សាលាក្រុង​ភ្នំពេញ​ផ្អាក​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់ រយៈពេល ១៤​ថ្ងៃ

ដោយ ម៉ៅ សុធានី
2021.07.10
សាលាក្រុង​ភ្នំពេញ​ផ្អាក​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់ រយៈពេល ១៤​ថ្ងៃ ៊អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង។
Photo Courtesy

រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ខាងមុខ។

ការប្រកាស​ផ្អាក​នេះ បន្ទាប់​ពី​ចំនួន​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ បាន​កើនឡើង​ជា​ខ្លាំង​។ គិត​ត្រឹម​ថ្ងៃ​ទី៩ កក្កដា អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ មាន​ចំនួន ៨​រយ ហាសិប​ប្រាំ​នាក់ (៨៥៥) ក្នុង​ចំណោម​អ្នក​កើត​សរុប​ទូទាំង​ប្រទេស ចំនួន​ជិត ៦​ម៉ឺន​នាក់ (៥៩.០៤៥)

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង កាលពី​ថ្ងៃទី​០៩ ខែ​កក្កដា​ឲ្យ​ដឹង​ថា សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់ រួមមាន សាលារៀន សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាំង​រដ្ឋ​និង​ឯកជន អាជីវកម្ម​ក្លឹប​កម្សាន្ត គ្រប់​ប្រភេទ ដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌីន កាស៊ីណូ អាជីវកម្ម​ម៉ាស្សា រមណីយដ្ឋាន សារមន្ទីរ និង​សួន​កម្សាន្ត​នានា​។ ចំណែក​រោង​ភាពយន្ដ រោង​សម្ដែង​សិល្បៈ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​វិញ ក៏​ត្រូវ​បិទ​បណ្ដោះអាសន្ន ១៤​ថ្ងៃ ផង​ដែរ។

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិនិត្យ​សម្រេច​លើ​ការ​ផ្អាក​សកម្មភាព​ការងារ និង​អាជីវកម្ម​ទាំងនេះ ទៅ​តាម​ស្ថានភាព​វិវត្ត​ជាក់ស្ដែង ដោយ​អនុលោម​តាម​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូវីដ១៩។ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន លើស​ពី ១៥​នាក់​នោះ​ឡើយ លើកលែងតែ​ករណី​មួយ​ចំនួន ដូចជា​ការ​ជួបជុំ​សមាជិក​ក្នុង​គ្រួសារ​រស់នៅ​ក្នុងផ្ទះ​ជាមួយ ឬ​ការ​រៀបចំ​ពិធី​បុណ្យសព និង​ការ​ជួបជុំ​របស់​អាជ្ញាធរ​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។