ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល​កែទម្រង់​វិស័យ​សុខាភិបាល​តាម​បណ្ដា​ខេត្ត​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា

ដោយ ជាតិ ចំណាន
2024.01.22
ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល​កែទម្រង់​វិស័យ​សុខាភិបាល​តាម​បណ្ដា​ខេត្ត​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា ទីដ្ឋភាពមន្ទីរពេទ្យគន្ធបុប្ផានៅជាប់រមណីយដ្ឋានវត្តភ្នំពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ មករា ២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ពលរដ្ឋ​លើកឡើង​ថា សេវាកម្ម និង​គុណភាព​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​តាម​បណ្ដា​ខេត្ត​មិន​ល្អ ទើប​ពួក​គាត់​ធ្វើ​ដំណើរ​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរតែ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល​តាម​បណ្ដា​ខេត្ត​ដែល​ពលរដ្ឋ​កំពុង​ត្រូវការ។

ជា​រៀងរាល់ថ្ងៃ​ឪពុកម្ដាយ​ជាច្រើន​រយ​នាក់​បាន​នាំ​កូន​ទៅ​ព្យាបាល​នៅ​ជំងឺ​នៅ​មន្ទីរ​គន្ធបុប្ផា​ដោយសារតែ​មន្ទីរពេទ្យ​នេះ​ទទួល​ព្យាបាល​ជំងឺ​ដោយ​មិន​យក​ប្រាក់ ចំណែក​ការ​ព្យាបាល​វិញ​មាន​ប្រសិទ្ធភាព​ជាង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​មួយ​ចំនួន។

ភាគច្រើន​ឪពុកម្ដាយ​ដែល​នាំ​កូន​មក​ព្យាបាល​បាន​ធ្វើ​ដំណើរ​ពី​តាម​បណ្ដា​ខេត្ត ដោយ​ពួកគាត់​ខ្លះ​ជិះ​ម៉ូតូ ខ្លះ​ជិះ​កង់​បី និង​ខ្លះ​ជិះ​រថយន្តឈ្នួល​ក៏​មាន។ មុន​នឹង​គ្រូពេទ្យ​ហៅ​កុមារ​ព្យាបាល​ជំងឺ ឪពុកម្ដាយ​ត្រូវ​ចាប់​លេខ​រង់​ចាំ ខណៈ​កុមារ​តូចៗ​ស្រែកយំ​ឥត​ដាច់។

ពលរដ្ឋ​មកពី​ខេត្ត​កំពង់ចាម លោក ឯម វិចិត្រ ដែល​រង់ចាំ​ប្រពន្ធ និង​កូន​នៅ​ខាងមុខ​មន្ទីរពេទ្យ​លើកឡើង​ថា កូនស្រី​របស់​លោក​ចេះតែ​ក្អួត​ដោយ​មិនដឹង​ពី​មូលហេតុ​អស់​រយៈពេល​មួយ​អាទិត្យ ហើយ​ជំងឺ​កូនស្រី​របស់​លោក​នៅតែ​មិន​បាន​ធូរស្បើយ​ទោះបី​លោក​នាំ​កូនស្រី​ទៅ​ព្យាបាល​នៅ​ពេទ្យ​ស្រុកកំណើត​ច្រើន​កន្លែង​ក្ដី​។ លោក ឯម វិចិត្រ លើកឡើង​ថា នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ ដែល​គ្រួសារ​របស់​លោក​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ព្យាបាល​ជំងឺ។

លោក ឯម វិចិត្រ លើកឡើង​ថា គ្រួសារ​របស់​លោក​មាន​ទំនុកចិត្ត​លើ​ពេទ្យ​រដ្ឋ​ធំៗ នៅ​រាជធានី​ភ្នំពេញ ដោយសារតែ​ពេទ្យ​តាម​មណ្ឌល ឬ​ពេទ្យ​បង្អែក​ខេត្ត​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់ ហើយ​ជួនកាល​គ្រូពេទ្យ​បាន​រុញ​អ្នកជំងឺ​ឱ្យទៅ​មន្ទីរពេទ្យ​ផ្សេងទៀត​ដោយ​លើក​ហេតុផល​ថា ពួកគាត់​មិន​មាន​លទ្ធភាព​ព្យាបាល។

លោក ឯម វិចិត្រ៖ «យើង​បាន​កក់ក្ដៅ​បាន​មក​ពេទ្យ​ហ្នឹងហើយ ធ្វើ​ម៉េច​ឱ្យ​បាន​មកដល់​ពេទ្យ​ធំ​អ៊ីចឹង ជួនកាល​យើង​ហូប​ទៅ​ជា​អ៊ីចឹង​ទៅ ជួនកាល​ហូប​ទៅ​ធ្ងន់​បាន​យើង​មក​ពេទ្យ​ធំ​ទៅ ធ្លាប់​មក​តើ​ទាំង​កូនតូច​ទិញ​តែ​ថ្នាំ​ទៅ​ត្រូវ​កប​ភាគច្រើន»

មន្ទីរ​គន្ធបុប្ផា​អាច​ទទួល​ព្យាបាល​កុមារ​ចាប់ពី ៥​ម៉ឺន​នាក់​ទៅ​ដល់ ១​សែន​នាក់​ក្នុង​មួយ​ខែ និង​អាច​វះកាត់​កុមារ​យ៉ាងតិច ២​ពាន់​នាក់​ជា​រៀងរាល់​ខែ។ ចំណែក​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ឬ​គន្ធបុប្ផា​ទី​៣ បាន​ទទួល​ស្ត្រី​មក​ពិនិត្យ​ផ្ទៃពោះ​យ៉ាង​តិចណាស់​៧​ពាន់​នាក់​ក្នុង​មួយ​ខែ និង​ទទួល​សម្រាលកូន​ប្រមាណ​២​ពាន់​នាក់​ក្នុង​មួយ​ខែ។

ចំណែក​ពលរដ្ឋ​មកពី​ខេត្ត​កណ្ដាល លោក ធួក ដេត លើកឡើង​ថា វិស័យ​សុខាភិបាល​នៅ​តាម​បណ្ដា ខេត្ត​នៅ​មិនទាន់​ប្រសើរ​ដែល​អាច​ឱ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​បានទេ​។ លោក ធួក ដេត បន្ត​ថា​ពលរដ្ឋ​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​ឯកជន​ត្រូវការ​ចំណាយ​ថវិកា​ច្រើន ចំណែក​ការ​ព្យាបាល​នៅ​ពេទ្យ​រដ្ឋ​តម្រូវ​ឱ្យ​ពលរដ្ឋ​រង់ចាំ និង​បង់ប្រាក់​ដូចគ្នា។

គន្ធបុប្ផា (1).jpg
ទីដ្ឋភាពមន្ទីរពេទ្យគន្ធបុប្ផានៅជាប់រមណីយដ្ឋានវត្តភ្នំពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ មករា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក ធួក ដេត ស្នើ​រដ្ឋាភិបាល​កំណែទម្រង់​វិស័យ​សុខាភិបាល​នៅ​តាម​ខេត្ត និង​តំបន់​ជនបទ ដើម្បី​ឱ្យ​ពលរដ្ឋ​ងាយស្រួល​ទៅ​ព្យាបាល ព្រោះ​ថា ការ​ព្យាបាល​នៅ​ភ្នំពេញ​ធ្វើ​ឱ្យ​ពលរដ្ឋ​ចំណាយ​ថវិកា និង​ពេល​វេលា។

លោក ធួក ដេត៖ «ចង់​មក​គន្ធបុប្ផា​ហ្នឹង​សេវាកម្ម​ធូរ​ថ្លៃ វា​មិនសូវ​អស់​ច្រើន តាម​ជាក់ស្ដែង​អ៊ីចឹង ដូច​តែ​គ្នា វា​មិន​លើស​គ្នា​ប៉ុន្មាន​ទេ គ្រាន់តែ​ពេទ្យ​រដ្ឋ​វា​មានច្បាប់​ទម្លាប់​យើង​ត្រូវ​ចាំ​ព្រោះ​មនុស្ស​មាន​ច្រើន តែបើ​ពេទ្យ​ឯកជន​គេ​មើល​យើង​ភ្លាមៗ»

រដ្ឋាភិបាល​នៅតែ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ពង្រឹង​វិស័យ​សុខាភិបាល​នោះ​ទេ បើ​ទោះ​បី​ជា​សាធារណជន​រិះគន់​ថា លើ​វិស័យ​សុខាភិបាល​ថា សេវាកម្ម​ខ្វះ​ការ​យកចិត្តទុកដាក់ មាន​ភាព​យឺតយ៉ាវ និង​ពុំ​មាន​កង្វះ​ឧបករណ៍​ពេទ្យ​គ្រប់គ្រាន់​ក៏ដោយ​។ ជាក់ស្ដែង​ថវិកា​ដែល​គ្រោង​ចំណាយ​លើ​វិស័យ​សុខាភិបាល​ក្នុង​ឆ្នាំ​២០២៤ មានការ​កើនឡើង​ចំនួន​ជាង ៦​ម៉ឺន (៦៥.៤៥៣) លាន​រៀល ឬ​ជាង ១​លាន​ដុល្លារ​ប៉ុណ្ណោះ​។ កន្លង​មក​រដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ចូលរួម​ថវិកា​ដើម្បី​សាងសង់​មន្ទីរពេទ្យ ឬ​អគារ​ពេទ្យ មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា​អគារ​តេជោ​អភិវឌ្ឍន៍ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ជាដើម។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី លើកឡើង​ថា មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​នៅ​តាម​បណ្ដា​ខេត្ត​ពុំ​មាន​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​ពលរដ្ឋ​នៅ​ឡើយ​ទេ ហើយ​បញ្ហា​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ដែល​ធ្វើដំណើរ​មក​ភ្នំពេញ​។ ទោះជា​យ៉ាងណា លោក អ៊ូច វុទ្ធី ថា បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​ដែល​ពុំ​មាន​ថវិកា​ដើម្បី​ឡើង​មក​ទីក្រុង​ភ្នំពេញ ហើយ​មាន​ពលរដ្ឋ​មួយចំនួន​បាន​បាត់​បង់ជីវិត​ដោយសារតែ​ការ​បញ្ជូន​មក​ព្យាបាល​នៅ​ភ្នំពេញ។

លោក អ៊ូច វុទ្ធី៖ «មួយទៀត​ដោយសារ​គាត់​មិន​មាន​ទំនុកចិត្ត​តាម​ខេត្ត ដោយសារ​ទីមួយ​ការ​ព្យាបាល​របស់​គ្រូពេទ្យ​ដោយ​ថ្នាំ​ព្យាបាល​នៅ​តាម​ខេត្ត ជួនកាល​វា​មាន​ថ្នាំ​មិន​សុទ្ធ ហើយ​ថ្នាំ​ដែល​បញ្ជូន​មក​គ្រប់​ប្រទេស​បញ្ជូន​មក​ខេត្ត កន្លែង​ហ្នឹង​ធ្វើ​ឱ្យ​គាត់​បាត់បង់​ជំនឿ ដោយសារ​ថ្នាំ​ដែរ ថ្នាំ​មានតែ​រូបភាព​ឈ្មោះ​ប៉ុន្តែ​លេប​ទៅ​វា​អត់​មាន​ប្រសិទ្ធភាព​កន្លែង​ហ្នឹងហើយ​ដែល​ធ្វើ​ឱ្យ​គាត់​អត់​ជា អត់​ស្រួលខ្លួន អ៊ីចឹង​គាត់​មក​រក​ពិគ្រោះ​ជំងឺ​នៅ​ភ្នំពេញ​វិញ»

របាយការណ៍​របស់​ក្រសួង​សុខាភិបាល កាល​ពី​ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១៨ មន្ទីរពេទ្យ​ជាតិ​មាន​ចំនួន​៦ កន្លែង មន្ទីរពេទ្យ​បង្អែក​មាន​ចំនួន​១០៩ កន្លែង និង​មណ្ឌល​សុខភាព​មាន​ចំនួន​ជាង​១​ពាន់ (.១៨៥) កន្លែង និង​មាន​មន្ត្រីរាជការ​សរុប​ជាង ២​ម៉ឺន​នាក់ (២៥.៤៣៨) នាក់។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ឈាង រ៉ា និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ដើម្បី​សាកសួរ​ជុំវិញ​អំពើ​ហិង្សា​នេះ​បាន​ទេ នៅ​ថ្ងៃទី១៩ ខែ​មករា។

ទោះជា​យ៉ាងណា នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មន្ទីរពេទ្យ​ជាតិ​តេជោ​សន្តិភាព កាលពី​ខែ​តុលា ឆ្នាំ​២០២៣ លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​អនុវត្ត​គោលនយោបាយ​ដើម្បី​លើកស្ទួយ​វិស័យ​សុខាភិបាល​រួម​មាន​ទី​១ គឺ​វិធានការ​ពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​សុខាភិបាល​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​ដល់ ៤៩​ម៉ឺន​គ្រួសារ ឬ ១​លាន ៨​សែន​នាក់ និង​វិធានការ​លើ​របប​សន្តិសុខ​សង្គម​ដោយ​វិភាគទាន​ដល់​អ្នក​ក្នុង​បន្ទុក​សមាជិក ប..ស ជាង​៣​លាន​នាក់​។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​មន្ទីរពេទ្យ​មួយចំនួន​អាច​កសាង​ទំនុកចិត្ត​ពី​ពលរដ្ឋ​ខ្មែរ​ដូចជា​មន្ទីរ​គន្ធបុប្ផា​ជាដើម​។ លោក យង់ គិមអេង ថា រដ្ឋាភិបាល​គួរ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ដោះស្រាយ​វិស័យ​សុខភាព​តាម​បណ្ដា​ខេត្ត​ដែល​ពលរដ្ឋ​កំពុង​ត្រូវការ។

លោក យង់ គិមអេង៖ «រដ្ឋាភិបាល​ទីមួយ​គឺ​ត្រូវតែ​ពង្រឹងគុណភាព​សេវា យើង​គិត​មើល​ថា ហេតុ​អី​បាន​ជា​គន្ធបុប្ផា​គេ​ធ្វើ​បាន ចុះ​ហេតុ​អី​បានជា​មន្ទីរពេទ្យ​ផ្សេងៗ​ធ្វើ​អត់​បាន តើ​យើង​ឱ្យ​វិស័យ​សុខាភិបាល ឬ​មន្ទីរពេទ្យ​របស់​យើង​នៅ​បែប​ហ្នឹង​តទៅ​ទៀត ឬ​យើង​ធ្វើ​វា​ឱ្យ​មាន​ជំនឿ​ជាក់​ដូច​គន្ធបុប្ផា គន្ធបុប្ផា​ទាំង​ការ​ផ្ដល់​សេវា​អី គឺ​បាន​លឿន​ទាន់​ចិត្ត ហើយ​គ្រូពេទ្យ​អី​គេ​ខ្នះខ្នែង​មិន​បាច់​ចាំ​ដើរ​ទៅ​តឿន​ទេ ពេទ្យ​គេ​ទទួលខុសត្រូវ»

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មន្ទីរពេទ្យ​នៅ​តាម​បណ្ដា​ខេត្ត​ឱ្យ​មាន​សេវាកម្ម និង​គុណភាព​ដូច ឬ​ប្រហាក់ប្រហែល​មន្ទីរពេទ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា។ ពលរដ្ឋ​លើកឡើង​ថា ការ​ពង្រឹង​គុណភាព​សុខាភិបាល​នឹង​ធ្វើ​ឱ្យ​ពួកគាត់​មាន​ភាព​កក់ក្ដៅ និង​អាច​ព្យាបាល​ជំងឺ​ទាន់​ពេល​វេលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។