ព្រះសង្ឃ​គង់​នៅ​វត្ត​ស្ទឹងមានជ័យ​ប្រឈម​ដាច់​ចង្ហាន់ ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​វត្ត

ដោយ ខែ សុណង
2021.06.19

ព្រះសង្ឃ​គង់នៅ​វត្ត​ចង្ក្រាន​តាព្រហ្ម​ហៅ​វត្ត​ស្ទឹងមានជ័យ​ប្រឈម​ដាច់​ចង្ហាន់ បន្ទាប់​ពី​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ​១៩​ខ្លាំង​នៅក្នុង​វត្ត ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​យកចិត្ត​ទុក​លើ​ព្រះសង្ឃ​បន្ថែម​ទៀត ព្រោះ​ពេល​កំពុង​ធ្វើ​ចត្តាឡីស័ក​ដូច្នេះ ព្រះអង្គ​មិនអាច​ចេញ​បិណ្ឌ​បាត្រ​ពី​ពុទ្ធបរិស័ទ​នោះ​ទេ។

ព្រះសង្ឃ​នៅ​វត្ត​ស្ទឹងមានជ័យ​អាច​នឹង​ដាច់​ចង្ហាន់ អំឡុងពេល​ធ្វើ​ចត្តាឡីស័ក ប្រសិនបើ​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​។ ព្រះសង្ឃ​ដែល​ជួប​បញ្ហា​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ចង្ហាន់​នេះ​ជា​បន្ទាន់។

ព្រះសង្ឃ​គង់នៅ​វត្ត​ស្ទឹងមានជ័យ ព្រះ​តេជព្រះគុណ អ៊ិ ពុទ្ធី មាន​ថេរ​ដីកា​ថា មាន​អាចារ្យវត្ត​ម្នាក់​បាន​ស្លាប់​មុន​ពេល​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩ ហើយ​ព្រះសង្ឃ​មួយ​អង្គ​រក​ឃើញ​វិជ្ជមាន​កូវីដ១៩។ បន្ទាប់​មក​អាជ្ញាធរ​បាន​ចុះ​មក​យក​សំណាក​ព្រះសង្ឃ និង​គ្រហស្ថ​ជាច្រើន​ទៀត ហើយ​លទ្ធផល​បង្ហាញ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​ករណី​។ គ្រូពេទ្យ​បាន​បញ្ជូន​អ្នក​កើត​ជំងឺ​នេះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​អ្នក​អវិជ្ជមាន​វិញ គ្រូពេទ្យ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក រីឯ​វត្ត​ស្ទឹង​មានជ័យ​ត្រូវ​បិទ​ទ្វារ។

ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា​ព្រះសង្ឃ និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត មាន​ស្បៀងអាហារ​ខ្សត់ខ្សោយ ហើយ​ធម្មតា​ព្រះសង្ឃ​តែងតែ​រំពឹង​លើ​ការ​និមន្ត​បិណ្ឌ​បាត្រ​ពី​ពុទ្ធ​បរិស័ទ។ ប៉ុន្តែ​ស្ថានភាព​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ​១៩​នៅក្នុង​វត្ត​នេះ ព្រះអង្គ​ថា នឹង​ធ្វើ​ឱ្យ​ព្រះសង្ឃ និង​កូនសិស្ស​ដាច់​ចង្ហាន់ និង​ស្បៀងអាហារ​។ ព្រះតេជព្រះគុណ​ក៏​សំណូមពរ​និង​បិណ្ឌ​បាត្រ​ទៅ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ រួម​ទាំង​ពុទ្ធបរិស័ទ​ទាំងអស់​ជួយ​ប្រគេន​ចង្ហាន់ និង​ស្បៀងអាហារ​ដល់​ព្រះសង្ឃ និង​អ្នក​រស់នៅ​អាស្រ័យ​នឹង​វត្ត​នេះ​ផង​៖ «ចម្រើនពរ​ដល់​ញាតិញោម​ពុទ្ធបរិស័ទ​ប្រុស​ស្រី​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់​សុំ​ជួយ​មើល​ការខុសត្រូវ និង​ការ​ផ្គត់ផ្គង់​ជា​ស្បៀងអាហារ ចង្ហាន់​បិណ្ឌ​បាត្រ​ដល់​ព្រះសង្ឃ​នៅ​វត្ត​ចង្ក្រានតាព្រហ្មស្ទឹងមានជ័យ​ផង​ពរ ព្រោះ​ឥឡូវនេះ​ព្រះសង្ឃ​ជាង ៣​រយ​អង្គ​កំពុង​ជាប់​ចត្តាឡីស័ក​យ៉ាង​លំបាក ហើយក៏​សូម​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ទាំងអស់ និង​គ្រប់​វត្ត​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ផង​ដែរ»

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ថ្លែង​ថា កន្លងមក​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រគេន​អង្ករ និង​ត្រីខ ដល់​ព្រះសង្ឃ​ដែល​ខ្វះខាត​ចង្ហាន់​ខ្លះ​ដែរ ប៉ុន្តែ​ករណី​ព្រះសង្ឃ​នៅ​វត្ត​ស្ទឹងមានជ័យ​ប្រឈម​ដាច់​ចង្ហាន់​នេះ លោក​រុញ​ឱ្យទៅ​សួរ​អាជ្ញាធរ​មូលដ្ឋាន​វិញ៖ «ដូច​ជម្រាប​អ៊ីចឹង​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​លោក​ទទួលខុសត្រូវ​កិច្ច​ការងារ​ហ្នឹង កន្លង​មក​វត្ត​សារាវ័ន វត្ត​អី​គឺ​អាជ្ញាធរ​ដែនដី​ខាង​សង្កាត់ ខាង​គណៈកម្មការ​កូវីដ​១៩ អាជ្ញាធរ​មូលដ្ឋាន​លោក​បាន​សហការ​គ្នា​ល្អ​លើ​កិច្ច​ធ្វើ​ការងារ​ហ្នឹង»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​រង​ខណ្ឌ​មានជ័យ លោក ឌី រ័ត្នខេមរុណ ដើម្បី​សុំ​ការ​បញ្ជាក់​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ មិថុនា។

វត្ត​ចង្ក្រានតាព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ មាន​ព្រះសង្ឃ ដូនជី តាជី និង​គ្រហស្ថ​គង់​នៅ និង​ស្នាក់នៅ​ជាង​៣​រយ​អង្គ​/​នាក់ ហើយ​វត្ត​នេះ​ក៏​ធ្លាប់​មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ កាលពី​ខែឧសភា​ម្តង​រួចមក​ហើយ​។ បច្ចុប្បន្ន វត្ត​ស្ទឹងមានជ័យ​កំពុង​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ-១៩ ខ្លាំង​ដែល​បណ្តាល​ឱ្យ​ព្រះសង្ឃ និង​គ្រហស្ថ​ចំនួន ៤១ អង្គ​/​នាក់ ឆ្លង​ជំងឺ​នេះ គិត​ត្រឹម​ល្ងាច​ថ្ងៃទី ១៨​មិថុនា។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា ព្រះសង្ឃ​អាស្រ័យ​លើ​ចង្ហាន់​ពុទ្ធបរិស័ទ ដូច្នេះ​អាជ្ញាធរ​ព័ន្ធ​គួរ​រួសរាន់​ដោះស្រាយ​បញ្ហា​កង្វះ​ចង្ហាន់​នេះ​។ លោក​បញ្ជាក់ថា​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ត្រូវ​យកចិត្តទុកដាក់​លើ​ទីកន្លែង​ធ្វើ​ចត្តាឡីស័ក ប្រគេន​សេវា​ព្យាបាល និង​ថែទាំ​សម្រាប់​ព្រះសង្ឃ​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ ដើម្បី​ឆ្លើយតប​បន្ទាន់​ជុំវិញ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ នៅក្នុង​វត្ត​អារាម​៖«អ្វី​ទាំងអស់​នេះ​វា​សុទ្ធតែ​ជា​បទពិសោធន៍​មាន​កន្លង​មក​ហើយ មិន​គួរ​ណា​ទៅ​បណ្តែតបណ្តោយ​ឱ្យ​ព្រះអង្គ​ក៏ដូចជា​ពុទ្ធបរិស័ទ​នៅ​ខាងក្នុង​អី​ទាំង​អស់ហ្នឹង​អ្នក​ដែល​រស់នៅ​ខាងក្នុង​វត្ត​ហ្នឹង​មាន​ភាព​ប្រឈម​ជាមួយ​ការ​ដាច់​ស្បៀងអាហារ ឬក៏​ចង្ហាន់​អ៊ីចឹង​ទេ ព្រះសង្ឃ​លោក​គឺជា​ឧត្តមភេទ​មិនមែន​បុថុជ្ជន​អី​ធម្មតា​ទេ អ៊ីចឹង​គួរតែ​មាន​រៀបចំ​ការ​យកចិត្តទុក​ដាក់​ឱ្យ​បាន​ខ្ពស់»

ករណី​ព្រះសង្ឃ​ដាច់​ចង្ហាន់ និង​ស្បៀងអាហារ ឬ​ថវិកា​នៅ​តាម​វត្ត​នេះ បាន​កើតមាន​ឡើងជា​ហូរហែ តាំងពី​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​មក​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គិតគូរ និង​ដោះស្រាយ​បញ្ហា​ចង្ហាន់​សម្រាប់​ព្រះសង្ឃ​ដែរ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន ខណៈ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ចេះតែ​បន្ត​អូស​បន្លាយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។