មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​កន្លែង​លក់​ម្សៅ​ទឹកដោះ​គោ​ទារក

ដោយ ដែន អយុធ្យា
2017-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​ទាក ដែល​អាជីវករ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​ទាក ដែល​អាជីវករ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
RFA/Den Ayuthyea

មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​បន្ថែម​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ការ​ដាក់​លក់​ម្សៅ​ទឹកដោះ​គោ​គ្រប់​ប្រភេទ សម្រាប់​ជា​អាហារ​បំប៉ន​ដល់​ទារក​ដែល​អាជីវករ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន មាន​ផ្សារ​ពាណិជ្ជកម្ម និង​ផ្សារ​លើ​ជាដើម ដើម្បី​ឲ្យ​ប្រាកដ​ថា បាន​អនុវត្ត​ស្រប​តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ ១៣៣ ដែល​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​កំណត់។

​អនុ​ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច មាន​ប្រសាសន៍​ថា អនុក្រឹត្យ​លេខ​១៣៣ បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផលិត ឬ​ចែកចាយ​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក ឬ​កុមារ ត្រូវ​តែ​មាន​គុណភាព។

លោក ជា ប៉ិច បាន​ឲ្យ​ដឹង​ថា សកម្មភាព​ចុះ​ពិនិត្យ​ម្សៅ​ទឹកដោះគោ​បំប៉ន​សុខភាព​ទារក​នៅ​តាម​ទីផ្សារ​មួយ​ចំនួន​របស់​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ ក្រុម​អាជីវករ​ទទួល​លក់​ម្សៅ​ទឹកដោះគោ​សម្រាប់​កុមារ​ភាគ​ច្រើន បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​ប្ដេជ្ញា​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ​១៣៣ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ឲ្យ​បាន​ទាំង​អស់​គ្នា។

​ទោះជា​បែប​នេះ​ក្ដី លោក ជា ប៉ិច បាន​ណែនាំ​ឲ្យ​មាតា​គ្រប់​រូប​ងាក​មក​បំបៅ​ទឹក​ដោះ​ម្ដាយ​ផ្ទាល់​ដល់​កូន ឬ​ទារក ដែល​ទើប​ប្រសូត រហូត​ដល់​អាយុ​ជាង ២​ឆ្នាំ ឬ​ច្រើន​ជាង​នេះ ប្រសើរ​ជាង​ឲ្យ​ទារក​បៅ​ម្សៅ​ទឹក​ដោះ​គោ​ជំនួស​ទឹក​ដោះ​កំណើត​របស់​ម្ដាយ។

​មន្ត្រី​ជំនាញ​រូប​នេះ​បង្ហាញ​អត្ថប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​បំបៅ​ទឹក​ដោះ​ម្ដាយ​ដល់​ទារក​ថា អាច​ជួយ​ការពារ​សុខភាព​ទារក ឬ​កុមារ រហូត​ដល់​ធំ​ដឹង​ក្ដី ជាពិសេស​អាច​ជួយ​ឲ្យ​ប្រាជ្ញា​ស្មារតី​បុត្រ​ធីតា​មាន​ភាព​ឆ្លាត​វៃ ជាង​ការ​បំបៅ​ម្សៅ​ទឹកដោះគោ​ដល់​ទារក៖ «កូន​ដែល​យើង​បំបៅ​ដោយ​ទឹកដោះ​ម្ដាយ​ហ្នឹង​គឺ​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម កុមារ​មាន​អាយុ​វែង និង​ជាពិសេស​អាច​ទប់​ទល់​នឹង​ជំងឺ​ផ្សេងៗ​ទាំង​ឡាយ»

​អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ទទូច​ដល់​មន្ត្រី​ជំនាញ​ចំណី​អាហារ​គ្រប់​ស្ថាប័ន ត្រូវ​បង្កើន​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​ទាំង​ផលិត​ក្នុង​ស្រុក និង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ឲ្យ​បាន​ជា​ប្រចាំ។

អ្នកស្រី សុធារី កត់សម្គាល់​ថា ទំនិញ​ភាគ​ច្រើន​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​នានា ទូទាំង​ក្រុង​ព្រះសីហនុ ក៏​ដូច​ជា​ទូទាំង​ប្រទេស​កម្ពុជា រួម​មាន ត្រី សាច់ អាហារ​ស្រស់ អាហារ​កំប៉ុង អាហារ​ក្រៀម និង​ភេសជ្ជៈ​គ្រប់​ប្រភេទ គឺ​ភាគ​ច្រើន​ប្រើ​សារធាតុគីមី ហើយ​ផលិតផល​ខ្លះ​គ្មាន​ដាក់​កាលបរិច្ឆេទ ឬ​ក្រុមហ៊ុន​ផលិត​នោះ​ទេ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​គាំទ្រ​សកម្មភាព​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៅ​តាម​សាខា​ទូទាំង​ប្រទេស ជា​ពិសេស​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដែល​តែង​បាន​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ទំនិញ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ជា​បន្តបន្ទាប់៖ «វា​ជា​ការ​រួម​ចំណែក​ជួយ​ការពារ​ដល់​សុខភាព​កុមារ​ដែល​យើង​ទាំង​អស់​គ្នា​គិត​ថា ពួកគាត់​គឺ​ជា​ទំពាំង​ស្នង​ឫស្សី​នៅ​ពេល​អនាគត ហើយ​បើសិនជា​មន្ត្រី ឬ​ក្រុម​អាជីវករ​ម្នាក់ៗ គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចូលរួម​ក្នុង​ការ​ថែទាំ​សុខភាព​កុមារ​ទេ នឹង​នាំ​ឲ្យ​ក្មេងៗ​ស្រករ​ក្រោយ ពួកគេ​មិន​មាន​ភាព​រឹងមាំ​ផ្នែក​សុខភាព​នោះ​ទេ»

ក្នុង​នាម​ជា​មាតា​ម្នាក់ អ្នកស្រី សុធារី ក៏​ស្នើ​ដល់​មន្ត្រី​គ្រប់​ស្ថាប័ន​ជំនាញ ដែល​ប្រចាំការ​នៅ​តាម​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា ត្រូវ​ពង្រឹង​គុណភាព​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។ អ្នកស្រី​សំណូមពរ​ថា គួរ​ល្មម​មន្ត្រី​នៅ​តាម​ស្ថាប័ន​ជំនាញ​មួយ​ចំនួន មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​ខូច​គុណភាព ឬ​ទំនិញ​ផលិត​គ្មាន​ឈ្មោះ​ក្រុមហ៊ុន និង​មិន​មាន​កំណត់​កាលបរិច្ឆេទ​ត្រឹមត្រូវ​នៅ​លើ​ផលិតផល​ទាំង​នោះ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ធ្ងន់ធ្ងរ។

អ្នកស្រី ជៀប សុធារី៖ «សំខាន់​បំផុត​យើង​គួរ​តែ​រឹត​បន្តឹង​ទៅ​លើ​ការ​នាំចូល​ផលិតផល​ទាំង​អស់​តាម​ច្រក​ព្រំដែន​នានា ពី​ក្រៅ​ប្រទេស​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ផលិតផល​ម្សៅ​ទឹកដោះគោ និង​ទំនិញ​ផ្សេងៗ គឺ​ភាគ​ច្រើន​បាន​នាំចូល​ពី​ក្រៅ​ប្រទេស​ចូល​មក​កម្ពុជា តាម​ច្រក​ព្រំដែន។ ដូច្នេះ​ដើម្បី​ជួយ​ការពារ​កុមារ​ដែល​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​ខូចគុណភាព សំខាន់​ខាង​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​មន្ត្រី​គយ និង​រដ្ឋាករ​ជាដើម ប្រចាំការ​នៅ​តាម​ច្រក​ព្រំដែន​នីមួយៗ នៅ​ពេល​ឈ្មួញ​នាំចូល​ម្សៅ​ទឹកដោះគោ​ទាំង​នោះ​មក គឺ​ត្រូវតែ​រឹត​បន្តឹង​ទំនិញ​ទាំង​នោះ​ឲ្យ​បាន​ហ្មត់ចត់ ជាពិសេស​អ្នកទទួល​លក់​ផលិតផល​ម្សៅ​ទឹក​ដោះគោ​ទាំង​នោះ ដែល​ជា​ឈ្មួញ​កណ្ដាល​ហ្នឹង ត្រូវ​តែ​ចូលរួម​ត្រួតពិនិត្យ​ទាំង​អស់​គ្នា​អំពី​គុណភាព​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក ឬ​កុមារ​ឲ្យ​បាន​ទាំង​អស់​គ្នា»

​ទាក់ទិន​បញ្ហា​នេះ លោក ទុំ សំណាង អនុ​ប្រធាន​នាយកដ្ឋាន​បច្ចេកទេស និង​ទំនាក់ទំនង​សាធារណៈ​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា នា​ឱកាស​ចុះ​មក​ពង្រឹង​គុណភាព​ការងារ​ដល់​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា។ លោក​បាន​ស្នើ​ឲ្យ​ក្រុម​អាជីវករ​ទាំង​អស់​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ​១៣៣ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ឲ្យ​បាន​ទាំង​អស់​គ្នា និង​ស្នើ​ឲ្យ​អាជីវករ​ទាំង​អស់​ត្រូវ​ទទួល​លក់​ផលិតផល​ម្សៅ​ទឹកដោះគោ​បំប៉ន​ទារក គឺ​ត្រូវ​ពិនិត្យ​ទៅ​លើ​ការ​វេច​ខ្ចប់ និង​គុណភាព​ភាព​ផលិតផល​នីមួយៗ ឲ្យ​បាន​ត្រឹមត្រូវ។

លោក ទុំ សំណាង ស្នើ​ដល់​អាណាព្យាបាល ឬ​ម្ដាយ​គ្រប់ៗ​រូប​ត្រូវ​បំបៅ​ទឹក​ដោះ​ម្ដាយ​ដល់​កូន​ដែល​ទើប​ប្រសូត​រហូត​ដល់​មាន​អាយុ ២​ឆ្នាំ ឬ​ច្រើន​ជាង​នេះ ដើម្បី​សុខភាព​កុមារ និង​ភាព​វៃ​ឆ្លាត​របស់​កុមារ​ពេល​ពួកគេ​ធំ​ដឹង​ក្តី៖ «យើង​ក៏​មាន​ការណែនាំ​ទៅ​ដល់​អាជីវករ​លក់​ទឹកដោះគោ​ទាំង​អស់​ហ្នឹង ឲ្យ​ពួកគាត់​បាន​យល់​ដឹង​អំពី​អនុក្រឹត្យ​លេខ​១៣៣។ ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​មើល​ម្សៅ​ទឹកដោះគោ​ដែល​ត្រូវ​អាជីវករ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា គឺ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ម្សៅ​ទឹកដោះគោ​ភាគ​ច្រើន​បាន​អនុលោម​ទៅ​តាម​អនុក្រឹត្យ​លេខ​១៣៣ ច្រើន​គួរ​ឲ្យ​កត់សម្គាល់។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​នៅ​មាន​ក្រុម​អាជីវករ​មួយ​ចំនួន​បាន​នាំ​យក​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក ឬ​កុមារ​មួយ​ចំនួន​ដាក់​លក់​នៅ​លើ​ទីផ្សារ មិន​ទាន់​បាន​អនុលោម ឬ​អនុវត្ត​ស្របតាម​អនុក្រឹត្យ​លេខ​១៣៣ ហើយ​ករណី​នេះ យើង​ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ឲ្យ​បន្ត​ចុះ​អប់រំ​ក្រុម​អាជីវករ និង​តាមដាន​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​១៣៣ ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ»

​បន្ថែម​លើ​នេះ លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ ក៏បាន​រំលឹក​ដល់​អាណាព្យាបាល ឬ​មាតា​គ្រប់ៗ​រូប មិន​ត្រូវ​ជឿ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​របស់​ក្រុមហ៊ុន​លក់​ផលិតផល​នីមួយៗ ដែល​ផ្សាយ​អួតអាង​ជ្រុល​ហួសហេតុ លើក​តម្កើង​ពី​គុណភាព​ផលិតផល​ដើម្បី​បោក​បញ្ឆោត​លក់​ផលិតផល​បាន​ច្រើន។

មន្ត្រី​ជំនាញ​ចំណី​អាហារ​រូប​នេះ ក៏​ព្រមាន​ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​បន្ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អួតអាង​អំពី​គុណភាព​ម្សៅ​ទឹក​ដោះ​គោ​របស់​ខ្លួន​តាម​របៀប​បោកប្រាស់​ដែល​លោក​ថា ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​១៣៣ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ហើយ​អ្នក​ជាប់​ពាក់ព័ន្ធ ឬ​ក្រុមហ៊ុន​ទាំង​នោះ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ផ្ដន្ទាទោស​តាម​ច្បាប់​កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល