទៅ​ធ្វើការ​ជា​ធម្មតា​​ដែរ ព្រោះ​ជាប់​​បំណុល​ធនាគារ។ លោក​ស្រី​អះអាង​ថា ស្ថាន​ភាព​នៅ​ភ្នំពេញ មិន​បាន​ស្ងប់ស្ងាត់​ទេ។ តាម​ផ្លូវ​នៅ​តែ​កក​ស្ទះ។ តែ​ពលរដ្ឋ​ពាក់​ម៉ាស់ និង​លាង​សំអាត​ដៃ​ញឹកញាប់​ជាង​មុន​ «អ្នក​រើស​អេតចាយ នៅ​តែ​រើស​អ៊ីចឹង​ទៅ។ រួច​អ្នក​លក់​ឥវ៉ាន់​ហ្នឹង ក៏​នៅ​តែ​លក់​ឥវ៉ាន់​ដែរ។ ប៉ុន្តែ​ក្នុង​ការ​ភ័យ​ខ្លាច​ហ្នឹង ប្រឈម​ទី​១ គឺ​កូន​ធ្វើ​ការ​អ៊ីចឹង​ទៅ បិទ​កន្លែង​ដល់​បិទ​កន្លែង​អ៊ីចឹង គាត់​ថា ជំពាក់​លុយ​ធនាគារ​នោះ។ អា​យើង​ចិញ្ចឹម​ជីវិត​ហ្នឹង លក់​អេតចាយ​តិចៗ ទៅ​បាន​ហើយ។ អេតចាយ​ទើប​តែ​ឡើង​ថ្លៃ​បន្តិច ដល់​ឥឡូវ​កូវីដ​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​ទៀត ធ្លាក់​ថ្លៃ​ទៀត​ហើយ»

ការ​ផ្ទុះ​ឡើងវិញ​នៃ​​ព្រឹត្តិការណ៍​សហគមន៍​នេះ កើត​ឡើង​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន ​របស់​ក្រុមហ៊ុន​ស៊ីណូហ្វាម (Sinopharm)។​ វ៉ាក់សាំង​នេះ មិន​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះ​ទេ។

ការ​ចាក់​វ៉ាក់សាំង​នេះ​ទៀត​សោត បើ​ទោះ​ជា​ក្រសួង​អះអាង​ថា ធ្វើ​តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត ក៏​ចំនួន​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច នៅ​មាន​តិចតួច ហើយ​ក្នុង​ចំណោម​អ្នក​បាន​ចាក់​រួច​នោះ ភាគ​ច្រើន គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់ ក្នុង​ជួរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

ក្នុង​រយៈ​ពេល ២សប្ដាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី២៣ ខែកុម្ភៈ ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​មាន​ចំនួន​ជិត ៨ពាន់ (.៧៧០) ដូស ប៉ុណ្ណោះ ឬ​បាន​មិន​ដល់ ២% (,២៩) នៃ​ចំនួន​វ៉ាក់សាំង​ចិន ៦សែន (៦០០.០០០) ដូស​នោះ។

ទំនង​ជា​បែប​នេះ​ហើយ ទើប​ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ទី២១ ខែកុម្ភៈ ក្រោយ​ប្រកាស​ផ្ទុះ​ករណី​ចម្លង​ក្នុង​សហគមន៍​រួច​ភ្លាម បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ អំពី​ការ​ពង្រីក​ទីតាំង​ចុះ​ចាក់​វ៉ាក់សាំង ទៅតាម​ខេត្ត​ក្រុង​ចំនួន១០ នៅ​ទូទាំង​ប្រទេស។  ការ​ចុះ​ចាក់​វ៉ាក់សាំង​តាម​ខេត្ត​នេះ ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី២២ ខែកុម្ភៈ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល