ពលរដ្ឋនៅសៀមរាបម្នាក់ក្នុងចំណោមអ្នកពុលត្រីក្រពត៨នាក់ស្លាប់
មន្ត្រីប៉ូលិសនៃអធិការដ្ឋានស្រុកវ៉ារិន ឱ្យដឹងថា គេបានបញ្ជូនសំណល់ត្រីក្រពតខ្លះ ទៅឱ្យគ្រូពេទ្យពិនិត្យរកជាតិពុល ថាតើវាបណ្ដាលមកពីមូលហេតុអ្វី?
ការបញ្ជូនកាកសំណល់ទៅឱ្យគ្រូពេទ្យពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីកាលពីល្ងាចថ្ងៃទី៣០ ខែមីនា កន្លងទៅ មានពលរដ្ឋប្រុស ស្រី និងក្មេង ចំនួន ៨នាក់ នៅភូមិគោកវត្ត ឃុំស្រែណូយ បានពុលត្រីកំពត ហើយក្នុងចំណោមនោះ បុរសម្នាក់ឈ្មោះ មឿន ម៉ែត្រ អាយុជាង ៤០ឆ្នាំបានស្លាប់។
អធិការនគរបាលស្រុកវ៉ារិន លោក ណុប សារ៉ាក់ មានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ថា កាលពីល្ងាចថ្ងៃទី៣០ ខែមីនា កន្លងទៅ ប្រជាពលរដ្ឋនៅភូមិគោកវត្ត បាននាំគ្នាទៅរកត្រី។ ពេលនោះគឺរកបានត្រីក្រពតមួយចំនួន ហើយក៏នាំគ្នាបំពងធ្វើជាម្ហូប និងខ្លះយកទៅក្លែមស្រាស។ បន្តិចក្រោយមក អ្នកភូមិស្រីប្រុស និងកុមារចំនួន ៨នាក់ មានអាការៈពុល ហើយបានបញ្ជូនទៅជួយសង្គ្រោះនៅមណ្ឌលសុខភាព។
លោកអធិការបញ្ជាក់ថា តាមការស្រាវជ្រាវ គឺលោកហ៊ានអះអាងថា ជាតិពុលនោះ គឺចេញពីត្រីក្រពត មិនមែនចេញពីស្រាសទេ៖ «យើងចុះទៅស្រាវជ្រាវ ហើយនិងពិនិត្យមើលស្ថានភាពជាក់ស្ដែងពិតជាពុលត្រីកំពតមែន អត់មែនបណ្ដាលមកពីពុលស្រាសទេ»។
ប៉ូលិសឱ្យដឹងថា រហូតមកដល់រសៀលថ្ងៃទី៣១ ខែមីនា ពលរដ្ឋ និងក្មេងដែលពុលត្រីក្រពតនោះ មានអាការៈធូរស្បើយឡើងវិញហើយ លើកលែងតែបុរសម្នាក់ដែលពុលក្នុងសភាពធ្ងន់ធ្ងរបានស្លាប់៕