ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​កំពុង​ជួសជុល​ពី​តាកែវ​ទៅ​កំពត​ត្អូញត្អែរ​ពី​ដី​ហុយ

ផ្លូវ​ជាតិ​លេខ ៣១ លេខ ៣៣ និង​ផ្លូវ​វាង​ក្នុង​ខេត្ត​កំពត លេខ ១១៧ កំពុង​កសាង​មិន​ប្រើ​ទឹក​ស្រោច​ផ្លូវ ធ្វើ​ឲ្យ​ធូលី​ហុយ​ខ្លាំង ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​នោះ។ ប្រជាពលរដ្ឋ​សុំ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ ឈ្មោះ គុកដុង (Kukdong) អ្នក​កសាង​ផ្លូវ​ត្រូវ​បាញ់​ទឹក​ស្រោច​ផ្លូវ​ផង និង​សុំ​ឲ្យ​អ្នក​បញ្ជា​យានយន្ត​គ្រប់​ប្រភេទ ធ្វើ​ដំណើរ​តាម​ផ្លូវ​ទាំង​នោះ​បន្ថយ​ល្បឿន បង្ការ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ដើម្បី​ជួយ​កាត់​បន្ថយ​ធូលី​ហុយ​មក​លើ​ផ្ទះ​សម្បែង​អ្នក​ភូមិ​តាម​ដង​ផ្លូវ​ផង។
ដោយ អ៊ុក សាវបូរី
2013-08-20
Share

ប្រជាពលរដ្ឋ​រស់​នៅ​តាម​ផ្លូវ​ជាតិ​លេខ ៣១ ស្រុក​អង្គរជ័យ ខេត្ត​កំពត ត្អូញ​នៅ​ថ្ងៃ​ទី២០ ខែ​សីហា ថា ក្រុមហ៊ុន​កូរ៉េ ឈ្មោះ គុកដុង កំពុង​ជួស​ជុល​ផ្លូវ​ជាតិ​ពី​ថ្នល់​បំបែក​គូស ចាប់​ពី​ព្រំ​ប្រទល់​ខេត្ត​តាកែវ ទៅ​កាន់​ស្រុក​កំពង់ត្រាច ខេត្ត​កំពត មិន​បាន​បាញ់​ទឹក​ស្រោច​ផ្លូវ​ឡើយ ធ្វើ​ឲ្យ​ធូលី​ហុយ​ប៉ះពាល់​សុខភាព និង​ការ​រស់នៅ។

ពលរដ្ឋ​ក្នុង​ឃុំ​ប្រភ្នំ ស្រុក​អង្គរជ័យ ខេត្ត​កំពត លោក ជុំ កន ថ្លែង​ថា សុំ​ឲ្យ​ក្រុមហ៊ុន គុកដុង ជួស​ជុល​ផ្លូវ​ជាតិ​លេខ ៣១ បាញ់​ទឹក​ស្រោច​ផ្លូវ​ក្រួស​ក្រហម​កំពុង​ជួស​ជុល​នោះ​ផង៖ «កាល​ណា​គេ​ធ្វើ​ថ្នល់ យើង​មិន​ទាស់​ទេ ឲ្យ​តែ​គេ​បាន​ធ្វើ​ឲ្យ​វា​អរ​អនេកប្បការ​នោះ ប៉ុន្តែ​សុំ​មេត្តា​ឲ្យ​ជួយ​ចាក់​ទឹក​ឲ្យ​ផង។ ធ្វើ​នោះ​វា​ហុយ​ពេល​រក​តែ​ដាំ​បាយ​ហូប ក៏​មិន​បាន ដេក​ថ្ងៃ​ក៏​មិន​បាន អង្គុយ​ក៏​មិន​បាន ណែន​ហុយ​មក​ពី​វា​អត់​ចាក់​ទឹក​ឲ្យ»

យុវ​សិស្ស​អាយុ ១៦​ឆ្នាំ ឈ្មោះ អ៊ុក បុប្ផា រស់​នៅ​ភូមិ​ឫស្សីដុំ ស្រុក​អង្គរជ័យ ថ្លែង​ថា ដោយសារ​តែ​ការ​ជួស​ជុល​ផ្លូវ​មិន​ស្រោច​ទឹក​បន្ថយ​ធូលី ហុយ​មើល​អ្វី​មិន​ឃើញ អាច​ឲ្យ​អ្នក​ដំណើរ​ប្រឈម​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​ខ្លាំង៖ «បើ​ឡាន​ធំៗ​មក ហុយ​ខ្លាំង​ហ្មង​មើល​អត់​ឃើញ រត់​ឆ្លង​ថ្នល់​ឡាន​មក ម៉ូតូ​មក ភ័យ​ដែរ ព្រោះ​អី​ហុយ​មើល​ដូច​អត់​សូវ​ឃើញ»

កុមារា​ឈ្មោះ អាង ណាង អាយុ ៦​ឆ្នាំ រៀន​នៅ​សាលា​បឋម​សិក្សា​វត្តភ្នំ នៅ​ភូមិ​ប្រភ្នំ ឃុំ​ប្រភ្នំ ថ្លែង​ថា គេ​ភ័យ​ខ្លាំង​ខ្លាច​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​រថយន្ត​ដឹក​ស៊ីម៉ងត៍​បើក​លឿន នាំ​ធូលី​មក​ជាមួយ​ហុយ​គ្រប​ពី​លើ​រូប​គេ​ដែល​កំពុង​ជិះ​កង់។

លោក កុសស ពលរដ្ឋ​ឃុំ​ប្រភ្នំ ថ្លែង​ថា រថយន្ត​បាញ់​ទឹក​ច្រើន​គ្រឿង​ចត​ចោល​មិន​ព្រម​បាញ់​ទឹក​ស្រោច​ផ្លូវ​គ្រួស​ក្រហម បន្ថយ​ធូលី​ហុយ​ឡើយ ទំនង​ជា​ក្រុមហ៊ុន​ម៉ៅការ​កសាង​ផ្លូវ​ជាតិ​លេខ ៣១ កេង​យក​ចំណេញ​លុយ​ច្រើន ព្រោះ​គ្មាន​មន្ត្រី​ក្រសួង​សាធារណការ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ផ្លូវ៖ «ឡាន​ស្រោច​ទឹក​ហ្នឹង​នៅ​មុខ​កន្លែង​ខ្ញុំ តែ​គាត់​អត់​មាន​សកម្មភាព​ស្រោច​អី​ទេ គាត់​នៅ​តែ​អង្គុយ​ស្ងៀម។ បើ​តាម​ខ្ញុំ​ឃើញ គេ​ធ្វើ​នៅ​ភ្នំពេញ គេ​ស្រោច​រហូត ហើយ​ដល់​ពេល​គេ​ធ្វើ​នៅ​តាម​ជនបទ អត់​មាន​ស្រោច​ទេ»

យុវ​សិស្ស​អាយុ ១៦​ឆ្នាំ ថ្លែង​ថា ប្រជាពលរដ្ឋ​មិន​អាច​ទទួល​ទាន​អាហារ​បាន​ស្រួល ដោយសារ​ធូលី​ហុយ​ចូល​ម្ហូប។ មិន​តែ​ប៉ុណ្ណោះ សូម្បី​តែ​ខោអាវ​ដាក់​ក្នុង​ទូ និង​កំពុង​ហាល​ថ្ងៃ ក៏​ធូលី​ហុយ​ប្រឡាក់​ប្រែ​ពី​ពណ៌​ស​ទៅ​ជា​ពណ៌​ក្រហម​ទាំងអស់៖ «ដូច​ថា យើង​ហាល​ដាក់​ឆ្អឹង​ខោអាវ​នៅ​ក្នុង​ផ្ទះ​យើង វា​ហុយ​មក​ប្រឡាក់ តែ​បើ​ទឹក​អីវ៉ាន់​មិន​ចង់​ហ៊ាន​ហារ​មាត់​ផឹក​ផង វា​ហុយ​ពេក»

ជំទប់​ទី២ ឃុំ​ប្រភ្នំ ស្រុក​អង្គរជ័យ លោក ម៉ក់ សាម៉េត ថ្លែង​ថា ធូលី​ហុយ​ខ្លាំង​ខណៈ​ភ្លៀង​មិន​ធ្លាក់ ហើយ​ធូលី​ហុយ​បែប​នេះ នាំ​ឲ្យ​ពលរដ្ឋ​រស់នៅ​ប៉ែក​ខាង​កើត​ផ្លូវ​ជាតិ​លេខ ៣១ រងគ្រោះ​លើ​សុខភាព​ខ្លាំង​ជាង​អ្នក​រស់​នៅ​ប៉ែក​ខាង​លិច​ផ្លូវ៖ «ហើយ​មាន​បាំង​តង់​បាំង​អី វា​ហុយ​ចូល គ្រាន់​តែ​យើង​នៅ​ហ្នឹង វា​ឈ្លក់​ហុយ​ដូច​ចុះ​អ័ព្ទ​អីចឹង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន គុកដុង របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង បំភ្លឺ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​ជាតិ​កំពុង​ជួស​ជុល​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែ​សីហា។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពត លោក លឹម សំបូរ ថ្លែង​ថា មន្ទីរ​សាធារណការ​ខេត្ត​មិន​អាច​បញ្ជា​ក្រុមហ៊ុន​កសាង​ផ្លូវ​ធ្វើ​អ្វី​បាន​ទេ គឺ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជា​អ្នក​គ្រប់គ្រង និង​វាយ​តម្លៃ​គុណភាព​ផ្លូវ​បាន​កសាង។

ឯកសារ​ក្រសួង​សាធារណការ ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ឲ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​បើក​ការដ្ឋាន​ជួស​ជុល​ផ្លូវ​ជាតិ​លេខ ៣១ លេខ ៣៣ និង​ផ្លូវ​វាង​ខេត្ត​កំពត លេខ ១១៧ សរុប​ចម្ងាយ ១០៦​គីឡូម៉ែត្រ និង​ត្រូវ​កែលំអ​ស្ពាន​ចំនួន ២០​កន្លែង ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ៣ ទៅ​ដល់​ស្រុក​កំពង់ត្រាច។ គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង ៣​ខ្សែ​នោះ ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​ជាង ៣៥​លាន​ដុល្លារ ក្នុង​នោះ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ឲ្យ​ខ្ចី​ប្រាក់​ចំនួន ៣០​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល