ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងខ្ពស់ ខណៈរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសបញ្ចប់ការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា តទៅ។
ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី៤ ឧសភាថា មានអ្នកឆ្លងជំងឺកូវីដថ្មីជិត១ពាន់(៩៣៨)នាក់ និងមានអ្នកជំងឺកូវីដម្នាក់ បានស្លាប់។ក្នុងចំណោមអ្នកឆ្លងថ្មី ជិតមួយពាន់នាក់នេះ គឺនៅរាជធានីភ្នំពេញ មានជាង៦រយ (៦០៨) នាក់ ខេត្តកណ្តាលជិតពីររយ(១៧៥)នាក់ ខេត្តព្រះសីហនុ ៧៧នាក់ និងខេត្តបន្ទាយមានជ័យ៥១នាក់។
ចំណែក អ្នកជំងឺកូវីដម្នាក់ដែលស្លាប់នោះ ក្រសួង បញ្ជាក់ថា ជាបុរសជនជាតិខ្មែរ អាយុ៨១ឆ្នាំ មានទីលំនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គាត់ បានស្លាប់កាលពីថ្ងៃទី៣ ខែឧសភា ដោយសាររលាកសួតធ្ងន់ធ្ងរបង្កឡើងដោយមេរោគកូវីដ-១៩។
ចំពោះករណីស្ត្រីអ្នកជំងឺកូវីដម្នាក់ ឈ្មោះ សូ ហៀង អាយុ៥៨ ឆ្នាំ ដែលបានស្លាប់នៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនោះ ក្រសួងសុខាភិបាល មិនបានរាប់បញ្ចូលក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនឡើយ។ ស្ត្រីអ្នកជំងឺរូបនេះ បានស្លាប់ ក្រោយទទួលបានការព្យាបាលយឺតយ៉ាវ ដោយសារមន្ទីរពេទ្យឯកជនមួយចំនួនក្នុងក្រុងភ្នំពេញ បដិសេធការព្យាបាល និងទាមទារតម្លៃសេវាព្យាបាលថ្លៃខ្ពស់ពេក។ គាត់បានស្លាប់នៅព្រឹកថ្ងៃទី៣ ខែឧសភា ក្រោយធ្វើដំណើរពីភ្នំពេញ ចូលទៅសម្រាកព្យាបាលក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានមួយថ្ងៃ។
ដោយឡែកនៅថ្ងៃដដែលនេះដែរ ក្រសួង អះអាងថា មានអ្នកជាសះស្បើយជាង៣រយ(៣៦១)នាក់។
គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជាង១ម៉ឺន៦ ពាន់( ១៦.២៩៩)នាក់ ក្នុងនោះ អ្នកជាសះស្បើយជាង៥ពាន់ (៥.៧៩១)នាក់ និង អ្នកកំពុងសម្រាកព្យាបាលជាង១ម៉ឺន(១០.៣៩៤)នាក់ ។ ចំពោះករណីស្លាប់វិញ ក្រសួងទទួលស្គាល់ថា មានចំនួន១០៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។