មន្ទីរពេទ្យឯកជនចំនួន៣ ទទួលបានសិទ្ធិព្យាបាលអ្នកជំងឺកូវីដ១៩ ពីក្រសួងសុខាភិបាល។ មន្ទីរពេទ្យទាំងនោះមានដូចជា មន្ទីរពេទ្យសង់ត្រាល់មានទីតាំងនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញមានទីតាំងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមន្ទីរពហុព្យាបាលវិសាលសុខ ស្ថិតនៅផ្លូវមុនីរ៉េតសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
ក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៤ ឧសភាថា៖ «មន្ទីរពេទ្យទាំងបីទីតាំងនោះមានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ ព្រមទាំងមានសិទ្ធិធ្វើតេស្តរហ័សរកមេរោគកូវីដ១៩» ផងដែរ។
នេះជាលើកដំបូងហើយដែលរដ្ឋាភិបាលសម្រេចឱ្យសេវាសុខាភិបាលឯកជន ព្យាបាល និងថែទាំជំងឺកូវីដ១៩ ដោយគិតថ្លៃព្យាបាល។
ប្រជាពលរដ្ឋមួយចំនួន បានស្នើឱ្យក្រសួងកំណត់តម្លៃសមរម្យសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យឯកជនទាំងនេះ។
ពលរដ្ឋម្នាក់ឈ្មោះ ភាង គូ (Peang Ku) បានបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលថា សូមក្រសួងសុខាភិបាលដាក់ចេញនូវតារាង តម្លៃ នៃសេវាពេទ្យឯកជនផង ! កំពុងវឹកវរផង។
មន្ទីរពេទ្យឯកជនទាំង៣ដែលទទួលបានសិទ្ធិព្យាបាលជំងឺកូវីដ-១៩ នេះ សុទ្ធសឹងជាមន្ទីរពេទ្យ ដែលមានតម្លៃសេវាថ្លៃស្រាប់ បើធៀបនឹងកម្រិតជីវភាពប្រជាពលរដ្ឋខ្មែរជាទូទៅ។
បើគិតតម្លៃបន្ទប់សម្រាកព្យាបាលជំងឺទូទៅ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញមានតម្លៃបន្ទប់ចាប់ពីរាប់រយដុល្លារឡើងទៅ។ មន្ទីរពេទ្យសង់ត្រាល់មានតម្លៃបន្ទប់ចាប់ពី ៦៥ដុល្លារឡើងទៅ ខណៈពេទ្យវិសាលសុខ មានតម្លៃបន្ទប់ក្រោមពេទ្យសង់ត្រាល់បន្តិចប៉ុណ្ណោះ។
ការអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនព្យាបាលជំងឺកូវីដ១៩ នេះ ធ្វើឡើងរយៈពេល៣សប្ដាហ៍ បន្ទាប់ពីក្រសួងសុខាភិបាល ចេញសេចក្ដីសម្រេចមួយដោយរៀបចំឱ្យមានការព្យាបាលជំងឺកូវីដ១៩នៅតាមផ្ទះ។ ក្រសួងបញ្ជាក់ថា យុទ្ធសាស្ត្រទាំងពីរនេះ ធ្វើឡើងដើម្បីសម្រាល បន្ទុកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដែលពេញដោយអ្នកជំងឺ។
រដ្ឋាភិបាលយកទីតាំងផ្សេងៗ ដើម្បីធ្វើជាកន្លែងព្យាបាល រួមមាន ទីតាំងមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ ស្តាតអូឡាំពិក និងអាគាររោងចក្រជាដើម។
គិតត្រឹមព្រឹកថ្ងៃទី៦ ឧសភានេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាបានកើនឡើងដល់ជាង ១ម៉ឺន ៧ពាន់នាក់ហើយ (១៧.៦២១) បន្ទាប់ពីក្រសួងរកឃើញករណីថ្មី ៦៥០នាក់បន្ថែមទៀត។ ក្នុងចំណោមតួលេខឆ្លងសរុបនេះ អ្នកជាសះស្បើយមានជិត ៧ពាន់នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួនជាង ១ម៉ឺន ១ពាន់នាក់ និងអ្នកស្លាប់មាន ១១៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។