ក្រសួង​ថា​ពលរដ្ឋ​នៅ​មណ្ឌលគិរី​មាន​ជំងឺ​ដោយ​សារ​អារម្មណ៍​ភ័យ​ខ្លាច​ដូច​ករណី​ខេត្ត​ក្រចេះ

ដោយ តាំង សារ៉ាដា
2018-05-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​​​ខេត្ត​មណ្ឌលគិរី
ផែនទី​​​ខេត្ត​មណ្ឌលគិរី
Photo: RFA

ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១០ ឧសភា ដាក់​ការ​សង្ស័យ​ថា ពលរដ្ឋ​នៅ​ស្រុក​កែវសីមា ខែត្រ​មណ្ឌលគិរី ថា ជា​ជំងឺ​រាតត្បាត ដែល​កើត​មាន​ចំពោះ​មនុស្ស ៨៤​នាក់។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា ក្នុង​ចំណោម​មនុស្ស ៨៤​នាក់ មានតែ​១១​នាក់​ទេ ដែល​មាន​រោគសញ្ញា​ជា​ករណី​ជំងឺ​ផ្ដាសាយ​ធំ រីឯ​មនុស្ស​ចំនួន ៧៣​នាក់​ផ្សេងទៀត មាន​អារម្មណ៍​ភ័យខ្លាច​នឹង​ព្រឹត្តិការណ៍​ដែល​កើត​មាននៅ​ខែត្រ​ក្រចេះ ដែល​មាន​ស្ថានភាព​បែប​ជា​ស្រឺត និង​ឈឺក្បាល រាគ ឈឺ​ក្រពះ និង​វិលមុខ។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ សរសេរ​ថា តាមរយៈ​ការអង្កេត​ស្រាវជ្រាវ ដោយ​ការងារ​ឆ្លើយតប​បន្ទាន់​នៃ​ក្រសួង​សុខាភិបាល ឲ្យ​ដឹង​ថា ករណី​ពលរដ្ឋ​មាន​ជំងឺ​មកពី​ភូមិ​រណែង ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ដែល​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្នួល កាលពី​ថ្ងៃ​ទី​៩ ឧសភា ចំនួន​២៦​ករណី ដោយ​សង្ស័យ​ថា ជា​ជំងឺ​ផ្ដាសាយ​ធំ។ ពលរដ្ឋ​ទាំងនេះ បាន​ធូរស្រាល និង​ត្រលប់​ទៅ​លំនៅឋាន​វិញ​អស់ហើយ។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា ករណី​នៅ​ស្រុក​កែវសីមា​នេះ សង្ស័យ​ពី​ករណី​ពុល​ទឹក។ រីឯ​នៅ​ខែត្រ​ក្រចេះ​វិញ ករណី​ពុល​ទឹក បាន​កើត​ឡើង នៅ​ភូមិ​ស្រែនន និង​ភូមិ​អាលុច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី បណ្ដាល​ជនរងគ្រោះ​ស្លាប់ ចំនួន​១៣​នាក់ និង​អ្នក​ធ្លាក់ខ្លួន​ឈឺ មាន​ចំនួន ២៨០​នាក់ ក្នុង​នោះ ស្រី ១៦២​នាក់ និង​កុមារ ៦៩នាក់។

រហូត​មក​ទល់​ពេលនេះ​សមត្ថកិច្ច​នៅ​មិនទាន់​ស្វែង​រកមុខ​អ្នក​ដែល​បង្ក​ឲ្យ​មាន​សារធាតុពុល​នៅ​ពាសពេញ​ទឹក​ព្រែក ដែល​នាំ​ឲ្យ​មាន​មនុស្ស​ពុល​ស្លាប់ និង​រងគ្រោះ​នោះ​ឡើយ៕

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ​នឹង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​នេះ​បន្ថែម​ទៀត​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល