លោក ហ៊ុន សែន ការពារ​ពេទ្យ​ខ្មែរ​ថា​ មិន​អន់​ដូច​ការ​រិះគន់​ពី​សាធារណជន​

ដោយ អ៊ុង សេរីវុទ្ធ
2016.02.29
ហ៊ុន សែន ៨៥៥ ២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ ​ការពារ​ពេទ្យ​ខ្មែរ ថា​មិន​អន់​ដល់​ថ្នាក់​ក្នុង​ចំណោម​១០០​នាក់ មាន​៩៩​នាក់ ខ្វះ​វិជ្ជាជីវៈ​នោះ​ទេ ហើយ​មិន​ចាំ​បាច់​ធ្វើ​បដិវត្ត​ដូច​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ខ្លះនោះ​ដែរ។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​នៅ​តែ​ប្រកាន់​ទស្សនៈ ថា​ត្រូវ​តែ​ធ្វើ​បដិវត្ត​​ផ្លាស់ប្ដូរ​អ្នក​គ្រប់គ្រង​ស្ថាប័ន​សុខាភិបាល ហើយ​ជំនួស​មក​វិញ​អ្នក​មាន​សមត្ថភាព ដើម្បី​ជៀសវាង​ការ​តែងតាំង​ដោយ​បក្សពួក និង​ទឹកលុយ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​មាន​បញ្ហា​ដូច​សព្វថ្ងៃ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​អ្នក​រិះគន់​គ្រូពេទ្យ​ខ្មែរ​មួយ​ចំនួន​ថា ជា​គ្រូពេទ្យ​គ្មាន​វិជ្ជាជីវៈ​នោះ។

បើ​ទោះ​បី​ជា​លោក​ ហ៊ុន សែន ទទួល​ស្គាល់​ថា អាច​មាន​គ្រូពេទ្យ​មួយ​ចំនួន មិន​ប្រកាន់​សីលធម៌​ខ្ជាប់ខ្ជួន សម្ដី​អាក្រក់​ដាក់​អ្នក​ជំងឺ ហើយ​កន្លែង​ខ្លះ​គិត​បញ្ហា​លុយ​ជា​ធំ ​ក៏​ដោយ​ចុះ ក៏​លោក​នៅ​តែអះអាង​ ​ថា ពេទ្យ​​ភាគ​ច្រើន មាន​វិជ្ជាជីវៈ ក្រមសីលធម៌ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​លះបង់​ជួយ​អ្នក​ជំងឺ តែ​មិន​ដល់​ថ្នាក់​គ្រូពេទ្យ១០០​នាក់ ខូច​៩៩ នាក់នោះទេ៖ «យើង​ស្ដាប់​ឮ​សំឡេង​ត្អូញត្អែរ ពី​សំណាក់​ពលរដ្ឋ​របស់​យើង រហូត​មាន​អ្នក​ធ្វើ​អត្ថាធិប្បាយ​ខ្លះ និង​មនុស្ស​ខ្លះ​បាន​លើកឡើង​រហូត ទៅ​ដល់​ប្រមាថ​មាក់ងាយ​ចំពោះ​គ្រូពេទ្យ​របស់​យើង។ ចំណុច​នេះ​យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ថា នៅ​មាន​ចំណុច​ខ្វះ​ខាត »

ការ​ថ្លែង​ការពារ​គ្រូពេទ្យ​របស់​លោក ហ៊ុន សែន ជា​លើក​ដំបូង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ បន្ទាប់​ពី​លោក​ស្ងប់ស្ងាត់​មិន​ឆ្លើយ​តប​នឹង​ការ​រិះគន់​គ្រូពេទ្យ របស់​នាយក​សាលា​រៀន​អន្តរ​ទ្វីប​អាមេរិកាំង លោក​វេជ្ជបណ្ឌិត គួច ម៉េងលី កាល​ពី​ខែ​មករា ថា ក្នុង​ចំណោម​គ្រូពេទ្យ​ខ្មែរ ១០​នាក់ គឺ​មាន ៩​នាក់​ហើយ​ដែល​មិន​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន។

ការ​រិះគន់​ក្រម​សីលធម៌​គ្រូពេទ្យ​នេះ ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ក៏​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ដែរថា គុណភាព​សេវា​សុខាភិបាល​នៅ​កម្ពុជា មិន​មែន​ធ្វើ​ត្រឹម​តែកំណែ​ទម្រង់​នោះ​ទេ គឺ​ត្រូវ​ការ​ធ្វើ​បដិវត្តន៍​តែ​ម្ដង។

ឆ្លើយ​តប​ការ​រិះគន់​នេះ លោក ហ៊ុន សែន ចាត់​ទុក​ថា ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​ពេទ្យ​ខ្មែរ ហើយ​ក៏​មិន​ដល់​ថ្នាក់​ធ្វើ​បដិវត្ត ដូច​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នោះ​ទេ៖ «​ក្នុង​ចំណោម​១០០ មាន​ម្នាក់​ឧទាហរណ៍​បង្កើត​បញ្ហា ពួកគេ​បាន​មើល​ស្រាល​គ្រូពេទ្យ​ខ្មែរ និង​មន្ត្រី​សុខាភិបាល​របស់​យើង ប្រមាណ​២​ម៉ឺន​នាក់ ដែល​កន្លង​ទៅ​នេះ រហូត​មាន​ខ្លះ​អំពាវនាវ​ឲ្យ​ធ្វើ​បដិវត្ត នៅ​ក្នុង​គ្រូពេទ្យ បើ​អ៊ីចឹង​ធ្វើ​បដិវត្ត មាន​តែ​យក​គ្រូពេទ្យ​ទៅ​វ៉ៃ​ចោល។ តើ​ត្រូវ​ធ្វើ​បដិវត្ត​របៀប​ដូចម្ដេច »។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ពន្យល់​ថា ការ​បដិវត្ត​នេះ​សំដៅ​លើ​ការ​បដិវត្ត​វិស័យ​សុខាភិបាល មិន​មែន​បដិវត្ត​គ្រូពេទ្យ​ដូច​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ទេ។ លោក​ថា គ្រូពេទ្យ​ខ្មែរ​មាន​សមត្ថភាព​ខ្ពស់ បទពិសោធន៍​ច្រើន មិន​ចាញ់​ប្រទេស​ដទៃ​ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ដូរ​វប្បធម៌​នៃ​ការ​ដឹកនាំ និង​វប្បធម៌​បុគ្គល​ក្នុង​ការ​រៀបចំ​ដឹកនាំ៖ «គណបក្ស​ប្រជាជន​មាន​សមត្ថភាព​ខាង​សុខភាព​សាធារណៈ​ហ្នឹង​ច្រើន គួរ​តែ​ដូរ​១​សំណុំ​ក្នុង​ការ​គ្រប់គ្រង​ហ្នឹង បាន​អាច​ទៅ​បាន។ ដូច​នៅ​ចិន​១​ឆ្នាំ គេ​ដូរ​១​សំណុំ​នៃ​ការ​គ្រប់គ្រង ហើយ​ដាក់​មួយ​សំណុំ​ទៀត ហ្នឹង​ហើយ​និយាយ​ថា បដិវត្ត​នោះ។ ដូច​ខ្ញុំ​និយាយ​ការ​បដិវត្ត​វិស័យ​សុខាភិបាល គឺ​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល ដែល​មិន​រីក​ចម្រើន គុណភាព​ទាប ឲ្យ​ទៅ​ជា​វិស័យ​សុខាភិបាល​ទំនើប ហើយ​មាន​គុណភាព​ខ្ពស់។ ហើយ​ថ្នាក់​ដឹកនាំ​បើក​វចនានុក្រម​សម្ដេច ជួន ណាត មើល​ផង ពាក្យ​បដិវត្ត​មិនមែន​អាក្រក់​ទេ»

លោក​បណ្ឌិត កែម ឡី បន្ត​ដោយ​បង្ហាញ​ចំណុច​សំខាន់​ជា​គន្លឹះ ៤​យ៉ាង ដើម្បី​បដិវត្ត​វិស័យ​នេះ ទី​១ ប្ដូរ​ក្រុម​គ្រប់គ្រង​ដោយ​ដាក់​អ្នក​មាន​សមត្ថភាព ដើម្បី​ជៀសវាង​ការ​តែងតាំង​ដោយ​បក្សពួក និង​ទឹកលុយ។ ទី២ ត្រូវ​ឲ្យ​គ្រូពេទ្យ​មាន​ប្រាក់​ខែ​ខ្ពស់ យ៉ាង​ទាប​៥០០​ដុល្លារ និង​ជៀសវាង​ធ្វើ​ការងារ​២​កន្លែង។ ទី​៣ ត្រូវ​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​រៀបចំ​ការ​ត្រួត​ពិនិត្យ គ្រប់​ស្ថាប័ន​សុខភាព​សាធារណៈ​ទាំងអស់ និង​កំណត់​អត្តសញ្ញាណ​ភាព​ក្រីក្រ​ឲ្យ​ច្បាស់​លាស់។ ទី៤ ដូរ​វប្បធម៌​បុគ្គល និង​ស្ថាប័ន ឲ្យ​មាន​ការ​បើក​ទូលាយ មាន​ការ​ចូលរួម តម្លាភាព គណនេយ្យភាព និង​ដឹកនាំ​បែប​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។