ពលករ​ខ្មែរ​ជា​ច្រើន​នាក់​​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ថៃ​បាន​ឈឺ​ធ្ងន់

ដោយ ខែ សុណង
2021-06-23
Share
ពលករ​ខ្មែរ​ជា​ច្រើន​នាក់​​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ថៃ​បាន​ឈឺ​ធ្ងន់ រូបភាព​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​ត្រូវបាន​ថៅកែ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក ក្រោយ​ពេលឆ្លង​ជំងឺ​កូវីដ១៩ នៅ​សង្កាត់​ចតុច័ក្រ (Chatuchak) ទីក្រុង​បាងកក ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២១ ខែមិថុនា ឆ្នាំ២០២១។
រូប៖ ពលករផ្ដល់​ឱ្យ

ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ មាន​សុខភាព​ទ្រុឌទ្រោម​កាន់តែ​ខ្លាំង​ជា​ពិសេស​ស្ត្រី​កូន​ខ្ចី​និង​កុមារ​តូច​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ រហូត​មក​ទល់​ពេល​នេះ ពុំ​មាន​អាជ្ញាធរ​ណា​បញ្ជូន​ពួកគាត់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ទេ។

ពលការិនី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឧត្ដរមានជ័យ​ម្នាក់ លោក​ស្រី រាប ស្រី​ពៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី២៣ មិថុនា​ថា លោក​ស្រី​និង​កូន​របស់​គាត់​អាយុ ៥ខែ ព្រម​ទាំង​កុមារ និង​ពលករ​ខ្មែរ​មួយ​ចំនួន​ទៀត​បាន​ឈឺ​ធ្ងន់ ២ថ្ងៃ​មក​ហើយ។ ស្ត្រី​វ័យ ២២ឆ្នាំ​រូប​នេះ​ព្រួយបារម្ភ​ខ្លាច​មិន​អាច​ទប់​ទល់​នឹង​ជំងឺ​កាច​សាហាវ​នេះ​បាន ព្រោះ​ពួកគាត់​គ្មាន​ថ្នាំ​លេប​ព្យាបាល​ជំងឺ​នោះ​ទេ។ លោក​ស្រី​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ប្រហែល ១សប្ដាហ៍​មក​ហើយ ខណៈ​ថៅកែ និង​អាជ្ញាធរ​ថៃ​មិន​បាន​បញ្ជូន​ពួក​គាត់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​ទេ៖ «ឥឡូវ​បង​ខ្ញុំ​វា​ក្អក​មែនទែន​ហ្មង លក្ខណៈ​វា​រាល់​ដល់​សួត​ ខ្ញុំ​ឈឺ​មែនទែន វា​ឈឺ​ក្នុង​ខ្លួន​ហ្មង។ ពេល​ខ្ញុំ​ចូល​មក​ថ្ងៃ​ដំបូង​វា​អត់​មាន​ក្អក​ទេ ទើប​តែ​ខ្លាំង ២ហ្នឹង​ ដល់​ពេល​ដែល​យើង​ក្អក​ឈឺ​សួត​ខ្លាំង​ ហើយ​ចង់​រក​ក្អួត។ ខ្ញុំ​អត់​មាន​សិទ្ធិ​អី​ទៅ​តវ៉ា​ជា​មួយ​គេ​ទេ ធំ​ជាង​យើង ពេល​ខ្ញុំ​និយាយ​ទៅ​គេ​បាន​ត្រឹម​មក​ស្ដី​ថា​ឱ្យ​យើង គេ​ថា គេ​ជួយ​យើង​អស់​ពី​លទ្ធភាព​ហើយ​ គេ​ទូរស័ព្ទ​ទៅ​ពេទ្យ​ហើយ​ ប៉ុន្តែ​ពេទ្យ​ថា​គេ​អត់​មាន​កន្លែង​ទំនេរ បើ​សិន​ជា​មាន​គ្រែ​ទំនេរ​គេ​នឹង​ទូរស័ព្ទ​តាម​យើង​អីចឹង»

លោក​ស្រី​បន្ត​អំពាវនាវ​យ៉ាង​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ខ្មែរ និង​ថៃ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​ពួកគាត់​ជា​បន្ទាន់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៣ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​មន្ត្រី​ស្ថានទូត​ខ្មែរ​បាន​ប្រាប់​ពលករ​ទាំង​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី២៣ មិថុនា​ថា ស្ថានទូត​កំពុង​ទាក់​ទង​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​ឱ្យ​បញ្ជូន​ស្ត្រី​កូន​ខ្ចី និង​កុមារ​តូច ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ទាំង​នោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហើយ។

ពលករ​ខ្មែរ​ធ្វើ​ការ​សំណង់​នៅ​ខណ្ឌ​ចតុច័ក (Chatuchak) កណ្ដាល​ទីក្រុង​បាងកក ​មួយ​ក្រុម​នេះ មាន​គ្នា​ប្រមាណ ៥០នាក់ ហើយ​ពួក​គាត់​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ទាំង​អស់​គ្នា រយៈ​ពេល​ជាង ១សប្ដាហ៍​មក​ហើយ។ ចាប់​តាំង​ពី​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ​មក ថៅកែ​ជនជាតិ​ថៃ​បាន​បង្ខាំង​ពួក​គាត់​ឱ្យ​នៅ​ក្នុង​តង់​សំពត់​កៅស៊ូ​តាម​យថា​កម្ម ដោយ​ផ្ដល់​ស្បៀង​អាហារ​បន្តិចបន្តួច​ជូន​ដល់​ពួក​គាត់​​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល