ជនជាតិ​វៀតណាម​នៅ​តែ​បន្ត​លួច​កាប់​ឈើ​នៅ​តំបន់​ព្រំដែន​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2015-11-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៩-មីនា-២០១៤៖ សកម្មភាព​ក្រុមហ៊ុន​៧២ របស់​វៀតណាម អារ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍ ក្នុង​ខេត្ត​រតនគិរី ដោយ​សំអាង​ថា ព្រៃ​នោះ​រដ្ឋ​បាន​ផ្ដល់​មក​ក្រុមហ៊ុន​សម្បទាន ម៉ែន សារុន។
២៩-មីនា-២០១៤៖ សកម្មភាព​ក្រុមហ៊ុន​៧២ របស់​វៀតណាម អារ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍ ក្នុង​ខេត្ត​រតនគិរី ដោយ​សំអាង​ថា ព្រៃ​នោះ​រដ្ឋ​បាន​ផ្ដល់​មក​ក្រុមហ៊ុន​សម្បទាន ម៉ែន សារុន។
រូបថត​សហគមន៍ ឃុំ​ប៉ក់ញ៉ៃ

ឈើ​មូល និង​ឈើ​អារ​ជ្រុង​រាប់​រយ​ដើម​ត្រូវ​បាន​ជនជាតិ​វៀតណាម មួយ​ក្រុម​ចូល​មក​អារ​រំលំ ហើយ​ដឹក​ជញ្ជូន​ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាម ខណៈ​សហគមន៍​រាយការណ៍​ថា អាជ្ញាធរ​មូលដ្ឋាន និង​​សមាជិក​សហគមន៍​ខ្លះ​ជា​អ្នក​ឃុបឃិត​យក​ប្រាក់​ពី​ក្រុម​អ្នក​អារ​ឈើ​ទាំង​នោះ។ ចំណែក​មន្ត្រី​ឃ្លាំមើល​​បញ្ហា​ព្រៃឈើ​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់​វិធានការ​បង្ក្រាប​ករណី​នេះ​ជា​បន្ទាន់។

រូបថត​ប្រមាណ ២០​សន្លឹក​បង្ហាញ​ពី​ឈើ​មូល និង​ឈើ​ជ្រុង ត្រូវ​បាន​ជនជាតិ​វៀតណាម កាប់​ដឹក​ជញ្ជូន​ដោយ​ប្រើ​ពោង​ពោះវៀន​កង់ឡាន​ធំៗ​ចង​ផ្អោប​បណ្ដែត​ឆ្លង​ទន្លេ​ពី​ទឹកដី​ខ្មែរ​ឆ្លង​ចូល​ទៅ​ទឹកដី​វៀតណាម នៅ​ចន្លោះ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាតាម និង​ផាសាវ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។

​សហគមន៍​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​មក​ការិយាល័យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ដើម្បី​បង្ហាញ​រូបថត​ពី​សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​របស់​ជនជាតិ​វៀតណាម ដែល​សហគមន៍​ដើរ​ល្បាត ហើយ​ប្រទះ​ឃើញ​និង​ថតរូប​ដើម្បី​ជា​សំអាង​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់។ តាម​ការ​ប៉ាន់​ប្រមាណ ឈើ​មូល​រាប់​រយ​ដើម​ត្រូវ​បាន​ជនជាតិ​វៀតណាម កាប់​ពី​ព្រៃ​ក្នុង​ដី​ខ្មែរ​នៅ​ចំណុច​អូរផាក់ និង​ភ្នំពោធ ភាគ​ខាង​កើត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ​ផាតាម៖ «ឥឡូវ​ក៏​គេ​នៅ​អារ​ដែរ ទាំង​ថ្ងៃ​ទាំង​យប់។ គេ​អូស​ទម្លាក់​ទឹក​ហើយ​គេ​ដាក់​ពោះវៀន​ឡាន។ មុខ ៨​តឹក មួយ​ម៉ែត្រ​ក៏​មាន។ ដើម​ត្រាច​តាម​ដង​ទន្លេ​ប្រវែង​ ១០​ម៉ែត្រ​ជាង សុក្រំ គេ​អារ​ជា​ជ្រុងៗ បើ​ត្រាច​គេ​ដឹក​ទាំង​មូល។វៀតណាម​នៅ​ត្រើយ​ម្ខាង​ស្ងាត់ៗ​គេ​ចូល​កាប់»

ចាប់​ពី​ខែ​កក្កដា រហូត​មក សហគមន៍​ភូមិ​តាំងលោម បាន​ចុះ​ល្បាត​ព្រៃ​និង​ប្រទះឃើញ​ជនជាតិ​វៀតណាម ជា​ក្រុមៗ​បាន​ឆ្លងដែន​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ចំនួន​បី​លើក និង​ដោយ​ឡែក​សហគមន៍​បាន​រក​ឃើញ​ក្រុម​ឈ្មួញ​វៀតណាម និង​សម្ភារៈ​កាត់​ឈើ រួម​ទាំង​គ្រឿង​យន្ត​ដឹក​ជញ្ជូន​ឈើ​ចូល​មក​ស្នាក់នៅ​ក្នុង​ភូមិ​តាម​រយៈ​មន្ត្រី​មូលដ្ឋាន ហើយ​ចូល​ព្រៃ​អារ​ឈើ​នៅ​វេលា​យប់​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម។

ទាក់ទិន​សេចក្ដី​រាយការណ៍​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក វង សុកសិរី បញ្ជាក់​ថា មន្ត្រី​លោក​បាន​ចុះ​ទៅ​កាន់​តំបន់​នោះ ក៏​ប៉ុន្តែ​រក​មិន​ឃើញ​មាន​បទល្មើស​ព្រៃឈើ​​នោះ​ទេ។ យ៉ាង​នេះ​ក្តី​លោក​អះអាង​ថា នឹង​ចាត់​មន្ត្រី​ចុះ​ស្រាវជ្រាវ​ករណី​នេះ​​ជា​ថ្មី​ទៀត៖ «ទន្លេ​ហ្នឹង​ជា​ព្រំ​ប្រទល់​ណា! ទេ! ខ្ញុំ​ឲ្យ​ពួក​ហ្នឹង​ចុះ​ទៅ​មើល​ថា អត់​មាន​ទេ។ ឥឡូវ​អត់​ស្អី​ទេ ចាំ​ខ្ញុំ​ឲ្យ​ពួក​ហ្នឹង​ទៅ​មើល​ម្ដង​ទៀត»

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក លោក ឆាយ ធី ថ្លែង​បញ្ជាក់​ថា លោក​នឹង​អន្តរាគមន៍​ពាក្យ​ប្ដឹង និង​រូបថត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ខេត្ត​ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។

លោក​ថា នេះ​មិន​មែន​ជា​រឿង​ថ្មី​ដែល​ជនជាតិ​វៀតណាម ចូល​កាប់​ឈើ​ខ្មែរ​នោះ​ទេ ពីព្រោះ​លោក​បាន​ធ្វើ​លិខិត​អន្តរាគមន៍​ជា​ច្រើន​ទាក់ទិន​ឈ្មួញ​វៀតណាម ដឹក​គ្រឿង​សម្ភារៈ​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​នៅ​តំបន់​ព្រំដែន​ស្រុក​អណ្ដូងមាស នោះ៖ «ដោយសារ​លើក​នេះ​ខាង​ភាគី​វៀតណាម គេ​មក​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ភូមិ ក្នុង​នោះ​មាន​អាជ្ញាធរ​ភូមិ និង​មេ​សន្តិសុខ​ភូមិ ដែល​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​វៀតណាម កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ខ្លួន។ អ៊ីចឹង​ហើយ​បាន​ជា​សហគមន៍​គាត់​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​នៅ​តំបន់​ព្រំដែន»

សហគមន៍​ដែល​បាន​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម បាន​មក​បោះ​ជំរំ​នៅ​ត្រើយ​ម្ខាង​ទន្លេ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ទឹកដី​វៀតណាម ហើយ​ពួកគេ​ឆ្លង​ទន្លេ​មក​ដី​ខ្មែរ​កាប់​ឈើ​ទាំង​ពេល​ថ្ងៃ និង​យប់។ ក្រុម​អ្នក​កាប់​ឈើ​ក៏​បាន​បង់​ប្រាក់ ៣​ពាន់​ដុល្លារ​ទៅ​ឲ្យ​ប្រធាន​ភូមិ និង​ប្រជា​ការពារ​ភូមិ​ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​កាប់​ឈើ និង​លាក់បាំង​ព័ត៌មាន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ខ្មែរអើយចូរអ្នកចាំថាបុរាណលោកថាមិនសូវខុសទេ ដូចជាពាក្យថា​ត្រគោលសរជាតិមារយាទសរពូជន៌ ឆ្កែរកន្ទុយខ្វៀនជាដើម យ៉ាង​ណាមិញដូចអ្នកឃើញស្រាប់ហើយថាអាយួននេះវាជាចោរវាពូកែរខាងលួចណាស់ វាលួចយកដីចំប៉ា វាលួចយកដីកម្ពុជាក្រោម ឥឡូវវា​បន្តរ​លួចកាប់ឈើខ្មែរជាបន្តរបន្ទាប់ បើតាយើងប្រហែសអស់អុស​ដុត​មិនខាន និងស្រួលមិនស្រួលស៊ីដាច់ដីដូច ចាមនិងកម្ពុជាក្រោម​ចប់​ហើយពួកយើង ប្រយ័ត្នបន្តិចណា។

Nov 10, 2015 09:21 PM

គេហទំព័រ​ទាំងមូល