អ្នក​សេដ្ឋកិច្ច​រិះគន់​រដ្ឋាភិបាល​ថា​មិន​ទាន់​គ្រប់គ្រង​ទំនិញ​ខូច​គុណភាព​បាន​នៅ​ឡើយ

ដោយ ថា កិត្យា
2015.05.12
ទំនិញ ៦២០ ២២-មីនា-២០១១៖ អ្នក​លក់​ទំនិញ​នៅ​ផ្សារ​ច្បារ​អំពៅ នា​រាជធានី​ភ្នំពេញ
RFA/ Leng Maly

អ្នក​វិភាគ​ខាង​សេដ្ឋកិច្ច រិះគន់​រដ្ឋាភិបាល​ថា​ខ្វះ​ចន្លោះ​ក្នុង​ការ​ទប់ស្កាត់ និង​ត្រួត​ពិនិត្យ​ផលិតផល​ខូច​គុណភាព​នាំ​ចូល​ពី​បរទេស ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ។ ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទទួល​ស្គាល់​ការ​អនុវត្ត​នៅ​មាន​ចន្លោះ​ប្រហោង ហើយ​អះអាង​ថា នឹង​បង្កើន​សកម្មភាព​ត្រួត​ពិនិត្យ​បន្ថែម​ទៀត។

អ្នក​វិភាគ​សេដ្ឋកិច្ច លោក ច័ន្ទ សុផល ឲ្យ​ដឹង​ថា កម្ពុជា ពុំ​ទាន់​គ្រប់គ្រង​បាន​នៅ​ឡើយ​ចំពោះ​ការ​នាំ​ចូល​ទំនិញ​មិន​មាន​សុវត្ថិភាព នៅ​តាម​ច្រក​ព្រំដែន​ជាប់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ជិត​ខាង​គ្នា។ បញ្ហា​នេះ លោក​ស្នើ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់៖ «យើង​ត្រូវ​ពង្រឹង​ស្ថាប័ន​របស់​យើង អាច​មាន​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម ឬ​ក៏​ខាង​គយ ត្រូវ​សហការ​គ្នា​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ទំនិញ​នៅ​តាម​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់»

ទំនិញ​ខូច​គុណភាព​ទាំង​នោះ​មាន​ដូចជា សាច់​ជ្រូក សាច់​មាន់ ស្លាប​មាន់ ជង្គង់​មាន់ ប្រហិត និង​បន្លែ​ផ្លែ​ឈើ ជាដើម ដែល​មាន​ផ្ទុក​សារធាតុ​គីមី។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា (CFSWF) លោក ស ម៉ូរ៉ា អះអាង​ថា សព្វថ្ងៃ​នេះ​ក្រុម​ឈ្មួញ​នៅ​តែ​លប​លួច​នាំ​ចូល​ទំនិញ​ខូច​គុណភាព មក​ចែក​ចាយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា យ៉ាង​អនាធិបតេយ្យ ដោយ​ពុំ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល​របស់​រដ្ឋាភិបាល​ឡើយ៖ «ការ​នាំ​ចូល​ក៏ដោយ ឬ​ការ​ផលិត​មួយ​ចំនួន​ក៏ដោយ គឺ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​អំពី​គុណភាព​នៃ​ទំនិញ ឬ​ផលិតផល​ទាំងអស់​ហ្នឹង​ទេ។ កន្លង​មក​យើង​ឃើញ​ហើយ​មាន​ការ​ផលិត​កាហ្វេ​គីមី ឬ​ផលិតផល​មួយ​ចំនួន​ដែល​វា​ហួស​ដឺឡេ (ផុត​ថ្ងៃ​ប្រើប្រាស់) ទាំង​ផលិតផល​ក្លែងក្លាយ ទាំង​នេះ​វា​ខ្វះ​ការ​គ្រប់គ្រង និង​ខ្វះ​ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​មន្ត្រី​របស់​រដ្ឋាភិបាល»

ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទទួល​ស្គាល់​ចំពោះ​ការ​ត្រួត​ពិនិត្យ​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ លោក​អះអាង​ថា មន្ត្រី​កាំកុងត្រូល​នឹង​បង្កើន​សមត្ថភាព​ត្រួត​ពិនិត្យ​ជា​បន្ត​ទៅ​ទៀត៖ «យើង​ឃើញ​សកម្មភាព​របស់​កាំកុងត្រូល​ត្រួត​ពិនិត្យ​ទំនិញ​ហ្នឹង គឺ​បាន​ចុះ​សស្រាក់សស្រាំ​តាម​ទីផ្សារ និង​តាម​ទីកន្លែង​ដែរ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា វា​មាន​ការ​ខ្វះ​ប្រហោង​ខ្លះ ក៏​យើង​ទទួល​ស្គាល់​ដែរ ហើយ​សកម្មភាព​ការ​ត្រួត​ពិនិត្យ​នឹង​បង្កើន​កាន់​តែ​ខ្លាំង​ថែម​ទៀត នេះ​ជា​ចម្លើយ​ដើម្បី​ថែ​រក្សា​សុវត្ថិភាព​ម្ហូប​អាហារ»

លោក ច័ន្ទ សុផល លើក​ឡើង​ថា ការ​ខ្វះ​ចន្លោះ​លើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ទំនិញ​នាំ​ចូល​ពី​បរទេស​ទាំង​នេះ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ពលរដ្ឋ​កម្ពុជា ហើយ​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស​នោះ កម្ពុជា ក៏​ខាតបង់​ច្រើន​ដែរ។ អ្នក​វិភាគ​សេដ្ឋកិច្ច​រូប​នេះ​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវ​តែ​បង្កើន​ការ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​ការ​ផលិត​ស្បៀង​អាហារ​នៅ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេងៗ​ដែល​ខូច​គុណភាព ឬ​ហួស​កាល​កំណត់​ប្រើប្រាស់​ពី​បរទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។