ពលរដ្ឋ និង​អ្នក​ស្រាវជ្រាវ​បារម្ភ​ពី​វិបត្តិ​សេដ្ឋកិច្ច ខណៈ​ពលរដ្ឋ​កាន់​តែ​ច្រើន​សម្រុក​ទៅ​ព្យាបាល នៅ​ក្រៅ​ប្រទេស

ដោយ ម៉ៅ សុធានី
2018-06-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កន្លែង​បើក​ថ្នាំ នៃ​មន្ទីរពេទ្យរួមពេទ្យ (Ruampaet Hospital) ខេត្ត​សុរិន្ទ ជាមន្ទីរពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទីរពេទ្យ​​មួយ​ចំនួន​ទៀត ដែលអ្នក​ជំងឺ​ខ្មែរ​និយម​ទៅ​​ព្យាបាល​នៅ​ប្រទេស​ថៃ។
កន្លែង​បើក​ថ្នាំ នៃ​មន្ទីរពេទ្យរួមពេទ្យ (Ruampaet Hospital) ខេត្ត​សុរិន្ទ ជាមន្ទីរពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទីរពេទ្យ​​មួយ​ចំនួន​ទៀត ដែលអ្នក​ជំងឺ​ខ្មែរ​និយម​ទៅ​​ព្យាបាល​នៅ​ប្រទេស​ថៃ។
រូបពី​បណ្ដាញ​សង្គម

ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើងៗ បាន​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ព្រោះ​ពួក​គេ​បាត់បង់​ជំនឿ​លើ​គ្រូពេទ្យ​ក្នុង​ស្រុក និង​ដោយសារ​ហេតុផល​ផ្សេងៗ។ ចំពោះ​បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល​សម្តែង​ក្តី​បារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។ ការ​បារម្ភ​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​ផ្នែក​សុខាភិបាល​របស់​ប្រទេស​ថៃ បង្ហាញ​របាយការណ៍​ថា មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាង ២០​ម៉ឺន​នាក់​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៧។

ថ្វីដ្បិត​តែ​របប​លោក ហ៊ុន សែន ខំ​អួត និង​ការពារ​ថា វិស័យ​សុខាភិបាល​កម្ពុជា​រីក​ចម្រើន និងមាន​ស្តង់ដារ​ដូច​បរទេស​យ៉ាង​ណា​ក្តី ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើងៗ សម្រុក​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​ប្រទេស​ជិត​ខាង។ ពលរដ្ឋ​រស់នៅ​ភ្នំពេញ​ម្នាក់ ដែល​ធ្លាប់​ឡើង​ទៅ​ព្យាបាល​សុខភាព​នៅ​ប្រទេស​ថៃ រអ៊ូរទាំ​ថា មុន​ទៅ​ប្រទេស​ថៃ គឺ​គាត់​ធ្លាប់​ពិនិត្យ និង​ព្យាបាល​សុខភាព​នៅ​ស្រុក​ខ្មែរ​ដែរ ដោយសារ​ពេល​នោះ គ្រូ​ពេទ្យ ប្រាប់​ថា សុខភាព និង​ជំងឺ​របស់​គាត់​ធ្ងន់ធ្ងរ​បែប​នេះ ឬ​បែប​នោះ និង​ណែនាំ​ឲ្យ​ទទួល​វះកាត់​ជា​ដើម ប៉ុន្តែ​ពេល​ទៅ​ដល់​បរទេស​បែរ​ជា​ខុស​គ្នា​ទៅ​វិញ។ គ្រូពេទ្យ​បរទេស​ថា ជំងឺ​របស់​គាត់​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​វះកាត់​ទេ។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា ក្រៅ​ពី​ពិនិត្យ និង​ព្យាបាល​គ្មាន​ប្រសិទ្ធិភាព​នោះ គឺ​គ្រូពេទ្យ​ស្រុក​ខ្មែរ ក៏​ខ្វះ​ក្រម​សីលធម៌​តែ​ម្តង ដូចជា ប្រើ​ភាសា​គំរោះគំរើយ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ និង​តាមដាន​សុខភាព​អ្នក​ជំងឺ ​ហើយ​គិត​ប្រាក់​ជា​ធំ។ ពលរដ្ឋ​រូប​នេះ​លើក​ឡើង​ទៀត​ថា ប្រជា​ពលរដ្ឋ​ទូទៅ មិន​ចង់​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ព្រោះ​ត្រូវ​ចំណាយ​ថវិកា និង​ពេល​វេលា​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ។ ប៉ុន្តែ ពួក​គាត់​គ្មាន​ជម្រើស​នោះ​ទេ ដើម្បី​សុខភាព និង​អាយុ​ជីវិត។ «»

ពលរដ្ឋ​រូប​នេះ ស្នើសុំ​ឲ្យ​របប​លោក ហ៊ុន សែន ពិនិត្យ​ពិចារណា​ពង្រឹង​គុណភាព​វិស័យ​សុខាភិបាល និង​កសាង​ទំនុក​ចិត្ត​ជូន​ប្រជា​ពលរដ្ឋ​ឡើង​វិញ ជា​ជាង​គ្រាន់​តែ​ដើរ​អួត​ខុស​ពី​ការ​ពិត​ជាក់​ស្តែង។ «»

កាល​ពី​ជាង​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ​២០១៨ នាយក​ផ្នែក​សុខាភិបាល​អន្ដរជាតិ​នៃ​ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ថៃ លោកស្រី សៅវ៉ាផា ចុងគីទិពង្ស (Saowapa Jongkitipong) បាន​បង្ហាញ​របាយការណ៍​ប្រាប់​កាសែត​កោះ​សន្តិភាព​ថា ប្រទេស​ថៃ​ទទួល​បាន​ប្រជាជន​កម្ពុជា​ចំនួន​ប្រមាណ​ជាង ២២​ម៉ឺន​​នាក់​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ដែល​មាន​កំណើន​ប្រមាណ​ជាង ១០% ធៀប​នឹង​ឆ្នាំ​មុន។ លោកស្រី សៅវ៉ាផា ចុងគីទិពង្ស បន្ថែម​ថា អតិថិជន​ពី​ប្រទេស​កម្ពុជា​មក​ទទួល​សេវា​ពិនិត្យ និង​ព្យា​បាល​សុខភាព​នៅ​ប្រទេស​ថៃ គឺ​នាំមុខ​គេ​ក្នុង​ចំណោម​ប្រទេស​ចំនួន ៤ ដែល​ជា​សមាជិក CLMV ទាំង ៤ ដែល​រួម​មាន កម្ពុជា ឡាវ ភូមា និង​វៀតណាម។

លោកស្រី​បាន​បន្ត​ទៀត​ថា ជាមួយ​នឹង​បច្ចេកវិទ្យា​ឈាន​មុខ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ប្រទេស​ថៃ​ជា​ទឹកដី​ទេសចរណ៍​សុខភាព (Medical Tourists) មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ លើ​ពិភព​លោក​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​សុខភាព ហើយ​តម្លៃ​នៃ​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ប្រទេស គឺ​មាន​តម្លៃ​សមរម្យ។ នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា តួលេខ​ពលរដ្ឋ​ទៅ​រក​សេវា​ព្យាបាល​សុខភាព​នៅ​បរទេស​នេះ គឺ​ជា​រឿង​ព្រួយ​បារម្ភ​ដ៏​ធំ​មួយ ដែល​រដ្ឋាភិបាល​ត្រូវ​រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ​សម្រាប់​កំណែ​ទម្រង់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។ លោក​មើល​ឃើញ​ថា មាន​មូលហេតុ​ពីរ ដែល​ពលរដ្ឋ​សម្រុក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ និង​ប្រទេស​ដទៃ​ទៀត គឺ​ដោយសារ​ក្រម​សីលធម៌​នៃ​អ្នក​ផ្តល់​សេវា​សុខាភិបាល និង​ប្រសិទ្ធិភាព«»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បាន​ទេ​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។ ទោះ​យ៉ាង​ណា​ក្តី​កន្លង​មក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ថ្លែង​ទទួល​ស្គាល់​ថា អាច​មាន​គ្រូពេទ្យ​មួយ​ចំនួន មិន​ប្រកាន់​សីលធម៌​ខ្ជាប់ខ្ជួន សម្ដី​អាក្រក់​ដាក់​អ្នក​ជំងឺ ហើយ​កន្លែង​ខ្លះ​គិត​បញ្ហា​លុយ​ជា​ធំ​ក្តី ប៉ុន្តែ​លោក​ថ្លែង​ការពារ​ថា ពេទ្យ​ភាគ​ច្រើន​មាន​វិជ្ជាជីវៈ ក្រម​សីលធម៌ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​លះបង់​ជួយ​អ្នក​ជំងឺ តែ​មិន​ដល់​ថ្នាក់​គ្រូពេទ្យ ១០០​នាក់ ខូច ៩៩​នាក់​នោះ​ទេ។ ចំណែក​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត វិញ ធ្លាប់​អួត​កាល​ពី​ពេល​ថ្មីៗ នេះ​ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា បច្ចុប្បន្ន​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ និង​ពិភពលោក។

លោកសន ជ័យ លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​និយាយ​ការពារ​ច្រើន​ជាង​ការ​ស្វែងរក​ការ​ពិត​នោះ គឺ​ប្រជា​ពលរដ្ឋ​នឹង​កាន់​តែ​មាន​ចំនួន​ច្រើន​សម្រុក​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត ដែល​ផ្តល់​ក្តី​បារម្ភ​កាន់​តែ​ធំ«»។

រីឯ​សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក បុង ដែត មាន​ប្រសាសន៍​ថា របប​លោក ហ៊ុន សែន គួរ​តែ​បញ្ឈប់​យុទ្ធនាការ​វាយ​ប្រហារ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ហើយ​បង្កើន​ប្រសិទ្ធិភាព​ទប់​ស្កាត់​ការ​នាំ​ចូល​ចំណី​អាហារ​គីមី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជា​ពលរដ្ឋ និង​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​ពង្រឹង និង​កែ​លម្អ​វិស័យ​សុខាភិបាល និង​វិស័យ​អាទិភាព​នានា ដែល​ជា​តម្រូវ​ការ​ចំាបាច់​របស់​ប្រជា​ពលរដ្ឋ។

លោក បុង ដែត បន្ថែម​ថា របប​លោក ហ៊ុន សែន គួរ​តែ​ពង្រឹង​គុណភាព និង​ប្រសិទ្ធិភាព​មន្ទីរ​សុខាភិបាល​របស់​រដ្ឋ​តាម​មូលដ្ឋាន ជា​ជាង​បន្ត​ធ្វើ​នយោបាយ​ប្រជាភិថុត​​តាម​រយៈ​រូប​ភាព​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត ព្រោះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​អស់​ទំនុកចិត្ត​រហូត​ដល់​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស«»។

ការចេញទៅពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​បរទេស​នេះ មិន​មែន​តែ​ប្រជា​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​វា​ជា​រឿង សាមញ្ញ​ទៅ​ហើយ​សម្រាប់​មន្ត្រី​ធំៗ និង​គ្រួសារ​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល