អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ខេត្ត​បាត់ដំបង​កើន​ដល់​១៩០​នាក់

ដោយ ហ៊ុំ ចំរើន
2014-12-27
Share
មណ្ឌល​សុខភាព​រកា បាត់ដំបង ៦២២ ២០១៤ ពលរដ្ឋ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព រកា ស្ថិត​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo: RFA

ពលរដ្ឋ​ដែល​រក​ឃើញ​ថា​មាន​មេរោគ​អេដស៍ នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង កើន​ឡើង​ដល់​ចំនួន ១៩០​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ធ្នូ។ បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​ប្រធាន និង​អនុប្រធាន ព្រម​ទាំង​សមាជិក​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា និង​អ្នក​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង ជាច្រើន​នាក់​ផ្សេង​ទៀត បាន​ដឹក​នាំ​ក្រុម​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​អេដស៍ និង​ចិត្តសាស្ត្រ ចុះ​អប់រំ​ផ្លូវ​ចិត្ត​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ។ ការ​ចុះ​អប់រំ​នេះ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ជំងឺ កុំ​ឲ្យ​ពួក​គាត់​គិត​រវើរវាយ​ចំពោះ​អ្វី​ដែល​ជួប​ប្រទះ​នោះ។

អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ឈាង វុន និង​អ្នកស្រី កែ សុវណ្ណរតន៍ ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា និង​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​ខេត្ត​សៀមរាប គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ បាន​ដឹក​នាំ​គ្រូពេទ្យ​ជំនាញ​ទាំង​នោះ​ចុះ​ទៅ​អប់រំ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដោយ​បែង​ចែក​ប្រជាពលរដ្ឋ​ជា​ក្រុម​តូចៗ​ប្រមាណ​ពី ៨ ទៅ ៣០​នាក់​ក្នុង​មួយ​ក្រុម។

ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា ទទួល​បន្ទុក​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវ​នីតិសម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី អ្នកស្រី កែ សុវណ្ណរតន៍ មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ថា ការ​ទៅ​អប់រំ​នេះ​រួម​មាន​ការ​ណែនាំ​ពន្យល់​ពី​ការ​ថែរក្សា​សុខភាព និង​កុំ​ឲ្យ​ពួក​គាត់​ភ័យ​តក់ស្លុត​នឹង​ជំងឺ​ដែល​កើត​ឡើង​ក្នុង​ក្រុម​គ្រួសារ។ អ្នកស្រី​បន្ត​ថា ហេតុ​ដែល​ដឹក​នាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​អប់រំ​ប្រជាពលរដ្ឋ​អ្នក​ផ្ទុក​មេរោគ​អេដស៍ នៅ​ឃុំ​រកា នេះ ក្នុង​គោល​បំណង​ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ព្រួយ​បារម្ភ​ពី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​កុំ​ឲ្យ​អ្នក​ដទៃ​រើសអើង​អ្នក​កើត​ជំងឺ​អេដស៍ ជាដើម៖ «អ៊ីចឹង​ទេ​វិធានការ​ដំបូង យើង​ធ្វើ​ការ​លើក​ទឹក​ចិត្ត​ទៅ​លើ​ផ្នែក​ស្មារតី​ចិត្តសាស្ត្រ ពន្យល់​ណែនាំ​ដល់​ពួក​គាត់ ពីព្រោះ​ពួក​គាត់​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ដូច​នេះ​បាន​ជា​យើង​នាំ​យក​របស់​របរ​មួយ​ចំនួន ទៅ​ចែក​ជូន​ដល់​ពួក​គាត់​នោះ»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​រកា ដែល​សមាជិក​ក្រុម​គ្រួសារ​មាន​មេរោគ​អេដស៍​ចំនួន ៥​នាក់ ដែល​បាន​ចូលរួម​ស្ដាប់​ការ​ពន្យល់​ពី​មន្ត្រី​ជំនាញ​ដែរ​នោះ ថ្លែង​ថា ការ​អប់រំ​នេះ​ជា​វិធី​មួយ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ បន្ទាប់​ពី​ទៅ​ពិនិត្យ​ឈាម​ឃើញ​មាន​មេរោគ​អេដស៍ ហើយ​រវើរវាយ​ធ្វើ​អ្វី​មិន​កើត​អស់​ជាច្រើន​ថ្ងៃ​មក​នោះ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា មន្ត្រី​ពាក់ព័ន្ធ​គួរ​ចុះ​អប់រំ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ពួក​គេ​រស់នៅ​ដោយ​ឯកោ​គ្មាន​ទី​ពឹង​នោះ៖ «បាទ! បាន​ពួក​គាត់​មក​សួរ​សុខ​ទុក្ខ​ណែនាំ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​អ៊ីចឹង ពួក​យើង​ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ​ណាស់ ធ្វើ​ឲ្យ​ពួក​គាត់​យើង​ខ្ញុំ​មិន​ភ័យ​ព្រួយ​ពី​ការ​កើត​ជំងឺ​នេះ​ខ្លាំង ដូច​ពេល​មុន​នោះ​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យ​ដឹង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​បន្ត​សកម្មភាព​បែប​នេះ ចុះ​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា នៅ​ពេល​ក្រោយ​ទៀត។ អ្នកស្រី​បញ្ជាក់​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា មាន​ចំនួន ៣​ភូមិ រួម​មាន ភូមិ​រកា ភូមិ​កំពេញស្ងែ និង​ភូមិ​តាហែន ស្រុក​សង្កែ ខេត្ត​បាត់ដំបង ហើយ​នៅ​ក្នុង​នោះ ភូមិ​រកា កើត​ច្រើន​ជាង​គេ។ អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ធ្នូ អ្នក​ដែល​មាន​មេរោគ​អេដស៍​នៅ​ឃុំ​រកា កើន​ឡើង​ដល់​ចំនួន ១៩០​នាក់​ហើយ៖ «លទ្ធផល​ជា​បឋម​មាន​ចំនួន ១៨៩​នាក់ ក្នុង​នោះ​នៅ​មាន​កូនស្រី​អាយុ ២៩​ឆ្នាំ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​គាត់​ជោះ​ឈាម​មុន​គេ ហើយ​មិន​ទាន់​បាន​បញ្ចូល​ក្នុង​បញ្ជី​ទេ។ ដូច្នោះ​រួម​ទាំងអស់ គឺ ១៩០​នាក់»

យ៉ាង​ណា​ក៏ដោយ ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ទៀត ដោយសារ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ទៅ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍​ជា​បន្តបន្ទាប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល