អ្នក​​ជំនាញ​​សុខាភិបាល​ថា​ វិធី​​ដាក់​​ឱ្យ​អ្នក​ជំងឺ​កូវីដ​១៩​ព្យាបាល​នៅ​ផ្ទះ​ នឹង​​អាច​​ជួយ​​កាត់​​បន្ថយ​​ការ​​ឆ្លង​​ដល់​​អ្នក​ដទៃ​

ដោយ អាស៊ីសេរី
2021-07-07
Share
អ្នក​​ជំនាញ​​សុខាភិបាល​ថា​ វិធី​​ដាក់​​ឱ្យ​អ្នក​ជំងឺ​កូវីដ​១៩​ព្យាបាល​នៅ​ផ្ទះ​ នឹង​​អាច​​ជួយ​​កាត់​​បន្ថយ​​ការ​​ឆ្លង​​ដល់​​អ្នក​ដទៃ​ ក្រុមគ្រូពេទ្យកំពុងយកវត្ថុសំណាកពីអ្នកជំងឺកូវីដ១៩ម្នាក់នៅក្នុងខេត្តសៀមរាប។
រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក

អ្នក​​ជំនាញ​​សុខាភិបាល​ថា​ វិធី​ដាក់​ឱ្យ​អ្នក​ជំងឺ​ព្យាបាល​​នៅ​ផ្ទះ​ គឺ​ជា​រឿង​ល្អ​ ដែល​អាច​​ទប់​ស្កាត់​​កុំ​ឱ្យ​ឆ្លង​​ជំងឺ​កូវីដ​១៩ ​​ទៅ​អ្នក​ដទៃ​ក្រោយ​ពី​​កម្ពុជា​បាន​​ឈាន​​ដល់​បន្ទាត់​​ក្រហម​នៃ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍​។​

ប្រធាន​សមាគម​គ្រូពេទ្យ​គុណ​ធម៌​កម្ពុជា​លោក​ អ៊ូច វុទ្ធី​ មាន​ប្រសាសន៍​​ថា ​បណ្ដា​​ប្រទេស​ជា​ច្រើន​នៅ​ពេល​ដែល​ពលរដ្ឋ​បាន​ធ្វើតេស្ត​រហ័ស​រក​​ឃើញ​​ថា មាន​ជំងឺ​កូវីដ​១៩​ ​ក៏​​តម្រូវ​ឱ្យ​ព្យាបាល​​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​ដែរ​។

លោក​បញ្ជាក់​ថា​ វិធី​ដាក់​ឱ្យ​អ្នក​ជំងឺ​កូវីដ​១៩​ សម្រាក​ព្យាបាល​នៅ​ក្នុង​ផ្ទះ​ដោយ​ខ្លួន​ឯង​ គឺ​ជា​រឿង​ល្អ​ ដែល​អាច​កាត់​បន្ថយការ​​ចំណាយ​​ច្រើន​ និង​ទទួល​បាន​អាហារ​ ហូប​​ចុក​​គ្រប់​គ្រាន់​ ដោយ​សារ​មាន​ក្រុម​គ្រួសារ​​ជួយ​មើល​ថែ​ទាំ។​ លោក​បន្ត​ថា​ មួយ​រយៈ​កន្លង​មក​អ្នក​ជំងឺ​ដែល​​ធ្វើតេស្ត​ រក​ឃើញ​ថា​ មាន​ជំងឺ​កូវីដ​ ១៩​ ត្រូវ​រង់​ចាំ​ចូល​​សម្រាក​​ព្យាបាល​នៅ​ក្រោម​ដើម​ឈើ​ ក្បែរ​មន្ទីរ​ពេទ្យ​ ដែល​អាច​ឱ្យ​ពួក​គេ​ ប្រឈម​នឹង​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​ផ្ដាសាយ​ នៅ​ពេល​ត្រូវ​ទឹក​សន្សើមជាដើម​​៖ «ប្រសិទ្ធភាព​នៅ​ផ្ទះ​វា​ល្អ​ប្រសើរ​ជាង​នៅ​មន្ទីរ​ពេទ្យ​ ពី​ព្រោះ​នៅ​មន្ទីរ​ពេទ្យ​ វា​វិលវក់​ អត់​មាន​គ្រែ​ដេក​ទៀត​ ហើយ​ចំណាយ​ថវិកា​ជាតិ​ច្រើន​។​ ប៉ុន្តែ​នៅ​ផ្ទះ​ហ្នឹង​គួរ​ណា​តែ​ចំណាយ​ដូច​នៅ​មន្ទីរ​ពេទ្យ​ដែរ​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​នេះ​ជា​រឿង​មួយ​ល្អ​ពី​ព្រោះខ្ញុំ​តែងតែ​និយាយ​ហើយ​ថា​ កូវីដ​ ដំបូង​មិន​អាច​យក​គាត់​ទៅ​ប្រមូល​ផ្តុំ​បាន​ទេ​ ហើយ​ក៏​រដ្ឋ​អត់​មាន​គ្រូពេទ្យ​ណា​ដេក​ចាំ​អ្នក​ជំងឺ​២៤​ ទៅ​៤៨​ ម៉ោង​ដែរ»

អភិបាល​ក្រុង​ភ្នំពេញ​លោក​ ឃួង ស្រេង​ កាល​ពី​ថ្ងៃទី​៥​ ខែកក្កដា​ បាន​ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​​ថា​ មក​ដល់​ពេល​នេះ​មាន​អ្នក​ជំងឺ​ប្រមាណ​ជិត​ ៦០០​ នាក់​ កំពុង​​សម្រាក​ព្យាបាល​នៅ​ក្នុង​ផ្ទះ​ នៅ​ទីតាំង​ភូមិសាស្ត្រ​ក្រុង​ភ្នំពេញ​។​

លោក​បញ្ជាក់​ទៀត​ថា​ ក្នុង​ចំណោម​អ្នក​ជំងឺ​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​នោះ​ មាន​អ្នក​ជំងឺ​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​ និង​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ តែ​នៅ​តែ​មាន​វិជ្ជមាន​​ជំងឺ​កូវីដ​ ១៩​។​

ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ២០ ខែ មិថុនា ឆ្នាំ​ ២០២១ ​បាន​ដាក់​ចេញ ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​តាម​ផ្ទះ​ស្រប​ពេល​ដែល​ចំនួន​ពលរដ្ឋ​​ស្លាប់ និង​អ្នក​ឆ្លង​ថ្មី​ បាន​កើន​ឡើង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល