ពលរដ្ឋ​សង្ស័យ​ពុល​ទឹកអូរ​នៅ​មណ្ឌលគិរី​កើន​ឡើង​ជាង ៨០​នាក់

ដោយ មួង ណារ៉េត
2018-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​​​ខេត្ត​មណ្ឌលគិរី
ផែនទី​​​ខេត្ត​មណ្ឌលគិរី
Photo: RFA

ជនជាតិ​ដើម​ភាគតិច​ព្នង​៤​ភូមិ នៃ​ឃុំ​ស្រែ​ឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ភ័យ​ព្រួយ​ពី​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់ នៅ​គ្រា​ដែល​ទឹកអូរ ពួកគាត់​ប្រើប្រាស់ មាន​សារធាតុពុល។ អ្នកភូមិ​ថា ពលរដ្ឋ​ធ្លាក់ខ្លួន​ឈឺ បាន​កើន​ឡើង​ជាង ៨០​នាក់ សង្ស័យ​ពុល​ទឹកអូរ ក្នុង​នោះ ៤៦​នាក់​ត្រូវ​បញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្នួល។

ជនជាតិ​ដើម​ភាគតិច​ព្នង ខ្លាច​ញញើត​ក្នុង​ការ​ប្រើប្រាស់​ទឹកអូរ​ធម្មជាតិ នៅ​ក្បែរ​លំនៅឋាន​របស់​ខ្លួន នៅ​គ្រា​ដែល​អ្នកភូមិ​ជាច្រើន​នាក់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ប្រើប្រាស់​ទឹកអូរ​នេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ បាន​ចុះទៅ​អប់រំ​ពលរដ្ឋ ស្ដីពី​ការប្រើប្រាស់​ទឹក ឱ្យ​បាន​ត្រឹមត្រូវ និង​ផ្ដល់​អំណោយ​ទឹក​សុទ្ធ គ្រប់​ក្រុម​គ្រួសារ។

ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក លោក ប្រប់ ជួប ឱ្យ​ដឹង​នៅ​ថ្ងៃទី១៥ ឧសភា ថា ពលរដ្ឋ​សង្ស័យ​ពុល​ទឹកអូរ​ខ្លះ បាន​សម្រាក ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ដោយ​ផឹក​ថ្នាំ​បុរាណ ដើម្បី​ព្យាបាល និង​មួយ​ចំនួន បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ លោក​ថា អ្នកភូមិ​ដែល​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ជាង ៤០​នាក់ បាន​ចំណាយ​ប្រាក់ បង់ថ្លៃ​ព្យាបាល​ម្នាក់ៗ ចាប់ពី ២០​ម៉ឺន​រៀល ដល់​ជាង ៤០​ម៉ឺន​រៀល។ ពលរដ្ឋ​ក្រីក្រ​ខ្លះ សម្ងំ​ដេក​ឈឺ​នៅផ្ទះ និង​ព្យាបាល​ដោយ​ខ្លួនឯង ព្រោះ​គ្មាន​ធនធាន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ «»

បុរស​ដដែល​បន្ថែម ថា​ក្រោយពី​អ្នកភូមិ​ជួប​បាតុភាព​នេះ ពួកគេ​លែង​ហ៊ាន​ប្រើ​ទឹកអូរ​ទៀតហើយ​។ ប្រការ​នេះ បង្ក​ការ​លំបាក​សព្វបែបយ៉ាង ព្រោះ​គ្មាន​ប្រភព​ទឹក​ប្រើប្រាស់​។ ម្យ៉ាង​តំបន់​ដែល​ពួកគាត់​រស់នៅ ខ្វះ​អណ្ដូង​ទឹក ហើយ​អណ្ដូង​ខ្លះ មាន​ជាតិ​កំបោរ​ពិបាក​ប្រើប្រាស់។ លោក​ថា ក្រោយ​ពី​អ្នកភូមិ រងគ្រោះ ដោយ​ការ​ពុល​នេះ ធ្វើ​ឱ្យ​ជីវភាព​ពួកគាត់ ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត។ អ្នកភូមិ​ខ្លះ លែង​ហ៊ាន​ចិញ្ចឹម​សត្វ​ពាហនៈ ព្រោះ​បារម្ភ​ខ្លាច​ពុល​ទឹកអូរ​នេះ​ស្លាប់។ «»

លោក ប្រប់ ជួប បន្ថែម​ថា លោក​ធ្លាប់​បាន​ចុះទៅ​ដល់​ទី​កន្លែង អាជីវកម្ម​រ៉ែ​មាស របស់​ក្រុមហ៊ុន​ចិន កាលពី​ឆ្នាំមុន ប្រទះឃើញ​ក្រុមហ៊ុន ប្រើ​ឧបករណ៍​ខួង​ថ្ម និង​រែង​យក​រ៉ែ​មាស ជាប់​នឹង​ទឹកអូរ​ធម្មជាតិ នៅ​តំបន់​នេះ។ លោក​សង្ស័យ​ថា ក្រុមហ៊ុន​នេះ បង្ហូរ​កាកសំណល់​គីមី ចូល​ទឹកអូរ​ធម្មជាតិ បង្ក​គ្រោះថ្នាក់​អាយុជីវិត និង​ជីវភាព​អ្នកភូមិ។ «»

នៅ​ឃុំ​ចក់ចារ មាន​ទឹកអូរ ៣​ខ្សែ រួមមាន​អូរឆៅ អូរ​រណែង និង​អូរ​កាទុង ដែល​ជនជាតិ​ដើម​ភាគតិច រស់នៅ​តំបន់​នោះ ប្រើប្រាស់​ច្រើន​ឆ្នាំ​មក​ហើយ។ ទឹកអូរ​ទាំងនោះ មាន​បណ្ដាញ​ភ្ជាប់​ទល់​និង​ព្រែក​ទេរ រហូតដល់​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ ដែល​ពលរដ្ឋ​ជិត ២០​នាក់ បាន​ស្លាប់ ដោយសារ​ពុល​ទឹក​ព្រែក​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ។

មេឃុំ​ស្រែឈូក លោក តិ ឃិត បដិសេធ​ថា​ពលរដ្ឋ​ឈឺ​ដោយសារ​ពុល​ទឹក ដោយ​លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ នៃ​ក្រសួងសុខាភិបាល បាន​ចុះ​ដល់​ទី​តាំង​កើតហេតុ រក​ឃើញ​ថា​ពលរដ្ឋ​ជួប អាការៈ​ឈឺ​ជាង ៨០​នាក់​នោះ គឺ​បណ្ដាល​មក​ពី​ជំងឺ​ផ្ដាសាយ​ធំ ពុំ​មែន​ពុល​ទឹកអូរ​នោះ​ទេ។ លោក​ថា អ្នក​ភូមិ​ដែល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង ៤០​នាក់ បាន​វិលត្រឡប់ មក​លំនៅឋាន​វិញ មួយ​ចំនួន​ធំ​ហើយ។

ចំណែក​មន្ត្រី​ជំនាញ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​យក​សំណាក​ទឹកអូរ ទឹកភ្លៀង និង​ទឹក​អណ្តូង ដែល​ពលរដ្ឋ​ប្រើប្រាស់ ដើម្បី​យក​ទៅ​ពិសោធ។

កាលពី​ថ្ងៃ​ទី១០ ឧសភា ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដីជូនដំណឹង​ភ្លាមៗ សង្ស័យ​ថា ពលរដ្ឋ​នៅ​ស្រុក​កែវសីមា ខែត្រ​មណ្ឌលគិរី កើត​ជំងឺ​រាតត្បាត ដែល​កើតមាន​ចំពោះ​មនុស្ស ៨៤​នាក់។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ ថា​ក្នុងចំណោម​មនុស្ស ៨៤​នាក់ មានតែ​១១​នាក់​ទេ ដែល​មាន​រោគសញ្ញា ជា​ករណី​ជំងឺ​ផ្ដាសាយ​ធំ រីឯ​មនុស្ស​ចំនួន ៧៣​នាក់​ផ្សេងទៀត មាន​អារម្មណ៍​ភ័យខ្លាច​នឹង​ព្រឹត្តិការណ៍ ដែល​កើត​មាននៅ​ខែត្រ​ក្រចេះ​ឯណោះ ដែល​មាន​ស្ថានភាព បែប​ជា​ស្រឺត ឈឺក្បាល រាគ ឈឺ​ក្រពះ និង​វិលមុខ​ជាដើម​នោះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា យល់​ថា ក្រសួង​បរិស្ថាន ចាំបាច់​ត្រូវតែ​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ ដែល​បង្ក​ឱ្យ​ទឹកអូរ មាន​ជាតិពុល។ ប្រសិនបើ​ទឹកអូរ​មាន​ភាព​មិន​ប្រក្រតី ដោយសារតែ អាជីវកម្ម​រ៉ែ​មាស មែន​នោះ ក្រសួង​ត្រូវ​តែ​មាន​វិធានការ ទប់ស្កាត់​បន្ទាន់។ លោក​ថា អាជ្ញាធរ​ខេត្ត និង​ក្រសួង​សាមី មិន​ត្រូវ​បណ្ដែតបណ្ដោយ ឱ្យ​បាតុភាព​នេះ កើតឡើង​ដដែលៗ​នោះ​ទេ។ ក្រសួង ត្រូវ​ស្វែងរក​អ្នក​ពាក់ព័ន្ធ ឱ្យ​មក​ទទួលខុសត្រូវ ក្នុង​រឿង​នេះ។ «»

ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ឃុំ​ស្រែឈូក ចាត់​ទុក​ទឹកអូរ គឺជា​សរសៃឈាម ចរន្ត​សេដ្ឋកិច្ច បម្រើ​ជីវភាព​ពួកគាត់ តាំង​ពីដើម​មក។ តែ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ក្រោយពី​មាន​វត្តមាន​ក្រុមហ៊ុន​ចិន ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​នោះ គោក្របី​អ្នកភូមិ​ជាច្រើន​ក្បាល ងាប់​ជា​រៀងរាល់​ឆ្នាំ។

កាលពី​ចុង​ឆ្នាំ​២០១៧ សត្វ​ពាហនៈ​អ្នកភូមិ ងាប់ ៦​ក្បាល សង្ស័យ​ពុល ទឹកអូរ​ដែរ។ ពួកគាត់​បាន​ផ្តល់​ព័ត៌មាន​នេះ ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ដែរ តែ​ពុំ​ទទួល​បាន​លទ្ធផល។

កង្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង​ភាព​ខ្វះ​អនាម័យ គឺជា​បញ្ហា​ប្រឈម ជាទូទៅ​មួយ នៅ​ក្នុង​សង្គម​ខ្មែរ ជាពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ។ អង្គការ​ទឹក water.org រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ប្រហែល ៤ លាន​នាក់ ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង ៦​លាន​នាក់​ទៀត កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ខ្វះ​អនាម័យ។ ក្នុង​នោះ ចំណោម​ពលរដ្ឋ ដែល​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ គឺ ៨០% ជា​អ្នក​រស់​នៅ​តាម​ទី​ជនបទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល