មូលហេតុ​នៃ​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ សេ (C) និង​វិធី​ព្យាបាល​

ដោយ ម៉ៅ សុធានី
2019-03-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​គ្រូពេទ្យ​បូម​ឈាម​ពី​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​មក​ផ្ដល់​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គឌួង កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៤។
សកម្មភាព​គ្រូពេទ្យ​បូម​ឈាម​ពី​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​មក​ផ្ដល់​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គឌួង កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៤។
RFA

វេជ្ជបណ្ឌិត​ជំនាញ​ថ្លើម​នៃ​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​ដឹង​ថា​ ជំងឺ​ថ្លើម​ប្រភេទ ​សេ ​ឬ Hepatitis C គឺ​ជា​ជំងឺឆ្លង​បណ្ដាល​មក​ពី​ឆ្លង​មេរោគ​ឬ​វីរុស​ HCV​ ដែល​នាំ​ឱ្យ​ថ្លើម​រលាក​ធ្ងន់ធ្ងរ​ និង​វិវត្ត​ទៅ​ជា​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ។ អ្នក​ដែល​កើត​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​ប្រមាណ​ពី ២០​ ទៅ ៣០% នឹង​វិវត្ត​ទៅជា​ថ្លើម​ក្រិន​ ឬ​រឹង​ និង​កើត​ជំងឺ​មហារីក​ថ្លើម​ក្នុង​អំឡុង​ពេល ២០ឆ្នាំ។

តើ​ជំងឺ​ថ្លើម​ប្រភេទ​បេ​និង​សេ​ មាន​លក្ខណៈ​ខុសគ្នា​យ៉ាងដូច​ម្ដេច​ហើយ​តើ​គេ​អាច​ព្យាបាល​ដោយ​វិធី​ណា?

លោក​អនុបណ្ឌិត​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​ទូទៅ​ឆាន់​ទូច​ មានប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ពី​ទី​ក្រុង​ឡូវ៉ែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) ថា ជំងឺ​រលាក​ថ្លើម​មាន ៣ប្រភេទ គឺ A, B និង C ដែល​មាន​លក្ខណៈ​ខុស​គ្នា​ ហើយ​មេរោគ​ដែល​នាំ​ឱ្យ​រលាក​ថ្លើម​ក៏​ខុស​គ្នា​ដែរ។ ចំណែក​ការ​ព្យាបាល​វិញ​ក៏​ខុស​គ្នា។ លោក​ថា​ គេ​អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា និង​ប្រភេទ បេ ក៏​ប៉ុន្តែ​គ្មាន​ថ្នាំ​ចាក់​ការពារ​ប្រភេទ​សេ​នោះ​ទេ។ ទោះជា​យ៉ាង​នេះ​ក្ដី​បច្ចុប្បន្ន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​គេ​អាច​មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​ដាច់​តែ​ប្រភេទ​បេ​ មិន​អាច​ជា​ដាច់​បានទេ​គឺ​ត្រូវ​លេប​ថ្នាំ​ជាប្រចាំ​អស់​មួយ​ជីវិត៖ «ជំងឺ​​Hepatitis B និង ​C គឺ​ស្រ​ដៀង​គ្នា​គ្រាន់តែ​មេរោគ​វា​ខុស​គ្នា។ Hepatitis B បច្ចុប្បន្ន​អត់​មាន​ថ្នាំ​ព្យាបាល​បាន​ទេ ​គ្រាន់​តែ​មាន​ថ្នាំ​ជួយ​បង្ក្រាប​ឱ្យ​មេ​រោគ​ខ្សោយ​ ហើយ​ខ្លួនប្រាណ​យើង​មាន​កម្លាំង​ល្អ​អាច​សម្លាប់​មេរោគ​ និង​បង្កើត​ជា​អង្គ​បដិ​បក្ខ។ ចំណែក Hepatitis C វា​ឆ្លងតាម​ពិត​មក​ពី​ឈាម​ដូចគ្នា​។ ប៉ុន្តែ​ អ្វី​ដែល​ខុសគ្នា​ហើយ​ ប៊ី ឆ្លង​មក​ឈាម​មក​ពី​ប្រើ​ម្ជុល​រួមគ្នា​ ប្រើ​កាំបិត​កោរ​សក់​រួមគ្នា»

របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​បង្ហាញ​ថា​ អ្នក​ដែល​ប្រថុយប្រថាន​ខ្លាំង​ជាងគេ​ក្នុង​ការ​ឆ្លង​វីរុស​ ឬ​មេរោគ​ប្រភេទ​សេ​នេះ​ រួមមាន​បុគ្គលិក​ពេទ្យ​ដែល​ប៉ះពាល់​ឈាម​មាន​មេរោគ ​ខ្លះ​ប្រើ​ម្ជុលចាក់​ថ្នាំញៀន​រួមគ្នា​ ការ​សាក់​ខ្លួនប្រាណ ​ឬ​​ការ​ប្រើ​ម្ជុល​ពេទ្យ​ ឬ​ម្ជុល​ពេទ្យធ្មេញ​ មិនបាន​សម្លាប់​មេរោគ​អ្នក​ផ្ទុកមេរោគ​ហ៊ីវ​ (HIV​) ឬអេដស៍​ និង​អ្នក​ខ្លះ​ទៀត​ ឆ្លង​ដោយសារ​ការ​បញ្ចូល​ឈាម ​និង​ឆ្លង​ពី​ម្ដាយ​ដែល​កើតជំងឺ​រលាក​ថ្លើម​ប្រភេទ​ សេ ​នេះ។ របាយការណ៍​បន្ត​ថា​ ជំងឺ​ថ្លើម​ប្រភេទ​ សេ (Hepatitis​​ C) បណ្ដាល​ឱ្យ​ថ្លើម​រលាក​ធ្ងន់ធ្ងរ​ និង​វិឌ្ឍ​​ទៅជា​ថ្លើម​រ៉ាំរ៉ៃ​ ដែល​ខ្លះ​ធ្វើ​ឱ្យ​អ្នកជំងឺ​ឈឺ​ល្មមៗ អាច​ជា​សះ​ស្បើយ​ឡើងវិញ​បាន​ក្នុង​អំឡុង​ពី ២​ទៅ ៣សប្ដាហ៍​។ ក៏ប៉ុន្តែ​ខ្លះ​ទៀត​បណ្ដាល​ឱ្យ​ថ្លើម​ក្រិន ឬ​​រឹង ​និង​កើត​ទៅ​ជា​ជំងឺ​មហា​រីក​ថ្លើម​ក្នុង​អំឡុង​ពេល ២០ឆ្នាំ។

លោក​ ឆាន់​ ទូច​ មានប្រសាសន៍​ថា​ ប្រសិន​បើ​អ្នក​កើត​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ Hepatitis C មិន​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា​ ដោយ​បណ្ដោយ​ឱ្យ​ថ្លើម​រលាក​យូរ​រាប់​សិប​ឆ្នាំ​នោះ​ នឹង​បណ្ដាល​ឱ្យ​ថ្លើម​ខូច​ធ្ងន់ធ្ងរ​រហូតដល់​ក្រិន ​ឬ​រឹង​ថ្លើម។ លោក​បណ្ឌិត​រៀបរាប់​​ពី​មូលហេតុ​មួយ​ចំនួន​បណ្ដាល​ឱ្យ​ឆ្លង​ជំងឺ​មេរោគ Hepatitis C«ការស្រាវជ្រាវ​បង្ហាញ​ថា ​ក្នុង​ក្រុម​គ្រួសារ​ខ្លះ​ដែល​មាន ​Hepatitis C ឪពុក​ម្ដាយ​អាច​ឆ្លង​មក​កូន។ ​ក៏​ប៉ុន្តែ​គ្រួសារ​ខ្លះ​ក៏​អត់​ឆ្លង​ដែរ​។ អ្វី​ដែលគេ​ឃើញ​មានការ​ឆ្លង​ច្រើន​ គឺ​ប្រើប្រាស់​​ច្រាស​​ដុស​ធ្មេញ​រួម​គ្នា​​ ក៏​អាច​​បណ្ដាល​ឆ្លង​មេរោគ​ C ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ ហើយ​អ្វី​ដែល​ខុសគ្នា​រវាង ​Hepatitis B​ គឺ​ Hepatitis C​ បច្ចុប្បន្ន​គេ​អាច​ព្យាបាល​ជា​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាទីបំផុត​ កាលណា​ក្រិនថ្លើម​ហើយ​ ទោះបី​ព្យាបាល​ជា​ហើយក៏​ដោយ​ថ្លើម​រឹង ឬ​ខូច​ច្រើន។ ​ដូចនេះ​ផ្នែក​ដែល​ជា​ហើយ​នោះ​មិន​អាច​ព្យាបាល​ឱ្យ​ជា​ដាច់​បានទេ»

របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ឱ្យ​ដឹង​ថា​ អ្នក​ដែល​ឆ្លង​វីរុស​ប្រភេទ​សេ​ធ្វើ​ឱ្យ​រលាក​ថ្លើម​ក្នុង​អំឡុង​ពេល​ពី​ ២​សប្ដាហ៍​ទៅ ៦ខែ។ ក៏​ប៉ុន្តែ​អ្នក​ឆ្លង​ប្រមាណ​ជា ៨០%​ ពុំ​មាន​បង្ហាញ​រោគសញ្ញា​អ្វី​ឡើយ។ ជាមួយគ្នា​នេះ គឺ​អ្នក​ឆ្លង​មេរោគ​នេះ​តិចតួច​បំផុត ដែល​មាន​រោគសញ្ញា ដូចជា​គ្រុន​ក្ដៅ​អស់​កម្លាំង​ខ្លាំង ទទួលទាន​មិន​បាន​ចង់​ក្អួត​ចង្អោរ និង​ក្អួត​ឈឺ​ពោះ លាមក​ដូរ​ពណ៌​ទៅជា​ប្រផេះ ស្បែក និង​ភ្នែក ឡើង​លឿង​ជា​ដើម។

លោក ឆាន់ ទូច អះអាង​ថា ថ្លើម​មានមុខ​ងារ​សំខាន់​ច្រើន​ណាស់ ​រួមមាន លាង​សំអាត​ជាតិពុល​ក្នុង​ឈាម​រំលាយ​ជាតិ​ខ្លាញ់ និង​ផលិត​ទឹក​ប្រ​ម៉ាត់ ដើម្បី​ជំនួយ​ដល់​ការ​រំលាយ​អាហារ និង​ជា​កន្លែង​រក្សាទុក​វីតាមីន​ និង​ជាតិ​ដែក​ ដើម្បី​ផ្ដល់​ថាមពល​ដល់​រាងកាយ។ ក៏​ប៉ុន្តែ​ ប្រសិន​បើ​រលាក​ថ្លើម​ប្រភេទ សេ នេះ​រយៈពេល​យូរ​អ្នក​ជំងឺ​អាច​មាន​បញ្ហា​ក្រិន​ថ្លើម ឬ​មហា​រីក​ថ្លើម ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ក្នុង​ពោះ ឬ​ខ្មែរ​យើង​ហៅ​ថា កើត​ទាច​ទឹក៖ «ប្រសិន​បើ​មិន​ព្យាបាល​វា​ទេ​សំខាន់​បំផុត​ទុក​ឱ្យ​ទៅជា​ជំងឺ​ក្រិន​ថ្លើម​ដែល​ខ្មែរយើង​ថា​ កើត​ទាច​ទឹក។ បើ​មាន​ទាច​ទឹក​ហើយ គឺ​ថ្លើម​វា​ខូច​មិន​អាច​ដំណើរការ​បាន​ទេ។ ដូច្នេះ​ជាតិ​ទឹក​ដែល​ចម្រាញ់​ចេញ​ពី​ក្នុង​ឈាម​យើង​មិន​អាច​ច្រោះ​តាម​ថ្លើម​បាន ម្ល៉ោះ​ហើយ​វា​ចូល​ទៅ​ក្នុង​ពោះ​បង្កើត​ទាច​ទឹក​ហើយ​ជាតិ​ពុល​មិន​អាច​ចម្រាញ់​បាន​នៅ​ថ្លើម​វា​នៅ​ក្នុង​ខ្លួន​យើង គឺ​នាំ​ឱ្យ​បាត់បង់​ជីវិត»

តើ​គេ​អាច​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​ដោយ​វិធី​ណា?

លោក​ឆាន់​ ទូច​ មានប្រសាសន៍​ផង​ដែរ​ថា សំខាន់​បំផុត​ពលរដ្ឋ​ខ្មែរ​ត្រូវ​ទៅ​ពិនិត្យ​មើល​ឈាម ដើម្បី​ចង់​ដឹង​ពិតប្រាកដ​នៃ​ប្រភេទ​ជំងឺ​រលាក​ថ្លើម​រួច​ហើយ ត្រូវ​ស្វះស្វែង​រក​ការ​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា។ លោក​ថា បច្ចុប្បន្ន​គេ​មាន​ថ្នាំ​សម្រាប់​ព្យាបាល​អ្នក​កើតជំងឺ​រលាក​ថ្លើម​ប្រភេទ​ សេ​ ក៏ប៉ុន្តែ​គ្រាន់តែ​តម្លៃ​ខ្ពស់។ ចំពោះ​អ្នក​ក្រីក្រ​វិញ​ គឺ​គ្មាន​លទ្ធភាព​ទិញ​ថ្នាំ​សម្រាប់​ព្យាបាល​បាន​ឡើយ។ លោក​ថា​ កាលណា​ផ្នែក​ខ្លះ​នៃ​ថ្លើម​ក្រិន​ហើយ គឺ​មិន​អាច​ជា​ដូច​ដើម​បាន ១០០% នោះ​ឡើយ៖ «ថ្នាំ​ហ្នឹង​អាច​ព្យាបាល​បាន​ជា​ប៉ុន្តែ​តម្លៃ​ថ្លៃ។ គេ​លេប​ថ្នាំ​ព្យាបាល​ប្រមាណ​ជា ៤ ឬ ៥មុខ​បច្ចុប្បន្ន​នេះ។ ខ្ញុំ​មាន​អ្នក​ជំងឺ​ខ្ញុំ​លេប​ថ្នាំ​ហ្នឹង​ទៅ​ គ្រាន់តែ​អស់​កម្លាំង​អត់​មាន​ជ្រុះ​សក់​ អត់​មាន​ដូច​មុន​ អត់​មាន​ចាក់​អ្វី​ដូច​មុន​ទេ ​ខុស​គ្នា​ស្រឡះ​ការ​ព្យាបាល។ គាត់​ពិសា​ថ្នាំ​ហ្នឹង​ចប់​សព្វគ្រប់​ហើយ ​គាត់​អាច​រស់នៅ​ធម្មតា​ អត់​បញ្ហា​ទេ​ គឺ​ជំងឺ​ហ្នឹង​ជា​ហើយ។ ក៏​ប៉ុន្តែ​ដូច​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ ទៀត​ពេល​ខ្លះ​ក្នុង​កាលៈទេសៈ​មាន​ជំងឺ​មហារីក​ ប្រើ​ ខេម៉ូ (Chemotherapy) សុខភាព​ធ្លាក់​ធ្ងន់​ ជំងឺ​ហ្នឹង​អាច​មិន​មែន​នឹង​ទេ គឺ​អាច​ត្រឡប់​មក​វិញ​បាន»

លោក ឆាន់ ទូច បាន​ផ្ដល់​ដំបូន្មាន​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស​ថា ត្រូវ​តែ​ទៅ​ពិនិត្យ​មើល​ឈាម​រក​មេរោគ​ជំងឺ​រលាក​ថ្លើម​ឱ្យ​ដឹង​ជាមុន​សិន និង​ត្រូវ​ចាក់​ថ្នាំ​ការពារ ប្រសិន​បើ​គ្មាន​អង្គ​បដិបក្ខ​ប្រឆាំង​មេរោគ។ លោក​បន្ត​ថា ក្រោយ​ដែល​បាន​ដឹង​ថា មាន​ជំងឺ​រលាក​ថ្លើម​ហើយ ​ត្រូវ​ថែទាំ​សុខភាព​ដោយ​បរិភោគ​អាហារ​ទ្រទ្រង់​សុខភាព ​កាត់​បន្ថយ​ម្ហូបអាហារ ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ​បញ្ឈប់​ការ​ទទួល​ទាន​សុរា​ ជក់​បារី និង​ហាត់ប្រាណ​ឱ្យ​បាន​ទៀង​ទាត់៖ «ខ្ញុំ​ចង់​ឱ្យ​បងប្អូន​យើង​ចាំ​ឱ្យ​តែ​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ អេ ប៊ី និង ស៊ី​ ក៏​ដោយ​ របស់​ដែល​ដាច់​ខាត​កុំ​ប៉ះពាល់​ ទី១ គឺ​ស្រា​ ទី២​ ថ្នាំ Tylenol ហើយ​កត្តា​ទី៣ បើ​យើង​បរិភោគ​ខ្លាញ់​ច្រើន​បណ្ដាល​ឱ្យ​ខ្លាញ់​រុំ​ថ្លើម​បណ្ដាល​ឱ្យ​រលាក​ហើយ​ឡើង​គីឡូ​ខ្លាំង​ពេក​ខ្លាញ់​ច្រើន​ពេក​នោះ​នាំ​ឱ្យ​បន្ទុក​ខ្លាំង​ទៅ​លើ​ថ្លើម​របស់​យើង»

របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ជំងឺ​ថ្លើម​ប្រភេទ​សេ​មិន​ចាំបាច់​ត្រូវ​ការ​ថ្នាំ​ព្យាបាល​ទេ​ ប្រសិន​បើ​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្លាំង ​គឺ​អាច​កម្ចាត់​មេរោគ​បាន ហើយ​ខ្លះ​ទៀត​ ទោះ​បី​ជា​មាន​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​នេះ​ក៏ដោយ ក៏​មិន​អាច​វិវឌ្ឍ​ថ្លើម​ឱ្យ​ទៅ​ជា​ក្រិន ឬ​រឹង​នោះ​ដែរ។ បច្ចុប្បន្ន​ គេ​អាច​មាន​ថ្នាំ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​រលាក​ថ្លើម​ប្រភេទ សេ បាន​ជា​សះ​ស្បើយ​ជាង ៩៥% ដែល​អាច​កាត់​បន្ថយ​ ឬ​ទប់​ស្កាត់​កុំ​ឱ្យ​ថ្លើម​វិវឌ្ឍ​ទៅ​ជា​ជំងឺ​ក្រិន ឬ​រឹង​ថ្លើម​និង​ជំងឺ​មហារីក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ការ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ សេ នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​នៅ​បណ្ដា​ប្រទេស​ក្រីក្រ​ និង​កំពុង​អភិវឌ្ឍ។ អាស្រ័យ​ហេតុ​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​យក​ថ្ងៃ​ទី២៨ ខែ​កក្កដា​រៀងរាល់​ឆ្នាំ​ជា «ទិវា​ជំងឺ​រលាក​ថ្លើម​ពិភពលោក» ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​យល់​ដឹង​ អំពី​វិធីការ​ពារ​និង​ការ​ទប់ស្កាត់​ ជំងឺ​រលាក​ថ្លើម​ប្រភេទ អា បេ និង សេ(Hepatitis A, B, and C)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល