ប្ដី​ស្ត្រី​ស្លាប់​ដោយ​ការ​កែ​សុដន់​គ្រោង​លើក​គ្នា​ឡើង​មក​តវ៉ា​ប្រសិន​បើ​មិន​ទទួល​បាន​យុត្តិធម៌

ដោយ យាង សុជាមេត្តា
2016.12.31
រស់ សុខនី ៨៥៥ លោក ផៃ វាសនា និង​ភរិយា រស់ សុខនី ដែល​ស្លាប់​ដោយសារ​ការ​វះកាត់​កែ​សុដន់។
Photo supplied

សំណុំ​រឿង​ស្ត្រី​ម្នាក់​ស្លាប់​ក្រោយ​ពី​ការ​វះកាត់​កែ​សុដន់​ដោយ​ក្រុម​គ្រូពេទ្យ​នៅ​គ្លីនិក ឌឺ បូតេ (De Beaut Clinic) ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ខែ​វិច្ឆិកា រហូត​មក​ទល់​ពេល​នេះ ប្តី​ស្ត្រី​រង​គ្រោះ អះអាង​ថា គ្រួសារ​គាត់​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ឬ​សំណង​ពី​ម្ចាស់​គ្លីនិក​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ ពួកគេ​ទទួល​បាន​ព័ត៌មាន​ថា គ្លីនិក​ដែល​បង្ក​គ្រោះថ្នាក់​នោះ កំពុង​រៀបចំ​បើក​អាជីវកម្ម​ឡើង​វិញ​ទៀត​ផង។

​ប្តី​ស្ត្រី​រងគ្រោះ​គឺ លោក ផៃ វាសនា ថ្លែង​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ខេត្ត​ក្រចេះ នៅ​រសៀល ថ្ងៃ​ទី​៣១ ខែ​ធ្នូ ថា ក្រុម​គ្រួសារ​លោក និង​សាច់ញាតិ នឹង​លើក​គ្នា​មក​តវ៉ា ប្រសិន​បើ​អាជ្ញាធរ ឬ​តុលាការ​ធ្វើ​មិន​ដឹង​មិន​ឮ ហើយ​អនុញ្ញាត​ឲ្យ​គ្លីនិក​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​លោក​ស្លាប់​នោះ អាច​បើក​ដំណើរការ​អាជីវកម្ម​ឡើង​វិញ ដោយ​មិន​ស្វែង​រក​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​លោក​ជា​មុន​នោះ​ទេ។

​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ស្ត្រី​ឈ្មោះ រស់ សុខនី បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ក្រចេះ មក​រាជធានី​ភ្នំពេញ ដើម្បី​ទទួល​ការ​វះកាត់​កែ​សុដន់​នៅ​មន្ទីរពេទ្យ​គ្លីនិក ឌឺ បូតេ ឋិត​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ក្រោយ​ពី​បាន​ទាក់ទង​ជាមួយ​គ្លីនិក និង​ផ្ដល់​តម្លៃ​វះកាត់​ចំនួន ៣​ពាន់​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ក្រោយ​ទទួល​បាន​ការ​វះកាត់ ពោល​គឺ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ស្ត្រី​វ័យ ៣៦​ឆ្នាំ​រូប​នេះ​បាន​ស្លាប់។ ក្រោយ​ការ​ស្លាប់​នោះ ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ប្ដឹង​ទៅ​កាន់​សមត្ថកិច្ច​មួយ​ថ្ងៃ​ក្រោយ​មក សមត្ថកិច្ច​រួម​ជាមួយ​មន្ត្រី​សុខាភិបាល និង​តុលាការ​ផង បាន​ចុះ​ពិនិត្យ​ដល់​ទី​តាំង​គ្លីនិក​វះ​កាត់។

ក្រោយ​ការ​ចុះ​ពិនិត្យ សមត្ថកិច្ច​អះអាង​ថា គ្លីនិក ឌឺ បូតេ មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ ប៉ុន្តែ​រក​ឃើញ​ថា បន្ទប់​វះកាត់​គ្មាន​បច្ចេកទេស ឆ្លង​មេរោគ និង​ការ​ប្រើ​ឱសថ​គ្មាន​បច្ចេកទេស។ សមត្ថកិច្ច​ក៏​សម្រេច​ឲ្យ​បិទ​គ្លីនិក ឌឺ បូតេ តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​នាយក​គ្លីនិក ឈ្មោះ ផែ ថុង និង​ក្រុម​គ្រូពេទ្យ​ពាក់ព័ន្ធ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ឡើយ ដោយសារ​ពេល​ចុះ​ពិនិត្យ​នោះ ពួកគេ​មិន​ឋិត​នៅ​ក្នុង​គ្លីនិក។

​ប្តី​ស្ត្រី​រងគ្រោះ​លោក ផៃ វាសនា អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​លោក​មិន​ទទួល​បាន​ព័ត៌មាន​អ្វី​បន្តិច​ឡើយ​ពី​សមត្ថកិច្ច ឬ​ថា តើ​តុលាការ​នឹង​មាន​ចំណាត់​ការ​យ៉ាង​ណា​នោះ។ លោក​ថា នៅ​តែ​បន្ត​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ភរិយា និង​ឲ្យ​គ្លីនិក​ដែល​ធ្វើ​ឲ្យ​ភរិយា​លោក​ស្លាប់​ទទួលខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។

លោក​ថា ប្រសិនបើ​គ្លីនិក ឌឺ បូតេ បើក​ដំណើរ​ការ​ឡើង​វិញ​ដូច​ព័ត៌មាន​លោក​ទទួល​បាន​នោះ សាច់ញាតិ​លោក​នឹង​ឡើង​មក​ភ្នំពេញ ទាមទារ​មិន​ឲ្យ​បើក​ឡើង​វិញ​ឡើយ ដរាបណា​ក្រុម​គ្រួសារ​លោក​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់៖ «បើសិនជា​គ្លីនិក​បើក ខ្ញុំ​ប្រមូល​បងប្អូន​ខ្ញុំ​ឡើង​ទៅ​មិន​ក្រោម​ពី ១០០​នាក់​នោះ​ទេ ទៅ​តវ៉ា​មុខ​គ្លីនិក​ឲ្យ​បិទ​វិញ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​ឡើង​វិញ ព្រោះ​អី​ប្រពន្ធ​ខ្ញុំ​ទៅ​ពី​ក្រចេះ ទៅ​មិន​មែន​ទៅ​ព្យាបាល​ជំងឺ​ទេ គឺ​ទៅ​កែ​សម្ផស្ស ហើយ​ដល់​ពេល​កែ​បាន​តែ ៣​ថ្ងៃ​ចេញ​ពី​គ្លីនិក​ហ្នឹង​គាត់​ស្លាប់ រួច​ឥឡូវ​អត់​មាន​យុត្តិធម៌​ចំពោះ​គាត់ សំណង​ក៏​គ្មាន ស្អី​ក៏​គ្មាន អ្នក​កែ​នៅ​ក្រៅ​សំណាញ់​ច្បាប់​ដដែល»

​អាស៊ីសេរី​បាន​ទាក់ទង​ទៅ​កាន់​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ដើម្បី​សួរ​ពី​ចំណាត់​ការ​របស់​តុលាការ​ចំពោះ​ករណី​នេះ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ ក៏​មិន​អាច​ទាក់ទង​បាន​នៅ​ឡើយ​ដែរ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

លោក ផៃ វាសនា ឲ្យ​ដឹង​ថា កន្លងទៅ​ធ្លាប់​មាន​មនុស្ស​អះអាង​ថា ជា​មន្ត្រី​សុខាភិបាល ប៉ុន្តែ​លោក​មិន​ស្គាល់​ឈ្មោះ បាន​ទូរស័ព្ទ​ផ្ដល់​យោបល់​ឲ្យ​លោក​សម្របសម្រួល​ទទួល​យក​សំណង​ដើម្បី​បញ្ចប់​រឿង​នេះ​ចំនួន ១​ម៉ឺន ៥​ពាន់​ដុល្លារ ប៉ុន្តែ​លោក​មិន​ព្រម។ លោក ផៃ វាសនា រក្សា​ជំហរ​ថា លោក​ចង់​ឲ្យ​អ្នក​ប្រព្រឹត្ត​ទទួលទោស​តាម​ច្បាប់​ផង និង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ភរិយា​លោក​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។