កុមារ​កាន់​តែ​ច្រើន​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា

ដោយ អាស៊ីសេរី
2019-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលរដ្ឋ​យក​កុមារ​មក​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្បែរ​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥។
សកម្មភាព​ពលរដ្ឋ​យក​កុមារ​មក​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្បែរ​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥។
RFA

មន្ទីរពេទ្យ​គន្ធ​បុប្ផា​អះអាង​ថា ក្នុង​រយៈពេល ៥​ខែ នៃ​ឆ្នាំ​២០១៩ នេះ មាន​កុមារ​ជាង ៣៧​ម៉ឺន​នាក់ ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ក្នុង​នោះ​ជាង ៧​ម៉ឺន​នាក់ មាន​ជំងឺ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៨ ឧសភា នេះ។

មន្ទីរពេទ្យ​គន្ធបុប្ផា​បញ្ជាក់ទៀត​ថា ក្នុង​រយៈពេល​ដដែល​នេះ កុមារ​ជាង​៧ ពាន់​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​កុមារ​ដែល​ទទួល​បាន​ការ​វះកាត់​បេះដូង​មាន​ជាង​៣ រយ​នាក់។ ចំណែក​ផ្នែក​សម្ភព​វិញ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ជាង ៦​ម៉ឺន​នាក់ បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល ហើយ​សម្រាលកូន​បាន​ជាង ១​ម៉ឺន​នាក់។

មន្ទីរពេទ្យ​គន្ធបុប្ផា​អះអាង​ថា រាល់​ការពិនិត្យ​ព្យាបាល​ទាំងអស់​នេះ ធ្វើឡើង​ដោយ​ឥតគិតថ្លៃ ហើយ​ពុំ​មាន​បុគ្គលិក​ពេទ្យ​ណា​ម្នាក់ ទារ​ប្រាក់​ពី​គ្រួសារ​អ្នកជំងឺ​ឡើយ ហើយ​ម្យ៉ាងវិញទៀត ក៏​គ្មាន​បុគ្គលិក​ណា​ម្នាក់​ឆ្លៀត​ធ្វើការ​ក្រៅ​ម៉ោង​នៅ​គ្លីនិក​ឯកជន​ដែរ។

មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​បើក​ដំណើរការ និង​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​កម្ពុជា ដោយ​ឥតគិតថ្លៃ អស់​រយៈពេល​ជាង ២៦​ឆ្នាំ​ហើយ​។ ក្នុង​រយៈពេល​នេះ មន្ទីរពេទ្យ​មនុស្សធម៌​មួយ​នេះ​បាន​ជួយ​ព្យាបាល​ជំងឺ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​កម្ពុជា ជិត ២០​លាន​ករណី​រួចហើយ ដោយ​ក្នុង​នោះ អ្នកជំងឺ​ភាគច្រើន​ស្ថិត​ក្នុង​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ​។ នៅ​ក្នុង​ដំណើរការ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​មិន​ក្រោម ៧​រយ​លាន​ដុល្លារ​អាមេរិក​ឡើយ ដើម្បី​ទិញ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ ចំណាយ​ទៅលើ​ប្រាក់បៀវត្សរ៍​បុគ្គលិក និង​ចំណាយ​ផ្សេងៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល