ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង នៅ​ប្រទេស​ថៃ កំពុង​ព្យាបាល​ជំងឺ​កូវីដ​១៩

ដោយ ម៉ៅ សុធានី
2021-05-16
Share
ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង នៅ​ប្រទេស​ថៃ កំពុង​ព្យាបាល​ជំងឺ​កូវីដ​១៩ ទិដ្ឋភាព​ពលករ​ខ្មែរ​ឆ្លង​ដែន​ចូល​មក​កម្ពុជា​វិញ នា​ពេល​កន្លង​ទៅ។
Photo Provided

ពលករ​ខ្មែរ​ធ្វើការ​នៅ​ខេត្ត​សាមុតប្រាកាន (Samut Prakan) ក្នុង​ប្រទេស​ថៃ កំពុង​ព្រួយបារម្ភ​ពី​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩ ក្រោយ​ដែល​មាន​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​មាន​អ្នក​ឆ្លង​ជាច្រើន​នាក់​ទៀត​ជា​បន្តបន្ទាប់។

ពលករ​ម្នាក់​ធ្វើការ​នៅ​រោងចក្រ​ផលិត​ត្រីខកំប៉ុង លោក នុន ណារ៉ែន ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃទី​១៥ ឧសភា ថា ប្រពន្ធ​អាយុ ៤៣​ឆ្នាំ កើត​ជំងឺ​​កូវីដ១៩ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​កូវីដ​១៩ ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​មួយ នៅ​មន្ទីរពេទ្យ ក្នុង​ខេត្ត​នេះ​។ លោក​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩​ហើយ តែ​នៅ​មិន​ទាន់​ដឹង​លទ្ធផល​នៅ​ឡើយ​ទេ៖ «គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ក្រុង ជិត​ក្រុង​ថេប កាល​ពី​ម្សិលមិញ។ ពេទ្យ​ទូរស័ព្ទ​មក​ថ្ងៃរសៀល​នេះ ថា គាត់​ឈឺ​ធ្ងន់​ដែរ ហត់​ខ្លាំង ក្តៅ​ខ្លួន​ប្រមាណ​ជា​៤​ឬ​៥​ថ្ងៃ​ហើយ​។ ខ្ញុំ​ទើប​យក​គាត់​ទៅ​ពិនិត្យ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពិនិត្យ​ម៉ោង​១១​ព្រឹក ហើយ​ម៉ោង​៥​ល្ងាច​គេ​ថា គាត់​កើត​។ នៅ​ម្តុំ​ហ្នឹង​ទើប​ផ្ទុះ​ច្រើនឡើង ២​ឬ ៣​ថ្ងៃនេះ ខ្មែរ​យើង​ឆ្លង​ច្រើន​ដែរ​...»

ពាក់ព័ន្ធ​នឹង​ពលករ​ខ្មែរ ឆ្លង​និង​កើត​ជំងឺ​កូវីដ​១៩ នៅ​រោងចក្រ​ផលិត​ត្រីខកំប៉ុង នៅ​ខេត្ត​សាមុតប្រាកាន (Samut Prakan) នេះ មន្ត្រី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិមនុស្ស (Central) នៅ​ប្រទេស​ថៃ លោក លីង សុផុន ប្រាប់​ថា រោងចក្រ​នេះ ទើប​បាន​បិទ​ទ្វារ​ដំណើរការ​ប្រមាណ ៤​ឬ​៥​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ប្រាប់​ពលករ​ឲ្យ​ទៅ​ធ្វើ​តេស្ដ​រក​មេរោគ​កូវីដ​១៩ ទេ​។ លោក​ថា ពលករ​ខ្មែរ​ទាល់តែ​ឈឺ​ធ្ងន់​ហើយ ទើប​ទៅ​ពិនិត្យ​ជំងឺ​នៅ​គ្លីនិក និង​មន្ទីរពេទ្យ ដោយ​បង់​ប្រាក់​តម្លៃ​សេវា​សុខភាព​ខ្លួនឯង​៖ «គេ​ខាង​រោងចក្រ​អត់​ឱ្យ​ពលករ​ទាំងអស់ ទៅ​ត្រួតពិនិត្យ​ជំងឺ​កូវីដ​ទេ​។ តែ​ទាល់​តែ​មាន​អ្នក​ឈឺ​ធ្ងន់​ហើយ​ទើប​បញ្ជូន​ទៅ​ពេទ្យ​។ ម្សិលមិញ​នេះ មាន​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់ និង​ខ្មែរ​ខ្លះ​ក៏បាន​ចូល ICU ដើម្បី​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដូច​ប្រពន្ធ​នុន ណារ៉ែន អ៊ីចឹង​។ ហើយ​ពលករ​ដទៃ​ទៀត ដែល​មាន​រោគសញ្ញា​ស្រដៀងៗ​គ្នា ក៏​ភិតភ័យ​ដោយ​ខ្លួនឯង ហើយ​អ្នក​ខ្លះ​ទៀត​ទៅ​ជួប​ពេទ្យ​ពិនិត្យ​ជំងឺ​បង់ប្រាក់​សុទ្ធ​...»

មន្ត្រី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សង់ត្រាល់​រូប​នេះ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ដោយសារ​ភ័យ​ខ្លាច​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ ពលករ​ខ្មែរ​មួយ​ចំនួន​បាន​សម្រេច​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា វិញ តែ​លោក​មិន​បាន​ដឹង​ពី​ចំនួន​ពិតប្រាកដ​ទេ។ រោងចក្រ​ផលិត​ត្រីខកំប៉ុង នៅ​ខេត្ត​សាមុតប្រាកាន (Samut Prakan) មាន​ពលករ​ធ្វើ​ការ​សរុប​ប្រមាណ​ជាង ៨​រយ​នាក់ (៨០០) មក​ពី​ប្រទេស​លាវ (Lao) មីយ៉ាន់ម៉ា ឬ​ភូមា (Burma) និង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ពលករ​ខ្មែរ ចំនួន​ប្រមាណ​ជាង ៤​រយ​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល