អ្នក​ស្លាប់​នៅ​ក្រចេះ​កើនជិត​ ១០​នាក់​​សង្ស័យ​​ពុល​ស្រា​​ស ខណៈ​​អាជ្ញាធរ​​ចុះ​​បិទ​ទីតាំង​ផលិត​ស្រា​រាប់​រយ​កន្លែង

ដោយ សុ ជីវី
2018-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ពុល​ស្រា​ស​នៅ​ភូមិ​ដំរ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត​ក្រចេះ ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ២០១៨។
អ្នក​ពុល​ស្រា​ស​នៅ​ភូមិ​ដំរ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត​ក្រចេះ ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ២០១៨។
រូប៖ បណ្ដាញ​ហ្វេសប៊ុក មាន មាន

សមត្ថកិច្ច​ខេត្ត ក្រចេះ​អះអាង​ថា ចំនួន​អ្នក​ស្លាប់​សង្ស័យ​ពុល​ស្រា​ស​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ​កើន​ឡើង​ដល់ ៧​នាក់​និង ជនរងគ្រោះ​ជិត ១ រយ​នាក់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ គិត​មក​ត្រឹម​ថ្ងៃទី២៥ តុលា​។ អធិការ​ស្រុក​សំបូរ​ថា ក្រោយពី​កើតមាន​បាតុភាព​នេះ​សមត្ថកិច្ច​បាន​ចុះ​បិទ​ទីតាំង​ផលិត​ស្រា ទាំងអស់ ជា​បណ្ដោះអាសន្ន រង់ចាំ​លទ្ធផល​កោសល្យវិច័យ​ពី​ក្រសួងសុខាភិបាល​សិន។

របាយការណ៍ អធិការ​ស្រុក​សំបូរ​បាន​រាយការណ៍​ថា មាន​អ្នក​ស្លាប់ ៧​នាក់ និង​ពលរដ្ឋ​មាន​អាការៈ​ពុល ៨០​នាក់​។ ប៉ុន្តែ​ពលរដ្ឋ​នៅ​មូលដ្ឋាន​អះអាង​ថា មាន​អ្នក​ស្លាប់​រហូតដល់​ទៅ ៨​នាក់ រីឯ​ពលរដ្ឋ​ធ្លាក់ខ្លួន​ឈឺ ៩៨​នាក់​ក្នុង​នោះ ពលរដ្ឋ​រស់នៅ​ឃុំ​បឹង​ចារ ៧៨ នាក់ និង ឃុំ​សំបូរ ១៨​នាក់។

មេឃុំ​សំបូរ លោក ជុំ សាវ៉ន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ តុលា ថា ក្រោយ​ពី​កើតមាន​បាតុភាព​នេះ​លោក​បាន​បញ្ជា​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល បញ្ឈប់​ជាបន្ទាន់​គ្រប់​ទីតាំង​ផលិត​ស្រា​ស​ទាំងអស់​នៅ​ឃុំ​សំបូរ ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​សិន។ លោក​ថា ពលរដ្ឋ​រស់នៅ​ឃុំ​សំបូរ ១៨ នាក់ កើតមាន​អាការៈ​ខុស​ប្រក្រតី​ដែរ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព ហើយ​អាជ្ញាធរ​ឃុំ​បាន​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​បរិភោគ​ស្រា​ស។ «»

ពលរដ្ឋ​រងគ្រោះ​ពុល​ស្រា​ស រស់នៅ​ឃុំ​បឹងចារ និង​ឃុំ​សំបូរ នៅ​ថ្ងៃ​ទី២៥ តុលា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​តួនាទី​ទប់ស្កាត់​បាតុភាព​នេះ កុំ​ឲ្យ​កើតមាន​ឡើងជា​ជា​ថ្មី​ទៀត​ត្រូវ​មាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ថា ប្រព័ន្ធ​ការពារ​សុខុមាលភាព​ពលរដ្ឋ​ត្រូវ​បាន​កែ​លម្អ និង​រឹត​បន្តឹង ចៀសវាង​យកចិត្តទុកដាក់ អនុវត្ត​ច្បាប់​អំឡុង​ពេល​ពលរដ្ឋ​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត។

ក្រុម​គ្រួសារ​ជនរងគ្រោះ​រស់នៅ​ភូមិ​ដំរ៉ែ ឃុំ​បឹងចារ លោក សុខ ណា អង្កេត​ឃើញ​ថា កន្លងទៅ​ពលរដ្ឋ​រស់នៅ​ឃុំ​បឹង​ចារ តែង​ស្លាប់​ជារឿយៗ ក៏ប៉ុន្តែ​ពួកគេ​មិន​ចាប់អារម្មណ៍​ពុល​ស្រា​ស​នោះ​ទេ ដោយ​គិត​ថា ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺ​ផ្សេងៗ​។ រីឯ​ទីតាំង​ផលិត​ស្រា​ស​នៅ​មូលដ្ឋាន​នៅតែ​ដំណើរ​ការ​ធម្មតា និង​លក់​ចែកចាយ​នៅ​ជនបទ​ក្នុង​តម្លៃ ១ លីត្រ ៣ ពាន់​រៀល។ លោក​រំឭក​ថា អ្នកភូមិ​ទៅ​កំដរ​បុណ្យ​សព អ្នក​ក្បែរ​ខាង​បាន​ទទួលទាន​ស្រា​ស​នៅ​ពេល​យប់ បណ្ដាល​ឲ្យ​កើត​អាការៈ​ខុស​ប្រក្រតី​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំង​យប់​​តាម​ផ្លូវ​ទឹក។ «»

ពលរដ្ឋ​រងគ្រោះ​ពុល​ស្រា​ស​រស់នៅ​ភូមិ​កោះរាល ឃុំ​សំបូរ លោក ផន សំ​អូន ឲ្យ​ដឹង​ថា អ្នកភូមិ​រស់នៅ​ភូមិ​កោះ​រាល ១៨​នាក់ ធ្លាក់​ខ្លួន​ឈឺ​សង្ស័យ​ពុល​ស្រា​ស និង​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​មិនទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ គិត​ត្រឹម​ថ្ងៃទី២៥ តុលា។ លោក​បារម្ភ​ថា បើ​អាជ្ញាធរ​អនុវត្ត​ច្បាប់​បានតែ​មួយ​ឆាវ ក្រោយ​មក​អាជីវកម្ម​ផលិត​ស្រា​ដំណើរ​ឡើងវិញ គ្មាន​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស ត្រឹមត្រូវ​ទេ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​អ្នកប្រើប្រាស់ ខណៈ​ដែល​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ មាន​ទម្លាប់​បរិភោគ​ស្រា​ស​ជា​ប្រពៃណី​ជា​យូរ​មក​ហើយ។ «»

អធិការ​ស្រុក​សំបូរ លោក ប៊ុន ឈឿន មានប្រសាសន៍ថា ក្រោយពី​កើតមាន​បាតុភាព​នេះ សមត្ថកិច្ច​បញ្ជូន​ពល​រដ្ឋ​រងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ផ្សព្វផ្សាយ​ឲ្យ​ផ្អាក​ទីតាំង​ផលិត​ស្រា​ស​បណ្ដោះអាសន្ន ទូទាំង​ស្រុក ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​បច្ចេកទេស និង​បំពេញបែបបទ​ឲ្យ​ត្រឹមត្រូវ​សិន មុន​អាច​ដំណើរការ​អាជីវកម្ម​ឡើងវិញ​បាន​។ «»

ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ក្រចេះ លោក នី ឆុន ប្រាប់​កាសែត​ក្នុងស្រុក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សមត្ថកិច្ច​ជំនាញ​សម្រេច ផ្អាក​អាជីវកម្ម​ផលិត​ស្រា​ស​ទាំងនេះ ដោយ​ផ្អែក​ទៅ​លើ​ករណី​ពុល​ស្រា​ស​នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី១៩ ខែ​តុលា។ លោក​បន្ថែម​ថា ចំពោះ​ការ​ផ្ដល់​លិខិតអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​វិញ អាច​ធ្វើ​​ទៅ​បាន ឬ​យ៉ាងណា​នោះ លុះត្រាតែ​អាជីវកម្ម​ទាំងនេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​មន្ត្រី​ជំនាញ និង​ស្របតាម​លក្ខណៈ​បច្ចេកទេស។
ទោះយ៉ាងណា មជ្ឈមណ្ឌល​ពិសោធន៍​ឧស្សាហកម្ម​កម្ពុជា នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ក្រចេះ រក​ឃើញ​ក្នុង​ជាតិ​ស្រា មាន​ជាតិ​មេ​តាណុល​ខ្ពស់ ហើយ​មន្ត្រី​ជំនាញ​សម្រេច​ផ្អាក​អាជីវកម្ម​ផលិត​ស្រា​ស​ជាង​បួន​រយ​កន្លែង នឹង​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ផលិត​ស្រា​ស​នេះ​បន្ថែម​ទៀត ដែល​មាន​ប្រមាណ ៧៦១​ទីតាំង។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក លោក សឹង សែនករុណា ផ្តល់​មតិ​ថា អាជ្ញាធរ​ខេត្ត​សម្រេច​ផ្អាក​ទីតាំង​ផលិត​ស្រា​ស ជា​បណ្ដោះអាសន្ន ជា​រឿង​ត្រឹមត្រូវ ក៏ប៉ុន្តែ​ការស្វែងរក​មូលហេតុ​នៅ​ពីក្រោយ​ខ្នង ជា​កត្តា​សំខាន់ ដើម្បី​ធានា​ថា ប្រព័ន្ធ​កែ​លម្អ​ត្រូវ​បាន​ធ្វើឡើង​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ។ លោក​ថា ជូន​កាល​ពលរដ្ឋ​ផលិត​ស្រា​ស នៅ​តំបន់​ខ្លះ​ផ្អែក​តាម​បច្ចេកទេស​ត្រឹមត្រូវ​តាំងពី​បុរាណ​បែប​ប្រពៃណី បែរជា​រង​ការ​បិទ​អាជីវកម្ម​នេះ​ដែរ អាច​កើតមាន​ភាព​អយុត្តិធម៌​ដល់​ពួកគេ។ ហេតុនេះ​លោក​ថា ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​តួនាទី​ជាប្រចាំ ត្រូវ​មាន​ផែនការ យុទ្ធសាស្ត្រ​ច្បាស់ និង​ការទទួលខុសត្រូវ​របស់​ខ្លួន ធ្វើ​យ៉ាង​ណា​ទប់ទល់​កុំ​បាតុភាព​នេះ កើត​ឡើង​ដដែលៗ។ លោក​អង្កេត​ឃើញ​ថា កន្លងទៅ​ទាល់តែ​ពលរដ្ឋ​ជួប​គ្រោះ​ទើប​អាជ្ញាធរ​យកចិត្តទុកដាក់។ «»

ក្រោយពី​កើតមាន​បាតុភាព​នេះ បុរស​ម្នាក់ ដែល​ជា​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​ស លោក កុច សុខ​ហេង វ័យ ៣១ ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ឃុំខ្លួន ក្រោម​បទ​មនុស្សឃាត​ដោយ​អចេតនា កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា។
ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៦ រហូតមកដល់​បច្ចុប្បន្ន​នៅ​ខេត្ត​ក្រចេះ មាន​មនុស្ស​ស្លាប់​ជាង ៤០​នាក់ និង​ជាង​៥០០ នាក់ ត្រូវ​បញ្ជូន​ទៅ​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ពលរដ្ឋ​ពិសា​ស្រា​ស សាច់​ឆ្កែ​ដែល​គេ​បំពុល ពុល​ត្រី​កំពត ពុល​ទឹកក្រូច និង​ករណី​ពុល​ទឹក​ព្រែក​ទេរ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល