ពលរដ្ឋជាង ២០០គ្រួសារ រស់នៅភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ទទូចចង់បានសាលារៀន និងមណ្ឌលសុខភាព នៅក្រោយពេលដែលពួកគេទទួលបានដីធ្លីស្របច្បាប់កាលពីពេលថ្មីៗនេះ។ អ្នកភូមិថា នៅពេលនេះក្មេងៗជាច្រើនរៀនត្រឹមថ្នាក់ទី៤ហើយគឺបោះបង់ចោលការសិក្សា។ ចំណែកអ្នកមានជំងឺត្រូវការជួយសង្គ្រោះ គឺត្រូវចំណាយថវិកាច្រើន និងធ្វើដំណើរចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រ ដើម្បីទទួលបានសេវាសុខភាព។
នៅពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា កំពុងមានការអភិវឌ្ឍ មានផ្លូវ មានសាលា និងមន្ទីរពេទ្យ ឬមណ្ឌលសុខភាពស្ទើរនៅគ្រប់ទីកន្លែងក្តី ពលរដ្ឋចំនួន ២៣០គ្រួសារនៅខេត្តក្រចេះ កំពុងរស់នៅដោយខ្វះខាតសេវាទាំងនេះនៅឡើយ។ ពួកគេត្រូវការជាចាំបាច់សាលារៀន និងមណ្ឌលសុខភាព។ នៅពេលនេះ ដីមិនមែនជាតម្រូវការជាចាំបាច់របស់ពួកគេទៀតទេ។
ភូមិថ្មីនៅដាច់ឆ្ងាយពីគេឯង មានចម្ងាយជាង ២០គីឡូម៉ែត្រពីមណ្ឌលសុខភាព ហើយហ៊ុមព័ទ្ធដោយភ្នំខ្ពស់ៗ ចម្ការកៅស៊ូ និងចម្ការម្រេចឆ្ងាយដាច់កន្ទុយភ្នែក។ ពលរដ្ឋអះអាងថា តំបន់ដែលពួកគេរស់នៅមិនសូវមានមន្ត្រីជាន់ខ្ពស់ណាទៅដល់ ឬទៅសួនាំឡើយ។ យូៗម្ដងឃើញមានម៉ូតូមួយ ឬពីរ ធ្វើដំណើរផ្លូវក្រាលក្រួសក្រហម ដែលរងការខូចខាតស្ទើរទាំងស្រុងដោយទឹកជំនន់ និងរថយន្តដឹកឈើ។
អង្គុយក្រោមផ្ទះធ្វើពីឈើដំបូលប្រក់ស្បូវ ជញ្ជាំងចងបិទដោយធាងត្នោតមើលពីមុខធ្លុះដល់ក្រោយ លោកស្រី អ៊ុត សៀងហៃ ដែលទទួលបានដី ៣ហិកតារកន្លះពីរដ្ឋាភិបាលកាលពីឆ្នាំ២០១៤ ឲ្យដឹងថា នៅពេលនេះលោកស្រីមានសិទ្ធិគ្រប់គ្រាន់ក្នុងការងារធ្វើស្រែចម្ការលើដីលោកស្រី។

លោកស្រី អ៊ុត សៀងហៃ ដែលមានកូនចំនួន ១១នាក់ និយាយថា នៅពេលនេះលោកស្រីចង់បានមណ្ឌលសុខភាពដើម្បីប្រជាពលរដ្ឋក្នុងភូមិអាចទទួលបានការពិនិត្យព្យាបាល ព្រោះនៅពេលលោកស្រីត្រូវទៅពិនិត្យសុខភាពម្តងៗ គឺត្រូវទៅមន្ទីរពេទ្យនៅទីរួមស្រុកឯណោះ៖ «ពិបាកខ្វះខាតទាំងសព្វទាំងគ្រប់ ចង់បានសាលារៀន ចង់បានមន្ទីរពេទ្យ»។
សាលារៀននៅភូមិនេះ មានពីរបន្ទប់ ពីថ្នាក់ទី១ ដល់ថ្នាក់ទី៤ សង់ពីឈើប្រក់ស័ង្កសី ជញ្ជាំងបាំងបិទដោយឈើធ្លុះធ្លាយ មានទំហំទទឹង ៨ម៉ែត្រ បណ្ដោយ ១២ម៉ែត្រ មានតែគ្រូពីរនាក់ប៉ុណ្ណោះសម្រាប់បង្រៀនសិស្ស។ ពលរដ្ឋអះអាងថា សាលារៀននេះកសាងឡើងដោយការរៃអង្គាសប្រាក់ពលរដ្ឋក្នុងភូមិបញ្ចូលគ្នាកាលពីឆ្នាំ២០១២។
ប្រជាពលរដ្ឋមួយរូបទៀត លោក សួន វិច្ឆិកា រៀបរាប់ថា ពលរដ្ឋធ្លាប់បានស្នើទៅថ្នាក់ភូមិឃុំ តាំងពីឆ្នាំ២០១២ សុំឲ្យបង្កើតបសាលាបន្ថែម ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយ។ ពលរដ្ឋរូបនេះព្រួយបារម្ភពីអនាគតក្មេងៗនៅក្នុងភូមិទាំងអស់ដែលមិនអាចរៀនសូត្រចប់សព្វគ្រប់ដូចក្មេងអស់នឹងគេ៖ «សាលាខ្វះខាតទាំងតុ កៅអី ក្ដារខៀន ជញ្ជាំង ទ្វារ បង្អួច យើងស្នើសុំឲ្យសាលារៀនមួយដែលសមគួរ ឬសាលាថ្មីជាដើម»។
តាមគោលការណ៍របស់រដ្ឋាភិបាលរដ្ឋត្រូវគាំទ្រក្នុងវិស័យសិក្សាយ៉ាងហោចណាស់ឲ្យកុមារបានរៀនដល់ថ្នាក់ទី៩ ឬបញ្ចប់កម្រិតអនុវិទ្យាល័យ។ ប្រមុខរដ្ឋាភិបាលបានលើកឡើងជាញឹកញយថា ទីណាមានប្រជាជនទីនោះមានសាលារៀន។
ចំណែកបញ្ហាមណ្ឌលសុខភាពឯណោះវិញ ប្រជាពលរដ្ឋមួយរូបទៀត លោកស្រី គឹម ឡាត រៀបរាប់ថា នៅពេលលោកស្រីឈឺម្តងៗ គឺត្រូវចេញទៅព្យាបាលនៅមណ្ឌលសុខភាពដែលមានចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រ ឬក៏ត្រូវព្យាបាលនៅមន្ទីរពេទ្យឯកជន។ ដូចប្រជាពលរដ្ឋផ្សេងទៀតដែរ ស្ត្រីរូបនេះចង់ឃើញមណ្ឌលសុខភាពមួយនៅក្បែរប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាកនេះ៖ «ចង់បានមន្ទីរពេទ្យ មិនចង់បានម៉េច? ពេលឈឺរត់រកពេទ្យនៅស្រុកស្នួល ឯណោះ ចំណាយអស់មិនតិចទេ បើមិនឲ្យលុយគេមិនចាក់ថ្នាំឲ្យទេ»។

ភូមិក្រសាំង ស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជាភូមិទើបបង្កើតថ្មីកាលពីឆ្នាំ២០០៨។ ពលរដ្ឋរស់នៅក្នុងភូមិនេះ ទើបតែមានសិទ្ធិគ្រប់គ្រាន់ក្នុងការកាន់កាប់ និងអាស្រ័យផលលើដីខ្លួន កាលពីខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីក្រុមអ្នកភូមិទៅទាមទារតវ៉ាសុំប្លង់កម្មសិទ្ធិដីធ្លីនៅភ្នំពេញ ដល់មុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ឆ្លើយនឹងចម្ងល់ពលរដ្ឋ មេឃុំស្នួល ស្រុកស្នួល លោក វ៉ាន ឌឿន ឲ្យដឹងថា អាជ្ញាធរថ្នាក់ស្រុក នឹងផ្ដល់សាលារៀនបីខ្នងឲ្យអ្នកភូមិតាមរយៈការស្នើសុំ ប៉ុន្តែលោកមិនទាន់ដឹងថា នឹងទទួលបាននៅពេលណានោះទេ។ ជាងនេះទៅទៀត ឃុំមានគម្រោងស្នើឲ្យមានបង្កើតមណ្ឌលសុខភាពជូនពលរដ្ឋទៀតផង។
លោកមេឃុំសុំចិត្តឲ្យប្រពលរដ្ឋរង់ចាំសិនត្បិតអីភូមិនេះទើបករកើតថ្មី ដូច្នេះកង្វះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគឺជៀសមិនរួចឡើយ៖ «សាលារៀនខ្ញុំបានស្នើសុំទៅក្រសួងរួចហើយ ប៉ុន្តែមិនទាន់ដឹងសាងសង់ជួនគាត់ពេលណា»។
អភិបាលស្រុកស្នួល លោក គង់ គឹមនី ឲ្យដឹងថា ស្រុកមានគម្រោងបង្កើតសាលាបន្ថែម និងមណ្ឌលសុខភាពជួនពលរដ្ឋ ប៉ុន្តែក្រុមជំនាញត្រូវចុះសិក្សាជាមុនសិន។ លោកអភិបាលស្រុកទាមទារឲ្យពលរដ្ឋដាក់សំណើនេះ មកអាជ្ញាធរឃុំជាមុន ទើបថ្នាក់ឃុំស្នើមកថ្នាក់ស្រុក ហើយថ្នាក់ស្រុកស្នើមកថ្នាក់ខេត្ត៖ «វិស័យទឹកភ្លើងផ្លូវ ជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ប៉ុន្តែយើងធ្វើអីត្រូវមានគម្រោងគោលការណ៍ច្បាស់»។
បន្ថែមពីអាជ្ញាធរថ្នាក់ក្រោមអភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន ថ្លែងបញ្ជាក់ថា នៅចុងឆ្នាំ២០១៤ នេះ អាជ្ញាធរខេត្តក្រចេះ នឹងប្រជុំដើម្បីបញ្ចូលគម្រោងវិនិយោគរបស់ឃុំ ហើយអាជ្ញាធរខេត្តនឹងពិនិត្យមើលគម្រោងថវិកាមូលនិធិឃុំ ស្រុក និងខេត្ត ដើម្បីពិនិត្យមើលលទ្ធភាពនៃការដំណើរការកម្មវិធីអភិវឌ្ឍន៍៖ «ជាបឋមត្រូវបញ្ចូលរាល់គម្រោងអភិវឌ្ឍន៍ហ្នឹង ចូលទៅក្នុងកម្មវិធីវិនិយោគរបស់ឃុំ អ៊ីចឹងហើយត្រូវឲ្យប្រជាពលរដ្ឋចូលរួមលើកគម្រោងលើតម្រូវការរបស់គាត់»។
អ្នកភូមិអះអាងថា កុមារនៅភូមិនេះសព្វថ្ងៃស្ទើរតែទាំងអស់នៅពេលរៀនចប់ថ្នាក់ទី៤ ដែលសាលាមានត្រឹមតែថ្នាក់ទី៤ គ្មានលទ្ធភាពរៀនបន្តឡើយ ចំណែកកូនអ្នកផ្សេងដែលមានមធ្យោបាយធ្វើដំណើររៀនបានតែមួយឆ្នាំ ឬពីរឆ្នាំត្រូវបោះបង់ចោលការសិក្សាដោយបញ្ហាផ្លូវ និងរឿងអសន្តិសុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។