លោក ហ៊ុន សែន និង​ភរិយា ត្រៀម​ចាក់​វ៉ាក់សាំង ដែល​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក

ដោយ មួង ណារ៉េត
2021-03-02
Share
លោក ហ៊ុន សែន និង​ភរិយា ត្រៀម​ចាក់​វ៉ាក់សាំង ដែល​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក គឺអ្នកស្រី ប៊ុន រ៉ានី
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក ​នឹង​បណ្ដើរ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​អាស្ត្រាហ្សេ​ណេកា (AstraZeneca) ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ នៅថ្ងៃទី៤ ​ខែមីនា​ខាង​មុខ។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ថា​ ទង្វើ របស់​លោក​ ហ៊ុន សែន ​នេះ​ ឆ្លុះ​បញ្ចាំង​ថា លោក​ ជា​មេ​ដឹក​នាំ​មាន​ភាព​ពុតត្បុត និង​គេចវេះ​មិន​ចាក់​វ៉ាក់សាំង​របស់​ចិន។

ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ អាស្ត្រាហ្ស៊េ​ណេកា (AstraZeneca) របស់​ប្រទេស​អង់គ្លេស​ជាង​បី​សែន (៣២៤.០០០) ដូស នឹង​មក​ដល់​កម្ពុជា​នៅ​ព្រលប់​ថ្ងៃ​ទី២ ខែមីនា ស្រប​ពេល​ដែល​ជំនួយ​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) របស់​ចិន​ជើង​ទី២ ចំនួន ៤សែន​ដូស​ទៀត ក៏​គ្រោង​នឹង​មក​ដល់​កម្ពុជា​ មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​រឿង​ចាក់​វ៉ាក់សាំង​ចិន រហូត​សន្យា​ចោល​ម្ដង​ជា​ពីរ​ដង និង​ចុង​ក្រោយ​គេច​មិន​ចាក់​វ៉ាក់សាំង​ចិន ដោយ​យក​លេស​ថា លោក​លើស​អាយុ​នោះ នៅ​ថ្ងៃ​ទី១ ខែមីនា បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​ព្រម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដើម្បី​ជា​គំរូ​នេះ​ហើយ ប៉ុន្តែ​ចាក់​វ៉ាក់សាំង​អង់គ្លេស ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក មិន​មែន​ចាក់​វ៉ាក់សាំង​ចិន​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត លោក​ថា​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ក៏​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​អង់គ្លេស​នេះ នៅ​ថ្ងៃ​ទី៤ ខែមីនា នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត (Calmette) គឺ​ធ្វើ​នៅ​ថ្ងៃ​ជាមួយ​គ្នា។

កាល​ពី​ដើម​ខែ​កុម្ភៈ លោក ហ៊ុន សែន បាន​គេច​ពី​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម ដោយ​លោក​អះអាង​ថា វ៉ាក់សាំង​ចិន​នេះ មិន​អាច​យក​មក​ចាក់​លើ​មនុស្ស ដែល​មាន​វ័យ​លើស ៥៩ឆ្នាំ​បាន​ទេ។ លោក ហ៊ុន សែន មាន​អាយុ ៦៨ឆ្នាំ។

ការ​អះអាង​របស់​លោក ហ៊ុន សែន មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជា​មួយ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ប៉ុន្តែ​វា​ផ្ទុយ​គ្នា​ស្រឡះ ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ ដែល​មាន​វ័យ ៧៥ឆ្នាំ ហើយ​ថា លោក​បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ​ដែរ តាំង​ពី​ខែមករា​មក​ម្ល៉េះ។ លោក ទៀ បាញ់ ថែម​ទាំង​បញ្ជាក់​ថា វ៉ាក់សាំង​នេះ ចាក់​មិន​ហួស​អាយុ​នោះ​ឡើយ គឺ​អ្នក​អាយុ ១២០ ឆ្នាំ​ក៏​ចាក់​បាន​ដែរ «មន្ទីរពេទ្យ​ម៉ារ៉ុក (Morocco) បាន​បញ្ជាក់​ហើយ គឺ​អាយុ​លើស​ពី ៦០ឆ្នាំ​ទៅ គឺ​កាន់​តែ​មាន​ប្រសិទ្ធភាព កាន់​តែ​ល្អ សុវត្ថិភាព​កាន់​តែ​ល្អ។ ហ្នឹង​គឺ​រឿង​ពិត វា​អ៊‍ីចឹង ដូច្នេះ​គឺ​មិន​ពាក់ព័ន្ធ​អ្វី​ទេ​រឿង​អាយុ​ហ្នឹង​នោះ»

ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ខ្មែរ​មួយ​ចំនួន ​នៅ​តែ​រារែក​ចិត្ត​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ចិន និង​ថែម​ទាំង​រិះគន់​រដ្ឋាភិបាល​ផង​ដែរ​ថា ប្រញាប់ប្រញាល់​ទទួល​យក​វ៉ាក់សាំង​នេះ។ មិន​តែ​ប៉ុណ្ណោះ អាជ្ញាធរ​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ហើយ ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ចិន​នេះ​ថែម​ទៀត​ផង។

ជុំវិញ​ការណ៍​ដែល​លោក ហ៊ុន សែន ខកខាន​មិន​បាន​ចាក់​វ៉ាក់សាំង​ចិន ដែល​គ្មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ដទៃ​នាំ​គ្នា​ចាក់​វ៉ាក់សាំង​នេះ អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ថា ទង្វើ​បែប​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ប្រទេស​នោះ​ទេ។ ឱសថការី​ខ្មែរ​អូស្ត្រាលី​លោក លឹម សួរ ថា មេ​ដឹក​នាំ​គួរ បង្ហាញ​ភាព​ជា​គំរូ​ជា​អ្នក​ដឹក​នាំ។ លោក​បន្ថែម​ថា នៅ​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត មេ​ដឹក​នាំ​គំរូ និង​មាន​ការ​ទទួល​ខុស​ត្រូវ គឺ​គេ​តែង​តែ​ចេញ​មុខ​មុន​គេ ដើម្បី​ចាក់​វ៉ាក់សាំង​ណា​មួយ ដែល​ប្រទេស​នោះ ព្រម​ទទួល​ឲ្យ​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន មុន​នឹង​ចាក់​ជូន​ប្រជាពលរដ្ឋ។ លោក​ថា ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​បង្ហាញ ឲ្យ​ប្រជាពលរដ្ឋ មាន​ភាព​ជឿជាក់ និង​ទុក​ចិត្ត​លើ​វ៉ាក់សាំង​នោះ។

ស្រដៀង​គ្នា​នេះ​ដែរ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ខ្វះ​ភាព​ជា​អ្នក​ដឹក​នាំ និង​ប្រថុយប្រថាន។ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ថា លោក ហ៊ុន សែន​ គឺ​ជា​មេ​ដឹក​នាំ​ដែល​មាន​ភាព​ពុតត្បុត ​និង​ខ្វះ​ការ​ទទួលខុសត្រូវ ​ចំពោះ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ ​ ព្រោះ​លោក​ រុញ​ឲ្យ​ប្រជាពលរដ្ឋ ​ចាក់​វ៉ាក់សាំង​ចិន ប៉ុន្តែ​លោក ​បែរ​ជា​ចាក់​វ៉ាក់សាំង​របស់​អង់គ្លេស​ទៅ​វិញ៖ «អាស្រ្តាហ្ស៊េណេកា​របស់​អង់គ្លេស​ហ្នឹង បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ដូច្នេះ​វា​មាន​គុណភាព និង​សុវត្ថិភាព​ខ្ពស់​ជាង​វ៉ាក់សាំង​ចិន។ ដូច្នេះ​ហើយ​បាន​ជា​លោក ហ៊ុន សែន គាត់​ចាក់​វ៉ាក់សាំង​អង់គ្លេស​នេះ។ គាត់​រុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចាក់​វ៉ាក់សាំង​ចិន ប៉ុន្តែ​ខ្លួន​ឯង​អត់​ព្រម​ចាក់​វ៉ាក់សាំង​ចិន។ លោក ហ៊ុន សែន យក​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ពិសោធន៍​វ៉ាក់សាំង​ចិន​ជំនួស​សត្វ​កណ្ដុរ។ យើង​ឃើញ​កន្លង​មក​លោក ហ៊ុន សែន សូម្បី​តែ​ព្យាបាល​ជំងឺ គាត់​មិន​ហ៊ាន​ព្យាបាល​នៅ​ស្រុក​ខ្មែរ​ផង គាត់​ទៅ​ព្យាបាល​នៅ​សាំងហ្គាពួរ ឯ​ណា​ឯ​ណោះ ឃើញ​ទេ? ទោះ​បី​គាត់​ជា​មេ​ដឹក​នាំ​របស់​កម្ពុជា​ក៏​ដោយ»

បើ​តាម​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី២៨ ខែកុម្ភៈ លោក​ថា កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​អង់គ្លេស​នេះ តាម​យន្តការ​បែង​ចែក​វ៉ាក់សាំង​ស្មើ​គ្នា​ទៅ​ប្រទេស​នានា នៅ​ទូទាំង​ពិភពលោក របស់​អង្គការ​សុខភាព​ពិភព​លោក ហៅ​កាត់​ថា កូវ៉ាក់ (Covax) នេះ ចំនួន​សរុប​ជាង ១លាន ១សែន (.១០៤.០០០) ដូស។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដដែល សង្ស័យ​ថា ការ​បែង​ចែក​វ៉ាក់សាំង​អង់គ្លេស ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នេះ​ទៀត​សោត អាច​មាន​ភាព​មិន​ស្មើ​គ្នា។ លោក អ៊ុំ សំអាន យល់​ថា វ៉ាក់សាំង​អាស្ត្រា​ហ្ស៊េណេកា (AstraZeneca)​ របស់​អង់គ្លេស​នោះ ប្រហែល​ជា​នឹង​ចាក់​សម្រាប់​តែ​ក្រុម​គ្រួសារ​របស់​អ្នក​ធំ​ប៉ុណ្ណោះ ​ចំណែក​ពលរដ្ឋ​សាមញ្ញ​វិញ​ ពួក​គេ​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង របស់​ចិន​បន្ត​ទៀត។

ក្រសួងសុខាភិបាល អះអាង​ថា វ៉ាក់សាំង​ចិន ចាក់​ជូន​ប្រជាពលរដ្ឋ តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត។ ប៉ុន្តែ​ក្នុង​រយៈ​ពេល ១៦ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី២៦ ខែកុម្ភៈ​កន្លង​ទៅ ក្រសួង​សុខាភិបាល ទើប​តែ​ចាក់​វ៉ាក់សាំង​ចិន ដល់​មន្ត្រី​រាជការ បាន​ជាង ១ម៉ឺន ៦ពាន់ (១៦,៣៩០) ដូស ឬ​មិន​ដល់ ៣ភាគ​រយ (,%) នៃ​ចំនួន​វ៉ាក់សាំង ៦សែន​ដូស​របស់​ចិន​នោះ​នៅ​ឡើយ​ទេ។ ដោយ​ឡែក ក្រសួង​ការពារ​ជាតិ​ឯ​ណោះ​ថា ក្រសួង​នេះ បាន​សម្រុក​ចាក់​វ៉ាក់សាំង​ចិន ឲ្យ​កងទ័ព​បាន​ជាង ៥ម៉ឺន​ដូស​ទៅ​ហើយ សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​លើក គិត​ត្រឹម​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ចំពោះ​ការ​បែង​ចែក​វ៉ាក់សាំង​អង់គ្លេស បាន​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រសួង​សុខាភិបាល បាន​សម្រុក​បង្កើន​សន្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​ចិន ដល់​ពលរដ្ឋ​ខ្មែរ។ ឥឡូវ​យុទ្ធនាការ​នេះ បាន​ទៅ​ដល់​គ្រប់​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​ហើយ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាន​កើន​បន្ថែម ១៤នាក់​ទៀត នៅ​ថ្ងៃ​ទី១ ខែមីនា​នេះ ដោយ​ក្នុង​នោះ ១៣នាក់​ជា​ជន​ជាតិ​ចិន និង​មួយ​នាក់​ជា​ពលរដ្ឋ​ខ្មែរ។  ចំនួន​នេះ ធ្វើឲ្យ​អ្នក​ឆ្លង​ក្នុង​សហគមន៍​លើក​ទី៣ រយៈពេល​ជាង​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ កើន​ដល់ ៣១៦នាក់​ហើយ ដែល​ក្នុង​នោះ ២៥១នាក់​ជា​ជន​ជាតិ​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល