ក្រសួង​កសិកម្ម​ថា​ការ​ផ្ទុះ​វីរុស​ផ្ដាសាយ​បក្សី​នៅ​ខេត្ត​ស្វាយរៀង​មិន​មាន​មនុស្ស​ឆ្លង​ទេ

ដោយ សាន សែល
2017.02.01
ផ្ដាសាយ​បក្សី ៦១០ ស្ត្រី​ម្នាក់​កំពុង​ដាក់​ចំណី​ឲ្យ​មាន់។
Photo: RFA

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់​ថា វីរុស​គ្រុន​ផ្ដាសាយ​បក្សី H5N1 បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ស្វាយរៀង ក៏ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​មាន​មនុស្ស​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ឆ្លង​វីរុស​នេះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ឡោ រស្មី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១ កុម្ភៈ ថា កាល​ពី​ថ្ងៃ​ទី​២៥ មករា មាន​សត្វ​មាន់​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ចំនួន ៦៨​ក្បាល​បាន​ឈឺ​ងាប់​នៅ​ក្បែរ​វត្ត​ប៉ាយ៉ាប ក្នុង​ភូមិ​ប៉ាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។

ក្រសួង​កសិកម្ម បាន​យក​សំណាក​មាន់​ដែល​ងាប់​ចំនួន​៣ ទៅ​ពិសោធ​វិភាគ ហើយ​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស H5N1។ ក្រសួង​កសិកម្ម បាន​កម្ទេច​មាន់​ចំនួន ៣២២​ក្បាល​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នោះ​ដើម្បី​បង្ការ​ការ​រាតត្បាត។

លោក ឡោ រស្មី ឲ្យ​ដឹង​ថា តំបន់​ដែល​ផ្ទុក​វីរុស​គ្រុន​ផ្ដាសាយ​បក្សី​នោះ ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​ឈើ​មាន​សត្វ​ស្លាប​ដែល​លោក​ថា អាច​ជា​មូលហេតុ​នៃ​ការ​ឆ្លង។ លោក​អះអាង​ថា ក្រសួង​អាច​គ្រប់គ្រង​ស្ថានភាព​នៃ​ការ​ឆ្លង​បាន​ហើយ ដោយ​ដាក់​ប្រកាស​ហាមឃាត់​ការ​ចរាចរ​បក្សី​ក្នុង​ភូមិ​ប៉ាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង រយៈពេល ៣០​ថ្ងៃ ដើម្បី​ពិនិត្យ​តាមដាន។

ទោះ​បី​ជា​យ៉ាង​ណា លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​ការ​ឆ្លង​វីរុស H5N1«ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ទិញ ការ​លក់​បក្សី​គ្រប់​ប្រភេទ​ក្នុង​ង្វង់ ៣​គីឡូម៉ែត្រ។ បី​គីឡូម៉ែត្រ​ដូច​ថា​កន្លែង​ផ្ទុះ​ហ្នឹង យើង​ចាត់​ទុក​ថា​ជា​អង្កត់ផ្ចិត។ ចឹង​យើង​រាប់​ពី​កន្លែង​អង្កត់ផ្ចិត​ទៅ​ជុំវិញ​ហ្នឹង ៣​គីឡូម៉ែត្រដាច់ខាត​មិន​ឲ្យ​ចរាចរ​សត្វ​នៅ​ទីនោះ​ទេ។ ឥឡូវ​ក្រសួង​កសិកម្ម បាន​ចាត់​វិធានការ​គ្រប់​សព្វ​បែប​យ៉ាង​អស់​ហើយ»

ការ​ផ្ទុះ​ឡើង​វីរុស​គ្រុន​ផ្ដាសាយ​បក្សី H5N1 ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា បាន​កើត​ឡើង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។