មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​នាំ​ចូល​សាច់​បង្កក​ដើម្បី​លើក​កម្ពស់​សុខភាព​សាធារណៈ

ដោយ សុជីវី
2024.02.02
មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​នាំ​ចូល​សាច់​បង្កក​ដើម្បី​លើក​កម្ពស់​សុខភាព​សាធារណៈ រថយន្តកុងទឺន័រ​ដឹកសាច់​បង្កក​ពីប្រទេស​វៀតណាម ចូលមកកម្ពុជា ហើយត្រូវសមត្ថកិច្ច​ឃាត់ និងចាប់ខ្លួន​អ្នកបើកបរ កាលពីថ្ងៃទី៣១ មករា ២០២៤។
រូប​៖ គេហទំព័រសារព័ត៌មានហ្វ្រេសញូវ

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ចិញ្ចឹម​សត្វ និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​លើក​ឡើង​ស្រដៀងៗ​ថា រដ្ឋាភិបាល​គួរ​រឹត​បន្តឹង​ការ​នាំ​ចូល​សាច់​បង្កក និង​កាត់​បន្ថយ​ការ​នាំចូល​សាច់​សត្វ​ពី​ក្រៅប្រទេស ដើម្បី​លើក​កម្ពស់​សុខភាព​សាធារណៈ។ ការ​លើកឡើង​បែប​នេះ ក្រោយ​ពី​អាជ្ញាធរ​ចាប់​បាន​ជើង​មាន់​បង្កក​រាប់​តោន​បន្ថែម​ទៀត ដែល​លួច​នាំចូល​តាម​ច្រករបៀង ក្នុង​ខេត្ត​ស្វាយរៀង។

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ចិញ្ចឹមសត្វ​លើកឡើង​ថា ការ​បញ្ឈប់​ការ​នាំ​ចូល​សាច់​បង្កក​ពី​បរទេស មិន​ត្រឹមតែ​អាច​លើក​កម្ពស់​ជីវភាព​ប្រជាកសិករ​ចិញ្ចឹម​សត្វ​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ផង​ដែរ។

ប្រធាន​សមាគម​បណ្ដាញ​អ្នក​ចិញ្ចឹមសត្វ លោក ជួប វិបុល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ​ថា ប្រជាកសិករ​ចិញ្ចឹមសត្វ​នៅតែ​មិនអាច​ទទួល​បាន​ផល​ចំណេញ​សមរម្យ​នោះ​ឡើយ ដោយសារ​ការ​នាំ​ចូល​សាច់​បង្កក​ពី​ក្រៅប្រទេស។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ទប់ស្កាត់​ការ​នាំ​ចូល​សាច់​បង្កក ព្រោះ​សាច់​បង្កក​ដែល​នាំចូល​ដោយ​មិន​បាន​ពិនិត្យ​ត្រឹមត្រូវ មិន​ត្រឹមតែ​អាច​បង្ក​ជំងឺ​ផ្សេងៗ​ដល់​អ្នក​បរិភោគ​តែប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច និង​ធនធានមនុស្ស​ទូទាំង​ប្រទេស​រយៈពេល​វែង​ទៀត​ផង។

លោក ជួប វិបុល៖ «ចង់​បង្ក្រាប​ឬក៏​រឹតត្បិត​ការ​នាំ​ចូល​សាច់​បង្កក​អនាធិបតេយ្យ​ហ្នឹង គឺជា​រឿង​ងាយស្រួល​គឺ​គ្រាន់តែ​អនុវត្ត​វិន័យ​រដ្ឋបាល​តឹងរ៉ឹង​ចំពោះ​មន្ត្រី ក៏ដូចជា​ក្រុមហ៊ុន​ជាពិសេស​ឱ្យ​ត្រូវ​មាន​ការ​ដេញ​ថ្លៃ​បង្ហាញ​តម្រូវការ​នៃ​ការប្រើប្រាស់​សាច់​ហ្នឹង​កម្រិត​ណា ឱ្យ​មហាជន​បានដឹង អាហ្នឹង​គឺជា​ការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ហើយ ប៉ុន្តែ​ដោយឡែក​បើ​គ្រាន់តែ​និយាយ​តែ​មាត់​ទេ ហើយ​សកម្មភាព​មិនបាន​អនុវត្ត​ទេ អាហ្នឹង​គ្រាន់តែ​ជា​ការ​ធ្វើ​ឱ្យ​រួច​តែ​ពី​ដៃ»។

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ចិញ្ចឹមសត្វ​នេះ បន្ទាប់​ពី​មន្ត្រី​ផ្នែក​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា «..» ខេត្ត​ស្វាយរៀង ចាប់​បាន​សាច់​បង្កក​ចំនួន ៤​កុង​ទឺន័រ នៅ​តាម​ផ្លូវ​ស្ថិត​ក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៤​។ ក្រោយ​ពី​ចាប់​បាន​សាច់​បង្កក ដែល​ជា​ជើងមាន់​មាន​ចំនួន​រហូតដល់​រាប់ពាន់​កេស​នេះ អាជ្ញាធរ​ក៏បាន​ឃាត់ខ្លួន​អ្នក​បើករថយន្ត​ចំនួន ៤​នាក់ និង​បុរស​ម្នាក់ទៀត​ដែល​អះអាង​ថា ការ​នាំ​ចូល​សាច់​បង្កក​ទាំងនេះ មាន​ឯកសារ​នាំចូល​ត្រឹមត្រូវ ប៉ុន្តែ​មិន​បាន​បង្ហាញ​ឯកសារ​ចំពោះមុខ​សមត្ថកិច្ច។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា ក..ប លោក ផាន អូន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ។

ក្រសួង​កសិកម្ម និង​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​១២ ខែ​មករា កន្លងទៅ បាន​ប្រកាស​ផ្អាក​ការ​នាំចូល​រយៈពេល​៦​ខែ លើ​ការ​នាំចូល​គ្រឿងក្នុង​សត្វ និង​បំណែក​សាច់​បង្កក​។ បន្ថែម​ពី​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​រៀបចំ​ប្រព័ន្ធ​បង្កក​គ្រឿងក្នុង​សាច់​សត្វ ក្នុងពេលដែល​កម្ពុជា​ហាមឃាត់​ការ​នាំចូល​គ្រឿងក្នុង និង​បំណែក​មួយចំនួន​របស់​សត្វ​ផង​ដែរ នៅក្នុង​ពិធី​បូកសរុប​ការងារ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃទី​៣០ ខែ​មករា។

លោក ហ៊ុន ម៉ាណែត៖ «យើង​ដាក់​គោលការណ៍​ដើម្បី​មិន​ឱ្យ​នាំ​ចូល​សាច់ នាំ​ចូល​អី​គ្រប់មុខ មិន​កើត វា​ប្រឆាំង​នឹង​គោលការណ៍ WTO ហើយ​ឥឡូវ​យើង​ចុះ​ហត្ថលេខា​ជា​សមាជិក នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ច្រើន អ៊ីចឹង​ទៅ​មុខ​ទៀត​ទាមទារ​ឱ្យ​យើង​បង្កើន​សមត្ថភាព​ដើម្បី​ប្រកួតប្រជែង»

ជុំវិញ​រឿង​នេះ​ដែរ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ម្នាក់​នៅ​ខេត្ត​បាត់ដំបង គឺ​លោក ព្រីង ភិរម្យ លើកឡើង​ថា ដោយសារតែ​រដ្ឋាភិបាល​មិន​បាន​ពិនិត្យ និង​ទប់ស្កាត់​ការ​នាំចូល​សាច់​មាន់ និង​ពងមាន់​ដែល​កសិករ​ប្រទេសជិតខាង​ផលិត​លើស​ទីផ្សារ​ក្នុងស្រុក ដូច្នេះ​លោក​មិន​អាច​ទទួល​បាន​ផល​ចំណេញ​សមរម្យ​ពី​ការ​លក់​ពងមាន់ និង​មាន់​រស់​នោះ​ទេ​។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​គិតគូរ​អំពី​តម្លៃ​របស់​អ្នក​បរិភោគ​ក្ដី តែ​រដ្ឋាភិបាល​ក៏​គួរតែ​គិត​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​វែង​ផង​ដែរ។

លោក ព្រីង ភិរម្យ៖ «បើ​យើង​ឱ្យ​ចូល​ហួសហេតុ​ពេក ក៏​វា​ធ្វើ​ឱ្យ​ស្លាប់​ទាំង​អ្នក​ចិញ្ចឹម ចុង​ក្រោយ​ទីផ្សារ​គេ​នឹង​វាយលុក​ហើយ ឧទាហរណ៍​ថា គេ​បិទ​អស់​ហើយ យើង​ឈប់​ចិញ្ចឹម​អស់​ហើយ​ដោយសារ​តែ​ខាតបង់ ចិញ្ចឹម​ជ្រូក​ចិញ្ចឹម​គោ​ខាត​អស់​ហើយ អ៊ីចឹង​ទីផ្សារ​វា​មាន​តែមួយ​មក​ពី​ខាងកើត ឬក៏​ខាងលិច គេ​វាយ​យក​ពេល​ក្រោយ​ថ្លៃ​ដដែល នេះ​ជា​យោបល់​របស់ខ្ញុំ​ទេ»

អ្នកជំនាញ​កសិកម្ម​លើកឡើង​ថា ភាព​ជោគជ័យ​វិស័យ​កសិកម្ម គឺជា​ការ​ធានា​សុវត្ថិភាព​ស្បៀងអាហារ ដែល​ជា​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ដូច្នេះ រដ្ឋាភិបាល​គួរ​អន្តរាគមន៍​ឱ្យ​វិស័យ​កសិកម្ម​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន ជាង​ការ​នាំចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ជិតខាង ដោយ​មិន​បាន​ឆ្លងកាត់​ការពិនិត្យ​គុណភាព​ឱ្យ​បាន​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។