ជនជាតិចិនម្នាក់ស្លាប់ពេលព្យាបាលជំងឺកូវីដ តែក្រសួងសុខាភិបាលថា ស្លាប់ដោយសារញៀនថ្នាំ
ជនជាតិចិនម្នាក់ ស្លាប់ពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ តែក្រសួងសុខាភិបាល អះអាងថា អ្នកជំងឺស្លាប់ដោយសារញៀនថ្នាំ។ ជនជាតិចិនរូបនេះ ស្ថិតក្នុងចំណោមជនជាតិចិនសរុប ៣០២ នាក់ ដែលសុទ្ធតែមានផ្ទុកជំងឺកូវីដ-១៩ ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង សន្និដ្ឋានថា អ្នកជំងឺចិនរូបនេះ ស្លាប់ភ្លាមៗ ដោយសារភាពរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្ដាលឱ្យគាំងបេះដូងភ្លាមៗតែម្ដង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ អះអាងទៀតថា សេចក្តីសន្និដ្ឋាននេះ ធ្វើឡើងក្រោយលទ្ធផលពិនិត្យទឹកនោមរបស់អ្នកជំងឺ បង្ហាញថា មានធាតុថ្នាំញៀនប្រភេទមេតំហ្វេតាមីនខ្ពស់ ដែលលោកថា បុគ្គលនេះ បានប្រើប្រាស់សារធាតុញៀនប្រភេទនេះ ក្នុងរយៈពេលយូរមកហើយ។
បុរសជនជាតិចិនរូបនោះ មានឈ្មោះ ឡាយ ប៊ិនស៊ាង (Lay Binxiang) អាយុ ៣៤ ឆ្នាំ មកកម្ពុជាកាលពីខែតុលា ឆ្នាំ ២០១៩ ប៉ុន្តែទើបតែឆ្លងជំងឺកូវីដ-១៩ នៅចុងខែ កុម្ភៈកន្លងទៅនេះ។ លោកបានសម្រាកព្យាបាលជំងឺពីថ្ងៃទី១ ខែមីនា នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រែកភ្នៅ រាជធានីភ្នំពេញ។ លោកស្លាប់នៅថ្ងៃទី៤ ខែមីនា។
ទោះបីជាករណីអ្នកផ្ទុកជំងឺកូវីដ-១៩ នៅកម្ពុជាមានចំនួន ៩០៩ នាក់ និងមានអ្នកកំពុងសម្រាកព្យាបាលជំងឺនេះចំនួន ៤៨៤ នាក់ គិតត្រឹមថ្ងៃទី៤ ខែមីនា ការស្លាប់របស់អ្នកជំងឺក្នុងពេលកំពុងសម្រាកព្យាបាលជំងឺនេះ គឺជាករណីដំបូងមួយនៅកម្ពុជា។
ទោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល សន្និដ្ឋានថាការស្លាប់នេះ គឺបណ្តាលមកពីអ្នកជំងឺរើមេថ្នាំញៀនក៏ដោយ ក៏សិក្សាស្រាវជ្រាវវេជ្ជសាស្ត្រនៅអាមេរិក ថា មានករណីជាច្រើន ដែលអ្នកជំងឺកូវីដ-១៩ ស្លាប់ដោយសារគាំងប្រព័ន្ធផ្លូវដង្ហើម ឬគាំងបេះដូង។
អ្នកជំនាញថា បើទោះបីជាអ្នកជំងឺកូវីដ-១៩ ភាគច្រើន មានបញ្ហារលាកសួតធ្ងន់ធ្ងរ និងដំណើរគាំងផ្លូវដង្ហើម ជាបញ្ហាចម្បងនៃការវាយលុករបស់ជំងឺកូវីដ-១៩ក៏ដោយ ក៏ជំងឺនេះអាចធ្វើឱ្យឈាមកក ដែលបណ្ដាលឱ្យអ្នកជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងគាំងបេះដូងដែរ។
ក្រោយផ្ទុះព្រឹត្តិការណ៍ចម្លងក្នុងសហគមន៍លើកទីបី កាលពីថ្ងៃទី២០ ខែកុម្ភៈ មន្ត្រីសុខាភិបាលព្រមានអំពីគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើពលរដ្ឋមិនប្រុងប្រយ័ត្នខ្ពស់។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែ កុម្ភៈ ថាអ្នកឆ្លងជំងឺកូវីដ-១៩ នៅពេលនេះ អាចស្លាប់៖ «កុំគិតថា អ្ហេឥឡូវកម្ពុជាអត់មានអ្នកស្លាប់ផង ទៅភ័យអី! កុំមើលស្រាលទៅលើលទ្ធភាពនៃការវាយលុករបស់វីរុសកូវីដ-១៩ ជាពិសេស អាប្រភេទបំប្លែងថ្មីនេះ វានឹងអាចធ្វើឱ្យអ្នកជំងឺវិវត្តទៅរកសេចក្ដីស្លាប់បាន ប្រសិនបើបុគ្គលនោះ មិនទទួលបាននូវការពិនិត្យព្យាបាល បានទាន់ពេលវេលា ហើយមានការថែទាំត្រឹមត្រូវ ពីក្រុមគ្រូពេទ្យរបស់យើងទេនោះ»។
ទោះជាមានការថែទាំ និងព្យាបាលត្រឹមត្រូវពីគ្រូពេទ្យជំនាញក៏ដោយ ក៏អ្នកជំងឺកូវីដ-១៩ ជាច្រើននៅលើសាកលលោក បានស្លាប់ដោយសារជំងឺនេះ។ គិតត្រឹមថ្ងៃទី៤ ខែ មីនា អ្នកស្លាប់បានកើនឡើដល់ ជិត ២លាន ៦សែន (២ ៥៧៥ ៣៩៤) នាក់ ក្នុងចំណោមអ្នកផ្ទុកជំងឺនេះ ជិត ១១៦លាននាក់ (១១៥ ៩៨៥ ៣៣៥)។
ទោះជាយ៉ាងនេះក្ដី ចំនួននៃអ្នកឆ្លងជំងឺនេះ បានថយចុះយ៉ាងគំហុកនៅប្រទេស ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋ ដូចជានៅសហរដ្ឋអាមេរិកជាដើម។ ចំនួនអ្នកឆ្លងជំងឺនេះនៅសហរដ្ឋអាមេរិក បានថយចុះពីប្រមាណ ២សែន ៥ម៉ឺននាក់ក្នុងមួយថ្ងៃ កាលពីចុងខែមករា មកនៅត្រឹមប្រមាណ ៦ម៉ឺននាក់ក្នុងមួយថ្ងៃនៅដើមខែកុម្ភៈនេះ។ មកទល់ពេលនេះ មានពលរដ្ឋអាមេរិកជាង ៧០លាននាក់ហើយ បានទទួលវ៉ាក់សាំងបង្ការជំងឺនេះ។
ចំណែកនៅឯកម្ពុជាឯណោះវិញ រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងសម្រុកចាក់វ៉ាក់សាំងចិន ជូនពលរដ្ឋ ដែលមានអាយុក្រោម ៦០ឆ្នាំ និងចាប់ផ្ដើមចាក់វ៉ាក់សាំងអង់គ្លេស ជូនពលរដ្ឋអាយុចាប់ពី ៦០ ឆ្នាំឡើង។ ក្នុងពេលជាមួយគ្នានេះ រដ្ឋសភាឯកបក្សនៃរបបនេះ នឹងប្រជុំនៅថ្ងៃទី៥ ខែមីនានេះ ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ ដាក់ពិន័យជាប្រាក់រហូតដល់ ២០លានរៀល ឬ ៥ ០០០ ដុល្លារ និងដាក់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ចំពោះជនណា ដែលល្មើសវិធានការសុខាភិបាល ស្ដីពីការបង្ការជំងឺកូវីដ-១៩៕