លោក ហ៊ុន សែន អំពាវនាវ​ដល់​ពលករ​ខ្មែរ​​ធ្វើការ​នៅ​​ថៃ កុំ​វិល​មក​កម្ពុជា​វិញ ដោយ​ខ្លាច​ជំងឺ​កូវីដ

ដោយ ទីន ហ្សាការីយ៉ា
2020-12-22
Share
លោក ហ៊ុន សែន អំពាវនាវ​ដល់​ពលករ​ខ្មែរ​​ធ្វើការ​នៅ​​ថៃ កុំ​វិល​មក​កម្ពុជា​វិញ ដោយ​ខ្លាច​ជំងឺ​កូវីដ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប​ហ្វេសប៊ុក

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ ត្រូវ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ (Covid-19) កុំអាល​ត្រលប់​កម្ពុជា​វិញ ក្នុងពេលដែល​ថៃ​កំពុង​ជួប​ការ​លំបាក ដោយសារតែ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ខែត្រ​សាមុតសាខន (Samut Sakhon)

លោក ហ៊ុន សែន បាន​អំពាវនាវ​តាមរយៈ​ខ្សែ​អាត់​សំឡេង​មួយ ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុង​​ស្រុក​នៅ​ថ្ងៃ​ទី​២០ ធ្នូ​ថា ដើម្បី​ការពារ​ខ្លួន និង​កុំ​ឱ្យ​រីក​រាលដាល​ចូល​មកដល់​ប្រទេស​កម្ពុជា និង​ចៀសវាង​ការបាត់បង់​ការងារ​ធ្វើ​នោះ លោក​អំពាវនាវ​ដល់ ឪពុកម្ដាយ និង​ក្រុម​គ្រួសារ ដែល​មាន​សាច់ញាតិ ធ្វើការ​នៅ​ប្រទេស​ថៃ សូម​ជួយ​លើក​ទឹកចិត្ដ​ឱ្យ​ពួកគាត់ បន្ដ​នៅ​ប្រទេស​ថៃ មួយ​រយៈ​សិន។

ទោះបីជា​បែបនេះ​ក្ដី លោក ហ៊ុន សែន ថា លោក​បាន​ពិភាក្សា​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ដើម្បី​ត្រៀម​រថយន្ត​ទាហាន​ចំនួន​៧០​គ្រឿង ទៅ​ដឹក​កម្មករ ពលករ​នៅ​តាម​ព្រំដែន បើសិនជា​ពួកគេ​សម្រុក​វិល​ចូល​កម្ពុជា​វិញ ដូច​កាលពី​ខែ​មេសា មុន​ពេល

ចូល​ឆ្នាំ​ខ្មែរ​នោះ​៖ «អគ្គមេបញ្ជាការ​ក្រសួងការពារជាតិ​បាន​ត្រៀម​រថយន្ត​ចំនួន​៧០​គ្រឿង​រួចហើយ ហើយ​ត្រៀម​ចេញដំណើរ​យប់​នេះ​។ យើង​មិន​អាច​ឱ្យ​ពលករ​ចំណាកស្រុក ធ្វើដំណើរ​តាម​រថយន្ត​តាក់ស៊ី​បាន​ទេ ព្រោះ​វា​ជា​ហានិភ័យ ក្នុង​ការ​ចម្លង ចូល​ទៅ​ក្នុង​សហគមន៍»

លោក ហ៊ុន សែន បន្ថែម​ថា រដ្ឋាភិបាល​បាន​ត្រៀម​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​នេះ ដោយ​យក​បទពិសោធន៍​កាលពី​ខែ​មេសា​ឆ្នាំ​២០២០​ជា​គោល​។ លោក​អះអាង​ថា ពលករ​ខ្មែរ​ជាង ១២​ម៉ឺន​នាក់​សម្រុក​វិល​ចូល​កម្ពុជា​វិញ​នៅ​ពេល​នោះ គ្មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ពី​ប្រទេស​ថៃ​ឡើយ​។ លោក​បន្ថែម​ថា អាជ្ញាធរ​ខែត្រ​នៅ​តាម​ព្រំដែន​ត្រូវ​បិទ​ច្រក​មួយ​ចំនួន ដើម្បី​ងាយ​គ្រប់គ្រង​។ ក្នុង​ករណី​ដែល​ពលករ​សម្រុកចូល​កម្ពុជា​វិញ​ច្រើន គឺ​ត្រូវធ្វើ​​ចត្តាឡីស័ក​នៅ​តាម​ព្រំដែន​ផង និង​ដឹកជញ្ជូន​ពួកគាត់​ទៅ​កាន់​ខែត្រ ដែល​ពលករ​រស់នៅ​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ចត្តាឡីស័ក​នៅ​ទីនោះ ឬ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន។

លោក ហ៊ុន សែន ចេញ​ខ្សែ​អាត់​សំឡេង​អំពាវនាវ​ជាបន្ទាន់​នេះ នៅ​បន្ទាប់​ពី ថៃ​បាន​ប្រកាស​ថា រក​ឃើញ​អ្នក​ឆ្លង​កូ​ច​វីដ ១៩ ( COVID-19 ) ជាង ៥០០​នាក់ កាលពី​ថ្ងៃ​ទី​១៩​ធ្នូ នៅ​ក្នុង​ចំណោម​ពលករ​ចំណាកស្រុក នៅ​ឯ​ខេត្ត​សាមុតសាខន ភាគ​និរតី​ទីក្រុង​បាងកក​។ ខែត្រ​សាមុតសាខន មាន​ព្រំដែន ជាប់​ព្រំប្រទល់​ខែត្រ​ចំនួន​បី​របស់​កម្ពុជា គឺ​ខែត្រ​កោះកុង ពោធិ៍សាត់ និង​ប៉ៃលិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល