លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល ខណៈ​បក្ខពួក​ខ្លួន​តែង​ទៅ​ព្យាបាល​នៅ​បរទេស

ដោយ ម៉ៅ សុធានី
2024.03.14
លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល ខណៈ​បក្ខពួក​ខ្លួន​តែង​ទៅ​ព្យាបាល​នៅ​បរទេស លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូប​កណ្ដាល) ថតរូបជាមួយក្រុមគ្រូពេទ្យ ពេលសម្ពោធមន្ទីរពេទ្យកោះធំ កាលពីថ្ងៃទី១៣ មីនា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកជំនាញ​ផ្នែក​សុខាភិបាល និង​អ្នកឃ្លាំមើល ចង់​ឃើញ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​ស៊ី​ជម្រៅ ដើម្បី​ធានា​សុវត្ថិភាព ប្រសិទ្ធភាព និង​ការ​ផ្តល់​កិច្ច​គាំពារ​សម្រាប់​អ្នកជំងឺ​គ្រប់​ស្រទាប់​វណ្ណៈ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល ទាំង​ដែល​មន្ត្រី​ក្រុម​បក្ខពួក និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ពេល​មាន​ជំងឺ​តែង​រត់​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។

អ្នកជំនាញ​សុខាភិបាល​លើកឡើង​ថា ការពង្រីក​មន្ទីរ​សុខាភិបាល​នៅ​តាម​ខេត្ត​ស្រុក​ដាច់ស្រយាល​គឺជា​ការ​ប្រសើរ ប៉ុន្តែ​ប្រសិនបើ​នៅក្នុង​មន្ទីរពេទ្យ​ភាគច្រើន​សម្បូរ​ទៅ​ដោយ​មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ និង​ខ្វះ​វិជ្ជាជីវៈ នោះ​ពលរដ្ឋ​នៅតែ​មិន​ទទួល​បាន​កិច្ច​គាំពារ​ក្នុង​ការ​ទទួល​សេវា​សុខាភិបាល​ដដែល។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ ខែ​មីនា ថា បាតុភាព​នៃ​ពលរដ្ឋ​ក្រីក្រ​ដែល​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅតែ​បន្ត​កើត​មាន ដែល​បញ្ហា​នេះ​លោក​មើលឃើញ​បាន​កើត​មាន​ដដែលៗ​ជាច្រើន​ឆ្នាំ​មក ហើយ​រដ្ឋាភិបាល​មិនទាន់​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

លោក​លើកឡើង​បន្ថែម​ទៀត​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​ឱ្យ​ល្អ​ប្រសើរ រដ្ឋាភិបាល​គួរតែ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​ដែល​លោភលន់ ប្រព្រឹត្ត​ខុសពី​វិជ្ជាជីវៈ​គ្រូពេទ្យ។

ក្រៅ​ពី​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​តែ​សហការ​ជាមួយ​បណ្ដា​ប្រទេស​ដែល​មាន​សក្ដានុពល ដើម្បី​កៀរគរ​អ្នក​វិនិយោគ​លើ​វិស័យ​សុខាភិបាល​ដូចជា ការ​នាំចូល​ថ្នាំពេទ្យ​មាន​គុណភាព​កម្រិត​ខ្ពស់ និង​គ្រឿង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ជាដើម។

លោក អ៊ូច វុទ្ធី៖ «បុគ្គល​មនុស្ស​វា​មិន​មាន​ចិត្ត​ដូចគ្នា​ទាំងអស់​ទេ វា​មានចិត្ត​ផ្សេងៗ​គ្នា​អ្នកខ្លះ​លោភលន់​ចង់បាន​ចង់​មាន ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ​។ កុំ​ថា ឡើយ​ដុកទ័រ (Doctor) កុំ​ថា​ឡើយ​ពេទ្យ សូម្បីតែ​មន្ត្រី​រដ្ឋបាល​មួយចំនួន​ផ្សេងៗ​នៅ​តាម​ខេត្ត​ទៅ​រំលោភ​ច្បាម​យក​ដី​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យំ​ស្រែក មានការ​លំបាក​វេទនា។ តាំង​នាម​ខ្ញុំ​ជា​គ្រូពេទ្យ​ម្នាក់​ដែរ សុំ​អំពាវនាវ​សូម​ឱ្យ​ប្រមុខ​រដ្ឋាភិបាល ជួយ​តម្រឹម​អ្នក​ទាំងអស់​ហ្នឹង​ឱ្យ​បាន​ត្រឹមត្រូវ​វិញ កុំឱ្យ​ប្រជាពលរដ្ឋ​យំ​ស្រែក​បន្ត​ទៀត»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា សមិទ្ធផល​នៃ​ការ​កសាង​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​មកនេះ ក្នុង​គោលបំណង​ធានា​អាយុជីវិត​ពលរដ្ឋ និង​ដើម្បី​កុំឱ្យ​ពលរដ្ឋ​ចំណាយ​លុយ​ច្រើន​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​។ លោក​ក៏​ណែនាំ​ដល់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ទាំងអស់​ត្រូវ​ពង្រឹង​ក្រមសីលធម៌​ក្នុងនាម​ជា​គ្រូពេទ្យ និង​ផ្ដល់​សេវា​ពិគ្រោះ​ជំងឺ សេវា​អប់រំ​លើកកម្ពស់​សុខភាព សេវា​សម្រាក​ព្យាបាល និង​ថែទាំ​របស់​ពលរដ្ឋ។ លោក​ថ្លែង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មន្ទីរពេទ្យ តេជោសែន​កោះធំ ស្ថិត​ក្នុង​ខេត្ត​កណ្ដាល​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា។

លោក ហ៊ុន ម៉ាណែត៖ «យើង​ត្រូវ​បង្កើន​សមត្ថកិច្ច​ភាព បង្កើន​គ្រឿង​បំពាក់ យើង​ចាញ់​គេ​តែ​គ្រឿង​បំពាក់​ទេ ថ្ងៃមុន​ខ្ញុំ​ទៅ​ពេទ្យ​អង្គឌួង ពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ (Korea) មក​វះ​ត្របកភ្នែក គាត់​សរសើរ​ទឹកដៃ​ពេទ្យ​ខ្មែរ​យើង គាត់​ថា ពេទ្យ​ខ្មែរ​យើង​ជំនាញ ពេទ្យ​ខ្មែរ​យើង​ល្អ​ណាស់ ខ្វះ​តែ​ឧបករណ៍​មិនទាន់​ទំនើប​មិន​ទាន់​សម័យ​ដូច​គាត់ តែ​ឧបករណ៍​ទំនើប​យើង​ក៏​មាន​ដែរ ប៉ុន្តែ​មិនទាន់​ចុងក្រោយ​ដូច​គាត់ ប៉ុន្តែ​សំខាន់​ណាស់ នេះ​ហើយ​ដែល​ថា យើង​កសាង​ជំនាញ​ពេទ្យ​របស់​យើង​ក្នុង ៤០​ឆ្នាំនេះ ជា​មោទនភាព ដែល​ការ​ផ្ដល់​សេវា ៩​លាន​នាក់​នេះ នឹង​ស្ថិត​ក្នុង​កណ្ដាប់ដៃ ក្នុង​ការ​ទទួលខុសត្រូវ​របស់​អ្នក​មាន​សមត្ថកិច្ច និង​អ្នក​ជួយ​ជីវិត»

ក្រៅ​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​ហាក់​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​មន្ទីរ​សុខាភិបាល​ជា​បន្តបន្ទាប់ ខណៈ​ពលរដ្ឋ​មួយចំនួន​នៅតែ​គ្មាន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​សុខាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក​នៅ​ឡើយ។ ក្រៅ​ពី​នេះ អ្នកឃ្លាំមើល​សង្កេតឃើញ​ថា រដ្ឋាភិបាល​ក៏​មិន​ទុកចិត្ត​លើ​ប្រព័ន្ធ​សុខាភិបាល​ក្រោម​ការដឹកនាំ​របស់​ខ្លួន​ដែរ ពីព្រោះ​ជារឿយៗ លោក ហ៊ុន សែន រួម​ទាំង​បក្ខពួក​អ្នក​មាន​អំណាច​ផ្សេងទៀត​តែងតែ​វេច​លុយរាប់​ម៉ឺន​ដុល្លារ ដើម្បី​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។ ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​តែងតែ​រង​ការរិះគន់ ហើយ​ពលរដ្ឋ​ខ្លះ​បាត់បង់​ទំនុកចិត្ត ដោយសារតែ​សេវាកម្ម​ព្យាបាល​គ្មាន​ប្រសិទ្ធភាព ពីព្រោះ​មន្ត្រី​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​មួយ​ចំនួន​រើសអើង​បែងចែក​វណ្ណៈ​អ្នក​មាន និង​អ្នកក្រ​ជាដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៣ ខែ​មីនា។

អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត កែម ឡី កាល​នៅ​មាន​ជីវិត​លោក​មាន​ប្រសាសន៍​ថា បើ​ចង់ឱ្យ​ប្រព័ន្ធ​សុខាភិបាល​មាន​ស្ថានភាព​ល្អ​ប្រសើរ​លុះត្រា​តែ​មាន​បដិវត្ត​វិស័យ​សុខាភិបាល​ដោយ​ធ្វើ​កំណែ​ទម្រង់​នៃ​ប្រព័ន្ធ​នេះ​ស៊ីជម្រៅ កុំឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​ចំពោះ​មន្ត្រី​សុខាភិបាល​ដែល​ធ្វើការ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ផង និង​បើក​គ្លីនិក​ផ្ទាល់ខ្លួន​ដែល​ប៉ះពាល់​ការថែទាំ​អ្នក​ជំងឺ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ត្រូវតែ​ធានា​ប្រព័ន្ធ​បញ្ជូន​ជំងឺ​ឱ្យ​លឿន​ឆាប់រហ័ស និង​ពង្រឹង​គុណភាព​ប្រព័ន្ធ​សុខាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​តាម​តំបន់​ដាច់ស្រយាល ជាជាង​បង្កើត​ពេទ្យ​របស់​គណបក្ស​នយោបាយ ដើម្បី​ចល័ត​ព្យាបាល​ពលរដ្ឋ​តាម​ភូមិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។