ជំងឺ​ផ្ដាសាយ​បក្សី​​​ផ្ទុះ​ឡើង​វិញ​នៅ​ខេត្ត​បាត់ដំបង​និង​ខេត្ត​សៀមរាប

ដោយ សិរីមុនី
2015-11-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ម្នាក់​កំពុង​ដាក់​ចំណី​ឲ្យ​មាន់។
ស្ត្រី​ម្នាក់​កំពុង​ដាក់​ចំណី​ឲ្យ​មាន់។
Photo: RFA

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បញ្ជាក់​ថា មាន​ការ​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប។ ការ​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​នេះ គឺ​ជា​សញ្ញា​នៃ​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត​របស់​ពលរដ្ឋ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អះអាង​ថា មិន​មាន​មនុស្ស​ណា​ម្នាក់​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ពី​សត្វ​ដែល​មាន​ផ្ទុក​ជំងឺ​ផ្ដាសាយ​បក្សី​នោះ​ទេ។

​លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ដំបូង​ក្រុម​ជំនាញ​បាន​ដាក់​ការ​សង្ស័យ​លើ​មនុស្ស ៥​នាក់ ដែល​រស់​នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​ថា អាច​នឹង​ឆ្លង​ជំងឺ​នេះ ប៉ុន្តែ​បន្ទាប់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សុខភាព​មនុស្ស បាន​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​មនុស្ស ៥​នាក់ ដែល​គេ​សង្ស័យ​ថា អាច​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នោះ ជា​លទ្ធផល​បញ្ជាក់​ថា អ្នក​ទាំង​នោះ​មិន​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ឡើយ។

​ជំងឺ​ផ្ដាសាយ​បក្សី​ត្រូវ​បាន​អ្នក​ជំនាញ​ចាត់​ទុក​ថា ជា​ជំងឺ​ផ្លូវ​ដង្ហើម​កាច​សាហាវ​ដែល​បង្ក​ឡើង​ដោយ​វីរុស H5N1។ ជំងឺ​នេះ​អាច​កើត​លើ​បក្សី​គ្រប់​ប្រភេទ និង​អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​បាន​តាម​រយៈ​ការ​ប៉ះ​ដោយ​ផ្ទាល់ និង​ការ​ទទួល​សាច់​សត្វ​ដែល​ឈឺ។

សេចក្ដី​ប្រកាស​ស្ដីពី​ការ​កំណត់​តំបន់​ជំងឺ​ផ្ដាសាយ​បក្សី​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា បាន​កំណត់​តំបន់​ជំងឺ​ផ្ដាសាយ​បក្សី​មួយ​កន្លែង​នៅ​ភូមិ​ដង្គត់ធ្នង់ ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង និង​មួយ​កន្លែង​ទៀត​នៅ​ភូមិ​ច្រនៀង ឃុំ​ព្រៃជ្រូក ស្រុក​ពួក ខេត្ត​សៀមរាប ថា​ជា​កន្លែង​ដែល​មាន​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​ផ្ដាសាយ​បក្សី។

ក្រសួង​កសិកម្ម​តម្រូវ​ឱ្យ​មន្ត្រី​ជំនាញ​ផ្នែក​សត្វ បំផ្លាញ​ចោល​នូវ​សត្វ​ឈឺ​នៅ​តាម​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​តាម​វិធានការ និង​បច្ចេកទេស​បសុពេទ្យ និង​ត្រូវ​ត្រួត​ពិនិត្យ​ចំពោះ​ការ​ចរាចរ​សត្វ​នៅ​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព។

​ទាក់ទង​នឹង​ការ​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​ផ្ដាសាយ​បក្សី​នេះ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ស្នើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ក្នុង​ការ​ទទួល​ទាន​អាហារ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ដើម្បី​អាច​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់៖ «បងប្អូន​មាន​រោគ​សញ្ញា​គ្រុនក្ដៅ​លើស​ពី ៣៨​អង្សា ឈឺ​ក ក្អក ដែល​រោគ​សញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម ពិសេស​អ្នក​ដែល​រស់​នៅ​តំបន់​មាន​ជំងឺ​ផ្ដាសាយ​បក្សី និង​បាន​ប៉ះពាល់​សត្វ​បក្សី​ឈឺ ឬ​ងាប់​ហ្នឹង សូម​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរ​បង្អែក​សាធារណៈ»

​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​មួយ ស្ដីពី​ការ​បង្ការ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត​ដែល​បណ្ដាល​មក​ពី​មេរោគ វីរុស (Virus) ដូចជា​គ្រុន​ផ្ដាសាយ​ជំងឺ​រលាក​បំពង់​ក និង​ជំងឺ​រលាក​ក្រពះ​ពោះវៀន ជាដើម។

ស្ថាប័ន​ទាំង​ពីរ​ណែនាំ​ឲ្យ​អនុវត្ត​វិធានការ​បង្ការ​សាមញ្ញ​មួយ​ចំនួន​មាន​ដូចជា ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ បើ​មាន​រោគសញ្ញា​ពិបាក​ដកដង្ហើម គ្រុនក្ដៅ ក្អក ឈឺ​ក ឈឺ​សាច់ដុំ ផ្អាក​ធ្វើ​ដំណើរ​ពេល​មាន​ផ្ដាសាយ មិន​ត្រូវ​ប្រើ​បាតដៃ​ទទេ ដើម្បី​ខ្ទប់​មាត់​នៅ​ពេល​ក្អក ឬ​កណ្ដាស់ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ឲ្យ​បាន​ញឹកញាប់ ចៀសវាង​ការ​ប៉ះ​ភ្នែក មាត់ និង​ច្រមុះ។ ជៀសវាង​ការ​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ កុំ​ទទួលទាន​សត្វ​ឈឺ ឬ​ងាប់ និង​ត្រូវ​ចម្អិន​សាច់ និង​ស៊ុត​ឲ្យ​បាន​ឆ្អិន​ល្អ​ពេល​ធ្វើ​ម្ហូប។

កាល​ពី​ដើម​ឆ្នាំ​២០១៤ មាន​ផ្ទុះ​ឡើង​នៅ​ករណី​ជំងឺ​ផ្ដាសាយ​បក្សី H5N1 ចំនួន ៩​ករណី និង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់។  ចំណែក​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ផ្ដាសាយ​បក្សី​ជា​ថ្មី​នៅ​ឆ្នាំ​២០១៥ នេះ មិន​ទាន់​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ឡើយ​ទេ។

របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា ជំងឺ​ផ្ដាសាយ​បក្សី​បាន​សម្លាប់​មនុស្ស ៣៧៨​នាក់ ទូទាំង​ពិភពលោក ចាប់​តាំង​ពី​ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​តាំង​ពី​ឆ្នាំ​២០០៣ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ខ្ញុំមានចម្ងល់តិចតួចទាក់ទងនឹងរឿងនេះ។​​ សត្វទាត្រូវបានគេត្រួតពិនិត្យថាមាន ​H5N1 មែនទេ​ទើបគេសន្និដ្ឋានថា H5N1 ផ្ទុះឡើងនៅខេត្តទាំងពីរខាងលើនេះ?​ តើមានករណីសង្ស័យដទៃទៀតដែលកើតឡើងនៅលើមនុស្សហើយឬនៅ? សូមអរគុណ

Nov 17, 2015 09:46 PM

គេហទំព័រ​ទាំងមូល