គ្រូពេទ្យ​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ចម្លង​មេរោគ​អេដស៍​សារភាព​ថា​បាន​ប្រើ​​ស៊ីរាំង​រួម​គ្នា

ដោយ ហ៊ុំ ចំរើន
2014-12-22
Share
មណ្ឌល​សុខភាព រកា ៦២០ ពលរដ្ឋ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព រកា ស្ថិត​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ ២០១៤។
RFA/Hum Chamroeun

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា គ្រូពេទ្យ​ដែល​អ្នក​ភូមិ​សង្ស័យ​​ជា​អ្នក​ចម្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​​នៅ​ភូមិ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង នោះ បាន​ប្រើ​ស៊ីរាំង​រួម​គ្នា​ដើម្បី​ព្យាបាល​អ្នក​ជំងឺ។

អភិបាល​ខេត្ត​បាត់ដំបង លោក ចាន់ សុផល មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ធ្នូ ថា គ្រូពេទ្យ​ឯកជន​ម្នាក់​ដែល​សង្ស័យ​ជា​អ្នក​ចម្លង​មេរោគ​នោះ ឈ្មោះ​ លោក យ៉ែម ជ្រិន។ លោក​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ ការ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​រកា កន្លង​មក គឺ​ពុំ​បាន​ផ្លាស់ប្ដូរ​ស៊ីរាំង​ចាក់​ថ្នាំ​ញឹក​ញាប់​​នោះ​ទេ៖ «តាម​ការ​សាកសួរ​ហ្នឹង​មាន​កន្លង​ខ្លះ​ ម្ជុល​មាន​ការ​ប្ដូរ​ដែរ ក៏ប៉ុន្តែ​​គាត់​ប្រើ​ស៊ីរាំង​ដែល​គ្មាន​អនាម័យ គឺ​មិន​បាន​ស្ងោ​ស៊ីរាំង​ឲ្យ​ងាប់​មេរោគ​ជា​មុន ហើយ​បញ្ហា​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​វិភាគ​ទៅ​ថ្នាំ​ពេទ្យ​ដែល​ប្រមូល​បាន​បន្ត​នៅ​ឡើយ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​លោក​ថា សមត្ថកិច្ច​ជំនាញ​​កំពុង​ធ្វើ​ការ​ពិសោធន៍​ឧបករណ៍​ចាក់ថ្នាំ​​និង​ថ្នាំ​ពេទ្យ​ដែល​ប្រមូល​បាន​ពី​ផ្ទះ​របស់​​គ្រូ​ពេទ្យ​នៅ​ឡើយ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក វឿង ប៊ុនរ៉េត មាន​ប្រសាសន៍​​ថា គ្រូពេទ្យ​ដែល​ប្រជាពលរដ្ឋ​សង្ស័យ​ចម្លង​មេរោគ​អេដស៍​នោះ ​ធ្លាប់​ធ្វើជា​ពេទ្យ​មក​ពី​ជំរំ​ភៀសខ្លួន​ព្រំដែន​ថៃ ហើយ​ពុំ​មាន​សញ្ញាប័ត្រ​ពេទ្យ​ត្រឹម​ត្រូវ​នោះ​ទេ។

ចំណែក​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី​២២ ធ្នូ​ ពួកគាត់​នៅ​តែ​សម្រុក​ទៅ​ជោះ​ឈាម​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ​នៅ​មណ្ឌល​សុខភាព​រកា ជា​បន្តបន្ទាប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល