ពលរដ្ឋ​ពុល​ទឹក​ព្រែក​នៅ​ខេត្ត​ក្រចេះ​បាន​រាលដាល​ដល់​ឃុំ​ផ្សេងទៀត​ក្នុង​ខេត្ត​នេះ

ដោយ ហេង សកល
2018-05-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ធ្វើ​ពិសោធន៍​លើទឹក​ឱ្យ​ដឹង​ថា ទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ភូមិ​ស្រែនន និង​ភូមិ​អាលច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​នោះ គឺ​មាន​សារធាតុ​គីមី​សម្លាប់​ស្មៅ និង​សម្លាប់​សត្វល្អិត​កម្រិត​ខ្ពស់។ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ឈប់​ប្រើប្រាស់​ទឹក​នោះ​ជាបន្ទាន់។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រាប់​ឧបករណ៍​ឃោសនា​របស់​លោក ហ៊ុន សែន ថា សារធាតុ​ទាំងពីរ​នេះ​ហើយ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​យ៉ាង​ខ្លាំង។ លទ្ធផល​ក្រសួង​សុខាភិបាល​នេះ ផ្ទុយ​ទៅ​នឹង​របាយការណ៍​បឋម​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ដែល​អះអាងថា ពលរដ្ឋ​ឈឺ និង​ស្លាប់​ដោយសារតែ​ពុល​ស្រា​ស។

កាល​ពី​ថ្ងៃទី៧ ឧសភា មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​បឋម​រក​ឃើញ​ថា អ្នក​ស្លាប់​ទាំងអស់​មាន​រោគសញ្ញា​មុន​ពេល​ស្លាប់​ស្រវាំងភ្នែក ថប់ដង្ហើម និង​មាន​ប្រវត្តិ​ពិសា​ស្រា​មុនពេល​ឈឺ ហើយ​ករណី​អ្នក​ឈឺ​ធ្ងន់​មិនទាន់​ស្លាប់​ក៏​មាន​សញ្ញា​ពិសា​ស្រា​ដែរ។

មន្ទីរ​សុខាភិបាល​បាន​ចេញ​របាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​៩​នាទី​ព្រឹក ថ្ងៃទី៨ ឧសភា អ្នក​ជំងឺ​សម្រាក​ព្យាបាល​សរុប ២៣៧​នាក់ ស្រី​១១៨​នាក់ ហើយ​មន្ទីរ​រក​ឃើញ​អ្នក​ជំងឺ​ដែល​មាន​រោគសញ្ញា​ទាក់ទង​នឹង​ការ​ពុល មាន​ចំនួន​៥៨​នាក់ ស្រី​៣៥​នាក់។ ចំណែក​ពលរដ្ឋ​ដែល​សម្រាក​នៅ​ពេទ្យ​ចំនួន​២៣៤​នាក់ កាលពី​ថ្ងៃទី៧ ខែ​ឧសភា បាន​ធូរស្រាល ហើយ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ចំនួន​១២៣​នាក់ ស្រី​៤៩​នាក់ និង​កុមារ ៥៨​នាក់។ អ្នក​ស្លាប់​សរុប ១៣​នាក់។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មិន​ឯកភាព​ចំពោះ​ការ​សន្និដ្ឋាន​របស់​មន្ទីរ​សុខាភិបាល​នេះ​ទេ ព្រោះ​រយៈពេល​នៃ​ការ​ស្រាវជ្រាវ​ខ្លី​ពេក អាច​ភ្ជាប់​ករណី​ពុល​ស្រា​ស ដែល​ពលរដ្ឋ​ខេត្ត​ក្រចេះ​ធ្លាប់​រងគ្រោះ​កន្លងទៅ។ លោក​ចង់ ឃើញ​ក្រសួង​ជំនាញ និង​អាជ្ញាធរ​ខេត្ត ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់​លាស់ ពី​ប្រភព​ដើម បង្ក​កើតមាន​បាតុភាព​នេះ។ «»

លោក សន ជ័យ បន្ថែម​ថា ការ​ដាក់​បន្ទុក​លើ​ស្រា​ស បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់ និង​ធ្លាក់ខ្លួន​ឈឺ មិនមែន​ជា​មូលហេតុ​ផ្អែកលើ​ទិដ្ឋភាព​ជាក់ស្ដែង​នោះ​ទេ ខណៈ​កុមារ​ជាង ៦០​នាក់ មិន​ចេះ​ពិសា​ស្រា​ជួប​គ្រោះថ្នាក់​នេះ​ដែរ។

ពលរដ្ឋ​រស់នៅ​ឃុំ​កន្ទួត ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ ឧសភា ថា អ្នកភូមិ​រស់នៅ​ខ្សែទឹក​ខាងលើ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បណ្ដើរៗ សង្ស័យ​ប្រើប្រាស់​ទឹកអូរ​នេះ។ លោក​អង្កេត​ឃើញ​ថា មុន​ពេល​ដែល​ពលរដ្ឋ​មិនទាន់​ជួប​បាតុភាព​នេះ អ្នក​ភូមិ​ប្រទះឃើញ​ត្រី​ងាប់​ក្នុង​ទឹក​ព្រែក​នេះ ដោយ​មិន​ដឹង​មូលហេតុ។

លោក​ថា នៅ​ខេត្ត​មណ្ឌលគិរី​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ទឹក​ព្រែក​ទេរ​នេះ និង​អាច​មាន​អាជីវកម្ម​រ៉ែ​មាស នៅ​ខ្សែទឹក​ខាងលើ​បង្ហូរ​កាកសំណល់​គីមី​ចូល​ទឹក​ព្រែក​នេះ។ «»

បុរស​ដដែលៗ​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ កំពុង​ច្របូកច្របល់ ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ ត្បិត​ពលរដ្ឋ​ភាគច្រើន​មិនទាន់​វិល​មក​រស់នៅ​ក្នុង​ភូមិកំណើត​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល