ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ មន្ត្រីសុខាភិបាលនៅតាមខណ្ឌ ឬមូលដ្ឋាននានាទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ បានផ្សព្វផ្សាយ ឬជូនដំណឹងតាមមេក្រូ ឬតាមមធ្យោបាយផ្សេងៗ មានខិត្តប័ណ្ណជាដើម ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋជាអាណាព្យាបាល ត្រូវនាំកុមារអាយុពី ៩ឆ្នាំ ដល់ ១៥ឆ្នាំ មកទទួលសេវាចាក់ថ្នាំការពារជំងឺកញ្ជ្រឹល និងស្អូច ឲ្យបានគ្រប់គ្នា។ មន្ត្រីសុខាភិបាល ចាត់ទុក និងព្រមានថា ជំងឺកញ្ជ្រឹល និងស្អូច ជាប្រភេទជំងឺមានគ្រោះថ្នាក់ខ្លាំងដល់កុមារ ពិសេសស្ត្រីមានផ្ទៃពោះ។
មន្ត្រីសុខាភិបាល មិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជំងឺស្អូច បើសិនជាកើត ឬឈឺទៅលើស្ត្រីកំពុងមានផ្ទៃពោះ នឹងអាចបង្កបញ្ហាជាច្រើនដល់កូននៅក្នុងផ្ទៃ មានដូចជា ទារកកើតមកមានបញ្ហាថ្លង់ ងងឹតភ្នែក ឬឡើងបាយភ្នែក ជំងឺទឹកដក់ក្នុងភ្នែក ជំងឺប្រស្រីភ្នែក ជំងឺបេះដូងពីកំណើត ជំងឺរលាកខួរក្បាល និងស្រោមខួរ និងការចុះអន់ថយប្រាជ្ញាស្មារតីជាដើម។
ទាក់ទិនបញ្ហានេះ ស្ត្រីជាអាណាព្យាបាលរស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោកស្រី វិចិត្រ បានឲ្យដឹងថា កូនប្រុសស្រីចំនួន ២នាក់ របស់គាត់ បានទទួលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូច តាមសេចក្តីជូនដំណឹងរបស់ភ្នាក់ងារសុខាភិបាលរួចហើយ។ លោកស្រីបន្តថា ការចាក់ថ្នាំបង្ការនេះ គឺភ្នាក់ងារចាក់ថ្នាំបង្ការបានចុះផ្ទាល់ដល់មូលដ្ឋាន និងសាលារៀន ដែលកុមារកំពុងរៀនតែម្តង មិនឲ្យអាណាព្យាបាលពិបាកទេ៖ «ខ្ញុំបានទៅចាក់ថ្នាំការពារឲ្យកូនអាយុពី ៩ឆ្នាំ ដល់ ១៥ឆ្នាំហ្នឹងរួចហើយ ពីព្រោះក្រសួងសុខាភិបាល បានចុះមកចាក់ថ្នាំបង្ការនេះតាមភូមិតែម្តង»។
ស្ត្រីមេផ្ទះរូបនេះក៏ស្នើដល់អាណាព្យាបាលដទៃទៀត ត្រូវនាំកូនប្រុសស្រីដែលមានអាយុពី ៩ឆ្នាំ ដល់ ១៥ឆ្នាំ ទៅទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អូច តាមមន្ត្រីសុខាភិបាលបានណែនាំឲ្យបានគ្រប់គ្នាពេលភ្នាក់ងារផ្តល់ថ្នាំបង្ការចុះទៅដល់មូលដ្ឋាន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល ដើម្បីបំភ្លឺបន្ថែមទៅលើសកម្មភាពរបស់ភ្នាក់ងារចុះផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អូច បានទេ នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា។
ប៉ុន្តែ យ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលបម្រើការនៅមន្ទីរពេទ្យសម្ដេចតា ឬមន្ទីរពេទ្យសម្ដេចឪ នៅខណ្ឌឫស្សីកែវ ដែលបានចុះផ្តល់ថ្នាំបង្ការ បានឲ្យដឹងថា ពេលអាណាព្យាបាលដែលនាំកូនមកទទួលវ៉ាក់សាំងការពារកញ្ជ្រឹល និងស្អូច ក៏នឹងទទួលបានថ្នាំផ្សេងៗទៀត មានដូចជា ថ្នាំគ្រាប់ជីវជាតិ អា (A) សម្រាប់កុមារអាយុពី ៦ខែ ដល់ ៥ឆ្នាំ។ ថ្នាំគ្រាប់ទម្លាក់ព្រូន សម្រាប់កុមារអាយុពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងកន្លែងខ្លះមានផ្តល់ថ្នាំបន្តក់ការពារជំងឺគ្រុនស្វិតដៃជើង សម្រាប់កុមារទើបកើត ដល់អាយុ ៥ឆ្នាំថែមទៀត។
សម្រាប់ទីកន្លែងផ្តល់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូច មន្ត្រីសុខាភិបាល ឲ្យដឹងថា ការផ្តល់វ៉ាក់សាំងនេះ គឺភ្នាក់ងារផ្តល់ថ្នាំបង្ការ នឹងចុះទៅដល់មូលដ្ឋាននៅតាមភូមិ ឬឃុំ ដែលប្រជាពលរដ្ឋកំពុងរស់នៅតែម្តង។
បន្ថែមលើនេះ បើអាណាព្យាបាលមានចម្ងល់ជុំវិញការផ្តល់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល និងស្អូច គឺត្រូវសាកសួរព័ត៌មានបន្ថែមជាមួយអ្នកស្ម័គ្រចិត្តតាមភូមិ ឬតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះលោកអ្នក។
ការផ្តល់វ៉ាក់សាំងនេះ សម្រាប់កុមារនៅសាលារៀន នឹងទទួលវ៉ាក់សាំងនៅតាមសាលារៀនពួកគេ ហើយកុមាររស់នៅតាមភូមិនីមួយៗ នឹងទទួលវ៉ាក់សាំងនៅតាមភូមិ ពេលភ្នាក់ងារសុខាភិបាលចុះដល់មូលដ្ឋានរៀងៗខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។